អន្តរជាតិ
ប្រវត្តិ​នៃ​ការបង្កើត​កីឡា​ប្រណាំង​កង់ Tour De France
01, Dec 2019 , 4:14 pm        
រូបភាព
​កីឡា​ប្រណាំង​កង់​របស់​ប្រទេស​បារាំង​ដែលមាន​ឈ្មោះថា Tour De France គឺជា​កីឡា​មួយ​ក្នុងចំណោម​កីឡា​ជាច្រើន​ទៀត​ដែលមាន​ភាពល្បីល្បាញ​ខ្លាំង​នៅក្នុង​ឆាក​កីឡា​ពិភពលោក​។ កីឡា​ប្រណាំង​កង់​មួយ​នេះ​ត្រូវបាន​គេ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នៅក្នុង​ទឹកដី​ប្រទេស​បារាំង (​លាយឡំ​ជាមួយនិង​ទឹកដី​ប្រទេសជិតខាង​ខ្លះ​ដែរ​) ដែលមាន​ការចូលរួម​ពី​កីឡាករ​អាជីព​ជាច្រើន​រយ​រូប​មកពី​ប្រទេស​ជាច្រើន​ពី​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​។ វា​ជា​ព្រឹត្តិការណ៍​ប្រណាំង​កង់​មួយ​ដែល​ទាមទារ​កម្លាំងកាយ និង​កម្លាំងចិត្ត​យ៉ាងខ្លាំង ថែមទាំង​សម្ភារៈ​កីឡា​ដែលមាន​តម្លៃ​រហូត​ទៅដល់​រាប់ម៉ឺន​ដុល្លារ​។

 
​ការបកស្រាយ​ពី​គេហទំព័រ History.com បានធ្វើការ​ពន្យល់ថា កីឡា​ប្រណាំង​កង់ Tour De France ត្រូវបាន​គេ​បង្កើតឡើង​ដំបូង​នៅក្នុង​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​១៩០៣ ពោលគឺ​តាំងពី​១១៦​ឆ្នាំមុន​។ នៅក្នុង​ឆ្នាំ​ដំបូង​នៃ​ការប្រកួត មាន​កីឡាករ​សរុប​ចំនួន​៦០​នាក់ ដែល​ក្នុងនោះ​ពួកគេ​មាន​វត្តមាន​មកពី​ប្រទេស​បារាំង ប៊ែ​ល​ហ្ស៊ី​ក ស្វី​ស អាល្លឺម៉ង់ និង​អ៊ីតាលី​ជាដើម​។ 
 
​មួយ​ភាគបី​នៃ​អ្នក​ប្រណាំង​គឺជា​កីឡាករ​អាជីព​ដែល​ត្រូវបាន​គាំទ្រ​ដោយ​ក្រុមហ៊ុន​ផលិត​កង់​ល្បីៗ ចំណែកឯ​អ្នក​ប្រណាំង​ដទៃ​គឺ​គ្រាន់តែ​ជា​បេក្ខជន​ដែល​ស្រឡាញ់​កីឡា​ប្រណាំង​កង់​ប៉ុណ្ណោះ​។ អ្នក​ទាំងឡាយ​នេះ​នឹង​ត្រូវបាន​ចូលរួម​ការប្រកួត​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កីឡា​ប្រណាំង​កង់ ជាមួយនឹង​រង្វាន់​ជា​សាច់ប្រាក់​ចំនួន​២​ម៉ឺន​ហ្វ្រ​ង់​។ 
 
​ដើមកំណើត​នៃ​កីឡា​មួយ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកសារព័ត៌មាន​ម្នាក់ ដែល​លោក​មាន​ឈ្មោះថា Geo Lefevre ដែល​គំនិត​មួយ​នេះ​នឹង​អាចជួយ​កាសែត​របស់លោក L’Auto ឲ្យ​មានការ​គាំទ្រ​ឡើងវិញ​ពី​សំណាក់​មហាជន​អ្នកអាន​។ លោក Henri Desgrange ដែល​អ្នកគ្រប់គ្រង​មួយរូប​នៅក្នុង​កាសែត L’Auto បាន​ស្រឡាញ់ និង​ទទួលស្គាល់​គំនិត​ដ៏​ប្លែក​មួយ​នេះ​។​
 
