ជាតិ
ឃាត់ខ្លួន​អ្នកបើករថយន្ត​ដឹក​ទេសចរ​ចិន​ក្រឡាប់​នៅ​ភ្នំ​គូលែន​ក្រោយ​គេចខ្លួន​រយៈពេល​៤​ខែ​
01, Dec 2019 , 2:49 pm        
រូបភាព
​សៀមរាប​៖ ជនសង្ស័យ​ដែលជា​អ្នកបើករថយន្ដ​ដឹក​ទេសចរ​ចិន​ក្រឡាប់​នៅ​ភ្នំ​គូលែន​កាលពី​អំឡុង​ខែកក្កដា ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន នា​ថ្ងៃទី​២៩ វិច្ឆិកា​។ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន បន្ទាប់ពីរ​ត់ទៅ​រស់នៅ​ស្រុកកំណើត​នា​ខេត្តកំពត​អស់​រយៈពេល​៤​ខែ​កន្លងមក​។​

 
​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប លោក ហួត សុធី ដែល​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ឃាត់ខ្លួន​អ្នកបើករថយន្ត​នោះបាន​ឱ្យដឹងថា  កម្លាំង​នគរបាល​ខេត្តសៀមរាប​សហការ​ជាមួយ​នគរបាល​ខេត្តកំពត ចុះ​ឃាត់​បុរស​ជា​ជនសង្ស័យ​ឈ្មោះ វ៉ាន វុទ្ធី នៅ​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត ក្រោយ​ជនសង្ស័យ​រត់គេចខ្លួន​បន្ទាប់ពី​ថ្ងៃកើតហេតុ​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប​ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។ ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វេស​ប្រហែល​ក្នុងការ​បើកបរ​។​
 
​គួររម្លឹកថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅ​ថ្ងៃទី​២១ កក្កដា ត្រង់ចំណុច​ខ្នងភ្នំ​គូលែន ក្នុងភូមិ​សាស្ដ្រ​ភូមិ​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ នៅលើ​ផ្លូវ​ចុះ​ភ្នំ​គូលែន​ថ្មី​ដែល​កំពុង​ស្ថាបនា​។ ហេតុការណ៍​នេះ​បណ្ដាលឱ្យ​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង​ដឹក​ទេសចរ​ចិន​១៤​នាក់​ក្រឡាប់ ដែល​ធ្វើឱ្យ​មនុស្ស​៣​នាក់​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​ជាច្រើន​នាក់​៕

Tag:
 ទេសចរ​ចិន​
  ភ្នំ​គូលែន​
  គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com