អន្តរជាតិ
តើន​រណា​ជា​អ្នកបង្កើត​ផែនទី​ពិភពលោក​ដំបូង​គេ​ឡើងមក​?
01, Dec 2019 , 7:29 pm        
រូបភាព
​ផែនទី​អាចជា​ឧបករណ៍​មួយ​យ៉ាងសំខាន់​ខ្លាំងណាស់​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​តាំងពី​ពេលវេលា​នៃ​សម័យ​បុរេប្រវត្តិ​មក​។ ផែនទី​ជា​ទិន្នន័យ​មួយ​ដែល​ជួយ​មនុស្ស​ក្នុង​ការធ្វើ​កំណត់ចំណាំ​ជាមួយនឹង​កន្លែង​នានា​សម្រាប់​ពួកគេ ជាពិសេស​ក្នុង​ហេតុផល​នៃ​ការធ្វើដំណើរ​។ ដោយសារតែ​រឿងនេះ មនុស្ស​នៅក្នុង​សម័យ​អតីតកាល​ជាច្រើន​បាន​ប្រើប្រាស់​ចំណេះដឹង សិល្បៈ និង​ភាព​ឆ្នៃប្រឌិត​របស់ខ្លួន​នានា​ក្នុង​ការផលិត​ផែនទី​មួយ​ដែលមាន​ភាពច្បាស់លាស់ ហើយ​ងាយស្រួល​ប្រើប្រាស់​។ ផែនទី​ត្រូវបាន​គេ​ចែកចេញ​ជាច្រើន​ប្រភេទ ដែល​ក្នុងនោះ​មានដូចជា​ផែនទី​ភូមិសាស្ត្រ​នយោបាយ សណ្ឋាន​ដី ប្រជាសាស្ត្រ សណ្ឋាន​សមុទ្រ ដែនអាកាស ឬ​ដែនសមុទ្រ​ជាដើម​។ ចុះ​តើ​ភាព​ច្នៃប្រឌិត​របស់​មនុស្ស​មួយ​នេះ​មាន​ដើមកំណើត​តាំងពី​ពេលណា​មក​? វា​ទទួលរង​ភាព​ផ្លាស់ប្តូរ​ដូចម្តេចខ្លះ​?

 
​ផែនទី​ចំណាស់ៗ​មួយចំនួន​ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ​អាចមាន​អាយុកាល​តាំងពី ១៦៥០០​ឆ្នាំមុន​គ្រឹ​ស្ត​សករាជ​។ ក្នុងនោះ​បុព្វបុរស​បាន​គូរផែនទី​ឡើង​នៅលើ​ថ្ម ដែល​បានបង្ហាញ​ពី​ទិដ្ឋភាព​នានា​នៅលើ​មេឃ (​ដូចជា​ផ្កាយ​) និង​សណ្ឋាន​ដី​មួយចំនួន​ដូចជា​ភ្នំ​ជាដើម​។ អ្នក​កំណាយ​វិទូ​សន្មត​ថា ទាំងនេះ​គឺជា​ការបង្ហាញ​ពី​រឿងរ៉ាវ​នៃ​ធ្វើដំណើ​របស់គេ​នៅក្នុង​តំបន់​ទាំងនោះ និង​ដើម្បី​កំណត់ចំណាំ​។ នៅក្នុង​អំឡុង​ឆ្នាំ​៦០០​មុន​គ្រឹ​ស្ត​សករាជ គេ​ក៏បាន​រកឃើញ​ផែនទី​ខ្លះៗ​ដែរ ដែល​បង្កើតឡើង​ពី​ដីឥដ្ឋ ដោយ​មនុស្ស​នៃ​អរិយធម៌​បា​ប៊ី​ឡូ​ន (Babylonia) ដែលជា​អរិយធម៌​មួយ​ដែល​ធ្លាប់​រុងរឿង​ខ្លាំង​។ 
 
​គេ​បាន​បញ្ជាក់ថា​ផែនដី​របស់​បា​ប៊ី​ឡូ​ន​ត្រូវបាន​បង្កើតឡើង​ជាមួយ​នឹង​ភាព​ផ្ចិតផ្ចង់ ដោយសារតែ​វា​មានការ​ឲ្យ​ឈ្មោះរ​បស់ទីតាំង​និ​មួយៗ​បានច្បាស់លាស់​។ លោក Anaximander ដែលជា​អ្នក​ប្រា​ជ្ង​ជនជាតិ​ក្រិ​ក​មួយរូប ដែល​បាន​បង្កើត​ផែនទី​ពិភពលោក (​មិនទាន់​ជា​ពិភពលោក​ទាំងមូល​ដូច​សព្វថ្ងៃ​នោះទេ​) នៅលើ​សន្លឹក​ក្រដាស​មុនគេ​។ មាន​អ្នក​ប្រា​ជ្ង​ក្រិ​ក​ជាច្រើន​អ្នក​ទៀត​ដែល​បាន​បន្ត​កែច្នៃ​ផែនទី​ឲ្យ​កាន់តែ​ល្អ​ទៅៗ ជាមួយនឹង​ធរណីមាត្រ និង​រូបមន្ត​គណិត​នានា​។ អ្នក​ទាំង​នោះបាន​គូស​ប្រទេស​ក្រិ​កនៅ​ចំណុចកណ្តាល​នៃ​ផែនទី និង​ព័ទ្ធជុំវិញ​ដោយ​សមុទ្រ​។ 
 
