ធុញទ្រាន់​កកស្ទះ​ចរាចរណ៍ បុរស​ឥណ្ឌូណេស៊ី​ធ្វើ​ឧទ្ធម្ភាគចក្រ​ទុក​ជិះ​ផ្ទាល់ខ្លួន​
អន្តរជាតិ
ធុញទ្រាន់​កកស្ទះ​ចរាចរណ៍ បុរស​ឥណ្ឌូណេស៊ី​ធ្វើ​ឧទ្ធម្ភាគចក្រ​ទុក​ជិះ​ផ្ទាល់ខ្លួន​
01, Dec 2019 , 8:29 pm        
រូបភាព
​ការកកស្ទះ​ចរាចរណ៍​ដ៏​ស្មុគស្មាញ​នៅ​ឥណ្ឌូណេស៊ី បាន​បង្ក​ឲ្យ​អ្នកធ្វើដំណើរ​ឈឺក្បាល​ជាខ្លាំង​។ ក៏ប៉ុន្តែ បុរស​ម្នាក់នេះ បានសម្រេច​ចិត្ត​យក​ដែនអាកាស​ជា​ផ្លូវ​ដោយ​ការបង្កើត​ឧទ្ធម្ភាគចក្រ​ខ្លួនឯង​ផ្ទាល់​។

 
​លោក Jujun Junaedi ចំណាយ​ពេលវេលា​ទំនេរ​នៅក្នុង​ទីធ្លា​ខាងក្រោយ​ផ្ទះ ធ្វើការ​លើ​គម្រោង​លោក​។ គម្រោង​នេះ គឺ​ត្រូវអនុវត្ត​ដោយ​វីដេអូ​ណែនាំ​តាម​អន​ឡាញ ខណៈ​លោក​មាន​ក្តី​សុបិន​ចង់​ហោះហើរ​នៅ​ពីលើ​ផ្លូវ​ដ៏​ចង្អៀត​នៃ​ស្រុកកំណើត​លោក​គឺ​ទីក្រុង Sukabumi ដែល​ស្ថិត​លើ​កោះ​ជ្វា ប្រទេស​ឥណ្ឌូណេស៊ី​។ 
 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP បុរស​វ័យ​៤២​ឆ្នាំ​រូបនេះ និយាយ​ដូច្នេះ​៖«​វា​គួរ​ឲ្យ​ធុញទ្រាន់​ណាស់​។ អ្នក​អស់​សាំង ហើយ​វា​ជាការ​ខ្ជះខ្ជាយ​ពេលវេលា​ទៀត​»​។ លោក​ចង់​សំដៅ​ដល់​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​កំណើត ដែលមាន​ចម្ងាយ​១១០​គីឡូម៉ែត្រ ខាងត្បូង​នៃ​រដ្ឋធានី ហ្ស​ការ​តា ។ 


 
​ដោយ​ទិញ​គ្រឿងបន្លាស់​និង​ប្រើ​សំណល់​អេតចាយ​ពី​ហាង​ជួសជុល​រថយន្ត លោក Junaedi លើកឡើងថា លោក​បាន​ចំណាយ​ប្រាក់​ប្រហែល ២១០០ ដុល្លារ​សម្រាប់​ការផលិត​នេះ ចាប់តាំងពី​លោក​បានចាប់ផ្តើម​បង្កើត​វា​កាលពី ១៨ ខែ​មុន​។ លោក​ក៏មាន​ជំនួយការ​២​នាក់​ផងដែរ ហើយ​នោះ​គឺ​កូនប្រុស​ពៅ​លោក និង​អ្នកជិតខាង​ម្នាក់​។ លោក សង្កត់ធ្ងន់ថា​៖«​ដរាបណា​ឧទ្ធម្ភាគចក្រ​របស់ខ្ញុំ​ចាប់ផ្តើម​ដំណើរការ ពេលនោះ​ខ្ញុំ​នឹង​សប្បាយចិត្ត​»​។ 
 
​ក៏មាន​ផងដែរ​បញ្ហា​ប្រឈម​ចំពោះ​គម្រោង​បង្កើត​ឧទ្ធម្ភាគចក្រ នោះ​គឺពាក់ព័ន្ធ​នឹង​តម្លៃ​ចំណាយ​។ ភរិយា​លោក គឺ​លោកស្រី Yeti បកស្រាយ​ថា ជា​ឧទាហរណ៍ នៅពេល​ប្តី​លោកស្រី ត្រូវការ​លុយ​សម្រាប់​ទិញ​ម៉ាស៊ីន ឬ​ស្លាប​ចាក់ វា​ត្រូវការ​ចំណាយលុយ​ច្រើន​។ ហើយ​ប្រសិនបើ លុយ​ទាំងអស់​ត្រូវ​ចំណាយ​តែ​លើ​ឧទ្ធម្ភាគចក្រ​នេះ គ្រួសារ​លោកស្រី​គ្មាន​សល់​លុយ​ទិញ​ម្ហូប​បរិភោគ​ឡើយ​។ 
​មែនទែនទៅ លោក Junaedi មិនមែនជា​មនុស្ស​ដំបូង​ទេ​ដែល​ព្យាយាម​ផលិត​និង​ផលិត​យន្ដហោះ​ដោយ​ខ្លួនឯង​ផ្ទាល់​។ ២​ឆ្នាំមុន បុរស​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់ បាន​ប្រើ​សន្លឹក​ដែក​សិង្ហ​សី​និង​អេតចាយ​ផ្សេងទៀត​ដើម្បី​សាងសង់​ឧទ្ធម្ភាគចក្រ​ដែល​ចម្លង​គំរូ​របស់​ប៉ូលីស​។ ចំណែក កសិករ​ម្នា​ក់នៅ​ប្រទេស​ចិន​ក៏បាន​ទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​សារព័ត៌មាន​អន្តរជាតិ​ក្នុង​ឆ្នាំ ២០១៦ បន្ទាប់ពី​លោក​បាន​ចំណាយពេល​៣​ឆ្នាំ​ដើម្បី​ប្រឹងប្រែង​បង្កើត​ឧទ្ធម្ភាគចក្រ​ដោយ​ខ្លួនឯង តែ​ចុងក្រោយ​គម្រោង​នេះ​បរាជ័យ​៕



Tag:
 ឥណ្ឌូណេស៊ី​
  ឧទ្ធម្ភាគចក្រ​
  កកស្ទះ​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com