ជាតិ
អ្នកស្រី ហ៊ឺ ដាវី លក់​មី​ស៊ុប នៅ​វត្ត​ទួល​ទំពូង ទាក់ចិត្ត​អតិថិជន មិនឱ្យ​ឃ្លាត​ចិត្ត​
01, Dec 2019 , 8:59 pm        
រូបភាព
​អ្នកស្រី ហ៊ឺ ដាវី បាន​លក់​ម្ហូបអាហារ ក្នុង​ទីតាំង​សាលារៀន​បឋមសិក្សា នៅ​វត្ត​ទួល​ទំពូង រាជធានី​ភ្នំពេញ អស់​រយៈ​ជាង​៣០​ឆ្នាំ​មកហើយ​។ ពីដំបូង​អ្នកស្រី​លក់​បាយ​សាច់ជ្រូក​និង​លត​ឆា ប៉ុន្តែ​ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយនេះ បាន​ផ្លាស់ប្តូរ​ដោយ​លក់​មី​ស៊ុប​ប្រហិត​វិញ​។ មី​ស៊ុប​របស់​អ្នកស្រី​ដាវី  គឺ​លក់ដាច់​ខ្លាំងណាស់ ជាមួយនឹង តម្លៃ​ពី​៤០០០​ទៅ​៦០០០​រៀល​ក្នុង​មួយ​ចាន​។

 
​អ្នកលក់​វ័យ​៥២​ឆ្នាំ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) ក្នុង​មួយថ្ងៃៗ អ្នកស្រី លក់​មី​ស៊ុប​ប្រហិត​អស់​ជាង​៣០០​ចាន ដោយ​ប្រើ​ប្រហិត​សាច់​គោល​អស់​ចំនួន​១៥​គីឡូក្រាម ប្រហិត​ត្រី​៣០​គីឡូក្រាម និង​ឈាមជ្រូក​អស់​៣០​គីឡូ​ក្រោម​។ ការលក់​មី​ស៊ុប​នៅក្នុង​វត្ត​ទួល​ទំពូង​នេះ អាចឱ្យ​អ្នកស្រី ហ៊ឺ ដាវី ទទួលបាន​ប្រាក់ចំណេញ​ប្រចាំថ្ងៃ​ពី​៣០០,០០០​ទៅ​៤០០,០០០​រៀល​។ 

 
 
«​ភ្ញៀវ​ដែល​ចូលមក​ហូប​មី​ស៊ុប​នៅទីនេះ ភាគច្រើន​គឺជា​អតីត​សិស្សសាលា​ទួល​ទំពូង និង​អ្នកធ្វើការងារ​។ អ្នក​ដែល​ចូលមក​ហូប គាត់​ពួក​តែងតែ​និយាយថា​មី​ស៊ុប​ខ្ញុំ​ឆ្ងាញ់ និង​មាន​តម្លៃថោក​សមរម្យ​»​។ នេះ​ជា​លើកឡើង​របស់​អ្នកស្រី ដាវី​។  អ្នកស្រី​បាន​បន្តថា មី​ស៊ុប​នេះ មាន​លក់​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៣​រសៀល​។ ប៉ុន្តែ​ជាទូទៅ អ្នកស្រី​លក់​អស់​នៅ​ម៉ោង​១​កន្លះ ឬ​ម៉ោង​២​រសៀល ។ 
 
​អ្នកស្រី ដាវី​បាន​និយាយ​ដូច្នេះ​៖«​ដល់​ម៉ោង​បើក​លក់ គឺមាន​ភ្ញៀវ​ចូលមក​ហូប​ច្រើន​តែម្តង រកតែ​ដក​ដៃ​មិន​រួច​។ ខ្ញុំ​លក់​មី​ស៊ុប​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ មិនដែល​បាន​ហូបបាយ​ថ្ងៃត្រង់​ទេ ព្រោះ​ពេល​ហ្នឹង​ភ្ញៀវ​ចូល​ច្រើន​ខ្លាំងណាស់​»​។ 
 
​ក្រៅពី​កូនស្រី​ដែល​ឆ្លៀត​ពី​ការសិក្សា និង​ស្វាមី​ដែល​ទំនេរ​ពី​ការងារ​របស់ខ្លួន​មកជួយ​លក់​មី​ស៊ុប​នេះ ក៏មាន​អ្នកលក់ដូរ​ក្បែរៗ​គ្នា​ជួយ​លក់​អ្នកស្រី​ផងដែរ​។​
 
​លោក នាង ហ៊ូ​សេន  គឺជា​អតិថិជន​មី​ស៊ុប​របស់​អ្នកស្រី ហ៊ឺ ដាវី អស់​រយៈ​ជិត​៥​ឆ្នាំ​មកហើយ​។ បើតាម​លោក ហ៊ូ​សេន មី​ស៊ុប​របស់​អ្នកស្រី ដាវី មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​ពិសា​នោះទេ គឺ​ថែមទាំង​មានតម្លៃ​សមរម្យ​ទៀត​។ យុវជន​រូបនេះ​បានលើកឡើង​ដូច្នេះ​៖«​ខ្ញុំ​ចូល​ហូប​មី​ស៊ុប​នៅទីនេះ​តាំងពី​ឆ្នាំ​២០១៥​មក តាមរយៈ​មិត្តភក្តិ​ណែនាំ និង​ហៅ​មក​ហូប​ជាមួយគ្នា​។ ក្រោយ​ខ្ញុំ​បាន​ហូប​មី​ស៊ុប​នេះ​លើកដំបូង​ហើយ ខ្ញុំ​ក៏​ចេះតែ​បន្ត​មក​ហូប​មី​ស៊ុប​នៅទីនេះ​ទៀត​មិន​ដែរ​ខាន​ឡើយ​។ ក្នុង​មួយ​សប្តាហ៍ យ៉ាងហោចណាស់​ខ្ញុំ​មក​ហូប​មី​នៅទីនេះ​បាន​២​ដង​»​។ 
 
​លោក ហ៊ូ​សេន បាន​បន្ថែមថា ការហូប​មី​ស៊ុប​ក្តៅៗ​នៅក្នុង​វត្ត​ទួល​ទំពូង​នេះ បានធ្វើឱ្យ​លោក មាន​អារម្មណ៍ល្អ​មួយ​នៅក្នុង​ខ្លួន និង​នឹក​រម្លឹក​ដល់​អតីតកាល​ពី​កុមារភាព​របស់ខ្លួន ពិសេស​គឺ​នៅពេល​លោក​ដែល​កំពុង​រៀន​នៅ​ថ្នាក់បឋមសិក្សា​តែម្តង​៕

អ្នកស្រី ហ៊ឺ ដាវី កំពុងដួសទឹកស៊ុប ដាក់ចានមី
 
មីស៊ុប ប្រហិតត្រី លាយជាមួយប្រហិតសាច់គោ​
 
អតិថិជន កំពុងអង្គុយរង់ចាំហូបមីស៊ុបរបស់ អ្នកស្រី ហ៊ឺ ដាវី។
 
លោក នាង ហ៊ូ សេន 

Tag:
 មី​ស៊ុប​
  វត្ត​ទួល​ទំពូង
© រក្សាសិទ្ធិដោយ thmeythmey.com