​គេ​ក៏បាន​ចែក​ពិភពលោក​ជា​ពីរ​ទ្វីប​ផងដែរ គឺ​ទ្វីបអឺរ៉ុប និង​អាស៊ី​។ ដោយសារតែ​គេ​ដឹងថា​ផែនដី​មាន​រាង​មូល គេ​ក៏បាន​បង្កើត​ខ្សែបណ្តោយ និង​ខ្សែទទឹង​ក្នុងការ​កំណត់​តំបន់​នៅលើ​ផែនទី​ឲ្យ​បាន​កាន់​ច្បាស់លាស់​ផងដែរ​។ ចំណែកឯ​ប្រទេស​ចិន​វិញ នៅក្នុង​សតវត្សរ៍​ទី​៤​មុន​គ្រឹ​ស្ត​សករាជ គេ​ក៏​ឃើញ​មាន​ផែនដី​ក្នុង​តំបន់​មួយចំនួន​ផងដែរ​។ ក្នុងនោះ​មានដូចជា​ផែនទី​ដែល​បង្កើតឡើង​នៅលើ​បន្ទះក្តារ​ឈើ ឬ​ពី​ក្រណាត់​សូត្រ ដែល​បង្ហាញ​ពី​ដែនដី​នៃ​រដ្ឋ Qin អំពី​ព្រំដែន​នយោបាយ ទន្លេ សណ្ឋាន​ដី និង​ផ្លូវ​គមនាគមន៍​នានា​។ 
 
​ចំណែកឯ​នៅ​ទ្វីបអឺរ៉ុប​វិញ ការបង្កើត​ផែនទី​ឲ្យ​កាន់តែ​ល្អ​ថែមទៀត ក៏បាន​នឹង​កំពុង​តែមាន​ភាព​រីកចម្រើន​ដែរ​។ ជាមួយនឹង​មហាអំណាច​ថ្មីៗ​ដែល​ងើបឡើង​នៅក្នុង​ឆាក​នៃ​វិស័យ​នាវាចរណ៍ មានដូចជា​ព័រ​ទុយ​កាល់ និង​អេស្បាញ បារាំង និង​ចក្រភព​អង់គ្លេស ដំណើរ​រុករក​តាម​មហាសមុទ្រ​បា​នព​ង្រឹ​ក​វិសាលភាព​របស់​ពួកគេ​អំពី​ចំណេះដឹង​នៃ​សណ្ឋាន​ដី និង​សណ្ឋាន​សមុទ្រ​ជាច្រើន​។ នៅ​អំឡុង​ឆ្នាំ​១៥០០ ផែនទី​នៃ​ទ្វីបអាមេរិក​ត្រូវបាន​អេស្បាញ​បង្កើតឡើង ជាមួយនឹង​ផែនទី​នៃ​ឆ្នេរសមុទ្រ​តាម​បណ្តោយ​មហាសមុទ្រ​អា​ត្ល​ង់​ទិច និង​ប៉ាស៊ីហ្វិក​ជាច្រើន​ផ្នែក​ទៀត​។ 
 
​ក្នុងពេល​ដំណាលគ្នា​នេះដែរ លោក Gerardus Mercator បាន​បង្កើត​ផែនទី​រាង​ចតុកោណកែង​ដែល​យើង​ប្រើប្រាស់​រហូតមកដល់​ស​ព្វ​ថ្ងៃ ដែលមាន​បិត​នៅលើ​ជញ្ជាំង និង​នៅក្នុង​ប្រព័ន្ធ Google Maps ។ គេ​ហៅ​ប្រភេទ​ផែនទី​នេះ​ថា Mercator Projection ។ ជាមួយនឹង​បច្ចេកវិទ្យា​នៃ​បា​ឡុង​ខ្យល់​ក្តៅ យន្តហោះ និង​ផ្កាយរណប​រួចមក ផែនទី​មាន​លក្ខណៈ​កាន់តែច្បាស់​លាស់​ទៅៗ ក្នុង​រយៈពេល​ពីមួយ​ឆ្នាំ ទី​ពីរ​រយ​ឆ្នាំ​មុននេះ​។ គេ​ពិបាក​និយាយថា នរណា​គេ​ម្នាក់​ជា​អ្នកបង្កើត​ផែនទី​ឲ្យ​បានច្បាស់លាស់​ខ្លាំងណាស់​។ សិល្បៈ​នៃ​ចំណេះដឹង​មួយ​នេះ​គឺជា​ការ​បន្សល់ទុក​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ជាមួយ​ការផ្លាស់ប្តូរ​នៃ​ពេលវេលា​ជាច្រើន​។ ប៉ុន្តែ​យើង​អាន​និយាយបានថា ផែនទី​ជា​សមិទ្ធិផល​មួយបែប​ដែលមាន​ការចូលរួម​បង្កើត​ពី​មនុស្ស​សំខាន់ៗ​នានា​ជាច្រើន​នាក់ មកពី​គ្រប់ផ្នែក​នៃ​ពិភពលោក​៕

© រក្សាសិទ្ធិដោយ thmeythmey.com