ជាតិ
មូលនិធិគីណាល់ រៀបចំការប្រកួតស្នាដៃស្រាវជ្រាវផ្នែកកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពកសិករ
× ភ្នំពេញ៖ មូលនិធិគីណាល់ សហការជាមួយក្រសួងកសិកម្ម នឹងរៀបចំការប្រកួតប្រជែងសា្នដៃអត្ថបទស្រាវជ្រាវដណ្ដើមរង្វាន់ត្នោតមាសលើកទី៣ នៅឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយមូលនិធីគីណាល់។
កម្មវិធីប្រកួតប្រជែងនេះ រៀបចំឡើងក្នុងគោលបំណងលើកស្ទួយដល់វិស័យកសិកម្ម និងការស្រាវជ្រាវនៃសិស្សនិស្សិតលើការកែច្នៃ រួមទាំងលើកកម្ពស់វិស័យកសិកម្មនៅប្រទេសកម្ពុជា។ ជាងនេះទៅទៀត ក៏ជួយដល់គ្រួសារកសិករឲ្យមានចំណូលប្រសើរឡើង និងគោរពតាមគោលការណ៍បរិស្ថានធម្មជាតិផងដែរ។
សម្រាប់និស្សិតដែលមានបំណងចង់ចូលរួមប្រកួតប្រជែងស្នាដៃអាចចាប់ពី ១នាក់រហូតដល់៦នាក់យ៉ាងច្រើន ហើយជានិស្សិតសិក្សាផ្នែកវិស័យកសិកម្ម-ក្សេត្រសាស្ត្រ និងកែច្នៃចំណីអាហារ។ ក្នុងការប្រកួតនិស្សិតទាំងអស់ត្រូវស្រាវជ្រាវ និងលើកយកតែប្រធានបទណាដែលផ្ដល់ផលប្រយោជន៍ដល់កសិករ និងជាស្នាដៃដែលមានគំនិតច្នៃប្រឌិតមិនមានការចម្លងពីប្រភពណាមួយ។ ក្នុងស្នាដៃដែលយកមកប្រកួតត្រូវតែថ្មី មិនធ្លាប់មានយកទៅប្រឡងកន្លងមក ហើយអត្ថបទត្រូវជាភាសាអង់គ្លេស និងធ្វើបទបង្ហាញជាភាសាអង់គ្លេសផងដែរ។ នេះជាការបញ្ជាក់របស់មូលនិធីគីណាល់។
បញ្ជាក់ផងដែរថា នៅវគ្គផ្ដាច់ព្រ័ត្របេក្ខជននៃក្រុមនីមួយៗនឹងត្រូវឡើងធ្វើបទបង្ហាញផ្ទាល់មាត់លើអត្ថបទរបស់ខ្លួនហើយមានគណៈកម្មការជាអ្នកធ្វើការវាយតម្លៃ និងដាក់ពិន្ទុជូន។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលជាថ្ងៃផ្ដាច់ព្រ័ត្រនោះនឹងការអញ្ជើញចូលរួមរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម និងប្រធាននៃមូលនិធិគីណាល់ផងដែរ។
ការប្រកួតនឹងទទួលចុះឈ្មោះចាប់ពីពេលជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ បេក្ខជនទាំងអស់មានពេលសម្រាប់ស្រាវជ្រាវរយៈពេល ១២០ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២០។ ការប្រកួតជុំទីមួយនេះផុតកំណត់នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០ ។ សម្រាប់ជុំទី២នៅថ្ងៃទី០២-០៨ ខែឧសភា គណៈកម្មការនិងជ្រើសយកតែ ៦ក្រុមប៉ុណ្ណោះដើម្បីទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។ និស្សិត ៦ក្រុមដែលបានប្រកាសថាឆ្លងផុតទៅវគ្គផ្ដាច់ព្រ័ត្រមានរយៈពេល ៤៥ថ្ងៃ ដើម្បីស្រាវជ្រាវបន្ថែមលើអត្ថបទរបស់ខ្លួននិងត្រូវផ្ញើរទៅគណៈកម្មការត្រឹមថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០។
សម្រាប់អត្ថបទដែលបេក្ខជនជ្រាវស្រាវរួចផ្ញើរទៅកាន់អ៊ីម៉ែល
[email protected] ៕
Tag:
កសិកម្ម
មូលនិធីគីណាល់
បរិស្ថាន
Confirel
© រក្សាសិទ្ធិដោយ thmeythmey.com