ជាតិ
លោក អ៊ឹម សុភ័ក្រ ដាំស្លឹកខ្ទឹមលើដី១រ៉ៃ បានផលជាង៣តោន និងចំណេញជិត២ពាន់ដុល្លារ ក្នុងពេល៣៥ថ្ងៃ ចម្ការខ្ទឹមរបស់លោក សុភ័ក្រ(រូបភាពពីទំព័រហ្វេសប៊ុក របស់លោក អ៊ឹម សុភ័ក្រ)
× ភ្នំពេញ៖ លោក អ៊ឹម សុភ័ក្រ ជាកសិករដាំបន្លែច្រើនមុខនៅក្នុងខេត្តបាត់ដំបង។ ប៉ុន្តែកសិករវ័យ៤០ឆ្នាំរូបនេះ អះអាងថាលោក ដាំស្លឹកខ្ទឹម ជាប់ជាប្រចាំ ព្រោះប្រើពេលខ្លី ហើយអាចចំណេញបានក្រាស់ក្រែលដែរ។ កសិកររូបនេះ អះអាងថា ដាំស្លឹកខ្លឹមលើទំហំដី១រ៉ៃ ឬ១,៦០០ម៉ែត្រការ៉េ លោកអាចប្រមូលផលបានប្រមាណ៣តោន។ ក្រោយទូទាត់ចំណាយ លោក សុភ័ក្រ នៅសល់ប្រាក់ចំណេញជិត២ពាន់ដុល្លារ រៀងរាល់ពេលប្រមូលផលម្តងៗ។
លោក អ៊ឹម សុភ័ក្រ ជាកសិករដាំបន្លែ នៅក្នុងភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ មានវ័យ៤០ឆ្នាំ កសិកររូបនេះ កំពុងដាំដុះបន្លែជាច្រើនមុខរួមមាន ត្រប់,សណ្ដែកកួរ ប៉េងប៉ោះ, ស្លឹកខ្ទឹម និងបន្លែស្ពៃជាដើម។ ក្រៅពីដាំបន្លែ និងដំណាំទាំងនេះ លោក សុភ័ក្រ ក៏ជាអ្នកចិញ្ចឹមឃ្មុំផងដែរ។
លោក សុភ័ក្រ បានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរសព្ទថា ក្នុងចំណោមបន្លែដែលគាត់ដាំ មានតែដំណាំស្លឹកខ្ទឹមប៉ុណ្ណោះ ដែលបានដាំវិលជុំមិនឲ្យដាច់ឡើយ។ កសិកររូបនេះ ពន្យល់ថា ស្លឹកខ្ទឹមងាយដាំ និងចំណាយពេលខ្លីទទួលបានផល ក្នុងនោះផ្ទៃដីដាំស្លឹកខ្ទឹម ១រ៉ៃ ឬ១៦០០ម៉ែត្រការ៉េ គឺអាចប្រមូលផលបានជាង ៣តោន។ ជាទូទៅ ស្លឹកខ្ទឹមមួយគីឡូក្រាម លោក សុភ័ក្រ អាចលក់បានក្នុងតម្លៃ ៤,០០០រៀល ទៅ៥,០០០រៀល។
លោក អ៊ឹម សុភ័ក្រ រៀបរាប់ដូច្នេះ៖«ស្លឹកខ្ទឹមគុយទាវនេះ ពី៣៥ថ្ងៃ ទៅ៤៥ថ្ងៃ អាចប្រមូលផលបានហើយ។ ទំហំដី១រ៉ៃ(១៦០០ម៉ែត្រការ៉េ) ខ្ញុំអាចចំណេញជាង១ពាន់ដុល្លារ ហើយខែខ្លះជាង ៣ពាន់ដុល្លារ។ អ៊ីចឹងហើយទើបបន្តដាំជាប្រចាំ ឆ្លាស់ទីតាំចុះឡើង លើដីទំហំ៣ហិកតា។ មួយទៅពីរអាទីត្យ ខ្ញុំដាក់ដាំស្លឹកខ្ទឹមជាបន្តបន្ទាប់ ក្នុងទំហំដីមួយរ៉ៃៗ។ តែយើងចំណាយពូជប្រមាណ២៥០គីឡូក្រាម ដែលតម្លៃមធ្យម ១គីឡូ ១ ម៉ឺនរៀល ហើយដាក់ជី បាញ់ថ្នាំ ការថែទាំ ទឹក កម្មករផ្សេងៗចំណាយប្រមាណ១ពាន់ដុល្លារ»។
ចម្ការខ្ទឹមរបស់លោក សុភ័ក្រ។ (រូបភាពពីទំព័រហ្វេសប៊ុក របស់លោក អ៊ឹម សុភ័ក្រ)
យ៉ាងណាក៏ដោយ ស្លឹកខ្ទឹមក៏មិនផ្តល់ល្អរហូតដែរ។ បើតាមកសិករសុភ័ក្រ ដែលដាំដុះស្លឹកខ្ទឹមប្រមាណ៤ឆ្នាំមកនេះ អាកាសធាតុនៅអំឡុងខែវិច្ឆិកា និងខែធ្នូនេះ ដែលមានទឹកសន្សើម បាន ធ្វើឲ្យស្លឹកខ្ទឹមមានពណ៌ក្រហម ឬខ្លោចស្លឹក។ ជាក់ស្ដែង កាលពីដើមខែវិច្ឆិកានេះ លោក សុភ័ក្រ ខាតជាង៤ពាន់ដុល្លារ ដោយសារស្លឹកខ្ទឹមខូច។ «តម្លៃស្លឹកខ្ទឹមធ្លាក់ថ្លែ គឺដោយមានការនាំចូលពីថៃ និងវៀតណាម។ ទោះបីតម្លៃទាប ក៏លោកមិនខាតដែរ គឺអាចរួចតម្លៃដើម។ ប៉ុន្តែប្រសិនបើខាត គឺកើតឡើងដោយសារស្លឹកខ្ទឹមក្រហមស្លឹកខូច»។ នេះជាការរៀបរាប់របស់លោក អ៊ឹម សុភ័ក្រ ប្រាប់សារព័ត៌មានថ្មីៗ ២៥។
បច្ចុប្បន្ន ស្លឹកខ្ទឹម របស់លោក សុភ័ក្រ កំពុងចែកចាយនៅទីផ្សារក្នុងខេត្តបាត់ដំបង និងចរាចរនៅតាមបណ្តាខេត្តនានា៕
លោក សុភ័ក្រ សម្រាក់នៅចម្ការ ខ្ទឹម (រូបភាពពីទំព័រហ្វេសប៊ុក របស់លោក អ៊ឹម សុភ័ក្រ)
សកម្មភាពពលរដ្ឋកំពុងដកស្លឹកខ្ទឹម (រូបភាពពីទំព័រហ្វេសប៊ុក របស់លោក អ៊ឹម សុភ័ក្រ)
សកម្មភាពពលរដ្ឋកំពុងបកនិងរៀបចំស្លឹកខ្ទឹម (រូបភាពពីទំព័រហ្វេសប៊ុក របស់លោក អ៊ឹម សុភ័ក្រ)
ស្លឹមខ្ទឹមដែលជួបបញ្ហាក្រហមស្លឹកកាលពីដើមខែវិច្ឆិកានេះ។ (រូបភាពពីទំព័រហ្វេសប៊ុក របស់លោក អ៊ឹម សុភ័ក្រ)
Tag:
អ៊ឹម សុភ័ក្រ
ស្លឹកខ្ទឹម
បន្លែ
© រក្សាសិទ្ធិដោយ thmeythmey.com