​លោក​បាន​បង្កើត​ទីលាន​ប្រណាំង​កង់​មួយ​ដែលមាន​ផ្លូវ​ប្រណាំង​ជុំវិញ​ប្រទេស​បារាំង ក្នុង​ចម្ងាយ​សរុប​ប្រមាណ​ជាង​២៤០០​គីឡូម៉ែត្រ ចេញពី​ទីក្រុង​ប៉ារីស ទៅកាន់ Lyon, Marseille, Toulouse, Bordeaux និង Nantes មុននឹង​ត្រលប់​មកកាន់​ប៉ារីស​វិញ​។ ដោយ​កាលពី​ពេលនោះ ការប្រណាំង​មិនទាន់មាន​ផ្នែក​ឡើង​ភ្នំ និង​មានតែ​៦​វគ្គ ដោយ​ប្រៀបធៀប​ជាមួយនឹង​សព្វថ្ងៃ​មាន​ទៅដល់​២១​វគ្គ​។ ក្នុង​មួយ​វគ្គ​និ​មួយ​មាន​រយៈ​ចម្ងាយ​ជា​មធ្យម​៤០០​គីឡូម៉ែត្រ និង​រយៈពេល​សម្រាក់​ពី​១​ទៅ​៣​ថ្ងៃ នៅ​ចន្លោះ​វគ្គ​និ​មួយៗ​។ 
 
​នៅក្នុង​ការប្រណាំង​ដំបូង​នៃ​ឆ្នាំ​១៩០៣ ផ្លូវ​ប្រណាំង​មិនទាន់បាន​គេ​រៀបចំ​ឲ្យ​បាន​ស្អាត​ដូច​សព្វថ្ងៃ​នោះទេ ហើយ​កីឡាករ​ប្រណាំង​ក៏​មិនទាន់បាន​ប្រើប្រាស់​ឧបករណ៍​ការពារ​ត្រឹមត្រូវ​ដូច​ពេល​សព្វថ្ងៃ​នេះដែរ​។ ពួកគេ​ប្រណាំង​ជា​បុគ្គល​រៀងៗ​ខ្លួន មិនទាន់​សហការ​ប្រណាំង​ជា​ក្រុម​នោះទេ​។ កីឡាករ​កាលពី​ពេលនោះ​មាន​បន្ទុក​ក្នុង​ការជួស​ជុស​កង់​ដោយ​ខ្លួនឯង និង​មិនទាន់មាន​រថយន្ត​ជំនួយ​ជួយ​ពីក្រោយ​នោះទេ​។ ការប្រណាំង​ពេលខ្លះ​ត្រូវបាន​ប្រព្រឹត្តិ​ទៅ​ទាំងយប់ រហូត​ដល់ពេល​ព្រលឹម ដែល​មានតែ​ព្រះ​ចន្ទ​ជា​អ្នក​នាំ​ផ្លូវ និង​ផ្កាយ​នៅលើ​មេឃ​ជា​អ្នកទស្សនា​។ 
 
​កីឡាករ​២៣​នាក់​ចុះចាញ​ការប្រកួត​វគ្គ​ដំបូង​នៃ​ការប្រណាំង​។ តែ​បេក្ខជន​ដំបូង​គេ​ដែល​ឈ្នះ​វគ្គ​ដំបូង​ពី​ប៉ារីស​ទៅកាន់ Lyon គឺ​លោក Maurice Garin ក្រោយពី​ការប្រណាំង​អស់​ពេល​ប្រមាណ​១៧​ម៉ោង​។ លោក Maurice Garin ធ្លាប់ជា​អ្នក​បោស​ជូត​បំពង់ផ្សែង​នៅតាម​ផ្ទះ មុននឹង​បាន​ក្លាយជា​កីឡាករ​ប្រណាំង​ឆ្នើម​មួយ​នេះ​។ នៅក្នុង​វគ្គ​ទី​៦​នៃ​ការប្រណាំង លោក Maurice បាន​ក្លាយជា​បេក្ខជន​ជោគជ័យ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កីឡា Tour De France នៅពេលដែល​លោក​ចាក់​ចេញពី Nantes មកកាន់​ប៉ារីស​។ លោក Maurice ចំណាយពេល​ជាង​៩៥​ម៉ោង​នៅលើ​កង់ និង​ធ្វើដំណើរ​ជា​មធ្យម ២៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ 
 
​ក្នុងចំណោម​៦០​នាក់​នោះ មានតែ​២១​នាក់​ប៉ុណ្ណោះ​ដែល​បានធ្វើការ​ឆ្លងកាត់​ការប្រណាំង​មួយ​នេះ​។ ចំពោះ​លោក Henri Desgrange កាសែត​របស់លោក​ត្រូវបាន​មហាជន​អាន និង​មាន​ចំណាប់អារម្មណ៍​ឡើងវិញ​រហូត​ទៅ​៦​ដង​ក្នុងអំឡុងពេល​ប្រណាំង​។ កីឡា​មួយ​នេះ​ក៏​ត្រូវបាន​ផ្អាក​ចំនួន​ពីរដង​ផងដែរ គឺ​នៅក្នុង​សង្គ្រាមលោកលើកទី​១ និង​លោក​លើក​ទី​២៕

© រក្សាសិទ្ធិដោយ thmeythmey.com