កីឡាជាតិ
ជាតិ
ខៀវ ចិន្តារ័ត្ន ដាក់គោលដៅដណ្តើមយកមេដាយមាសក្នុងការប្រកួតស៊ីហ្គេមឆ្នាំនេះ
× ក្រោយវិលត្រឡប់មកចូលរួមក្នុងវិស័យកីឡាគុនល្បុក្កតោសាជាថ្មី កីឡាការិនី ខៀវ ចិន្តារ័ត្ន ហាក់មានទំនុកចិត្តខ្ពស់ក្នុងការដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ការឈ្នះមេដាយមាស គឺជាគោលដៅ និងជាក្តីរំពឹង សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ ចិន្តារ័ត្ន ដែលមានការប្តេជ្ញាខ្ពស់សម្រាប់ស៊ីហ្គេមឆ្នាំនេះ។ កីឡាការិនីរូបនេះ នឹងប្រកួតលើវិញ្ញាសាដំបងខ្លី Arnis ដែលជាកីឡាប្រពៃណីរបស់ម្ចាស់ផ្ទះហ្វីលីពីន។
កីឡាការិនីគុនល្បុក្កតោ ខៀវ ចិន្តារ័ត្ន ដែលកំពុងហ្វឹកហាត់នៅប្រទេសហ្វីលីពីនបានអះអាងថា នាងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការរួមចំណែកជួយកសាងកិត្តិយសជូនជាតិមាតុភូមិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីនឆ្នាំនេះ។ ក្រៅពីប្តេជ្ញាប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ចិន្តារ័ត្ន ក៏ដាក់ក្តីរំពឹងខ្ពស់ក្នុងការប្រជែងដណ្តើមយកមេដាយមាសផងដែរ។
«ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការស្វែងរកជ័យជម្នះជូនជាតិ។ សម្រាប់ខ្ញុំដាក់ក្តីរំពឹងច្រើនទៅលើមេដាយមាស ហើយដើម្បីសម្រេចនូវគោលបំណងនេះ ខ្ញុំនឹងខិតខំហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរ»។ នេះជាការលើកឡើងរបស់កីឡាការិនី ខៀវ ចិន្តារ័ត្ន ដែលចាត់ទុកមេដាយណាមួយពីស៊ីហ្គេមជាកិត្តិយសដ៏ធំធេងសម្រាប់ខ្លួន។
នៅក្នុងការប្រកួត Pre-SEA Games លើវិញ្ញាសាដំបងខ្លី Arnis នៅប្រទេសកូរ៉េខាងត្បូងកាលពីពេលថ្មីៗ កីឡាការិនីសម្បុរសរាងស្តើងរូបនេះ ដណ្តើមបានមេដាយមាសលើប្រភេទទម្ងន់ក្រោម៥០គីឡូក្រាម។ ជ័យជម្នះនេះ បានក្លាយជាចលករជួយបង្កើនទំនុកចិត្ត ចិន្តារ័ត្ន មានការជឿជាក់កាន់តែខ្លាំងក្នុងការប្រកួត។ តែយ៉ាងណា សម្រាប់ការប្រកួតនេះ គឺពុំមានការចូលរួមពីសំណាក់កីឡាករម្ចាស់ផ្ទះឡើយ។
ដើម្បីត្រៀមប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះជូនជាតិ ក្រុមកីឡាករកីឡាការិនីល្បុក្កតោកម្ពុជាបានទៅបោះជំរំហ្វឹកហាត់ពង្រឹងសមត្ថភាពនៅប្រទេសហ្វីលីពីន តាំងពីថ្ងៃទី១១ ខែវិច្ឆិកា មកម្ល៉េះ។ ល្បុក្កតោជាប្រភេទកីឡាដំបូងគេរបស់កម្ពុជា ដែលបានទឹកដីហ្វីលីពីន សម្រាប់ព្រឹត្តិការណ៍នេះ។
សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣០នៅហ្វីលីពីន សហព័ន្ធកីឡាគុនល្បុក្កតោបានបញ្ជូនកីឡាករកីឡាការិនីចំនួន៩រូបឲ្យចូលរួម ដោយមានលោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធជាប្រធានប្រតិភូ។ កីឡាការិនី ខៀវ ចិន្តារ័ត្ន នឹងប្រកួតលើពីរវិញ្ញាសាលើប្រភេទប្រយុទ្ធ៕
Tag:
ល្បុក្កតោ
ខៀវ ចិន្តារ័ត្ន
SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com