ជាតិ
បណ្ដា​ខេត្ត​មួយចំនួន នឹង​ចុះ​ត្រជាក់​ដល់​១៦​អង្សា ពីថ្ងៃ​ទី​៥-៩ ធ្នូ​
02, Dec 2019 , 7:19 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១ ធ្នូ​នេះ បានចេញ​សេចក្ដីជូនដំណឹង​ថា ឥទ្ធិពល​នៃ​ការធ្លាក់ចុះ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន គួបផ្សំ​នឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង កំពុងមាន​ឥទ្ធិពល​ជា​បន្តបន្ទាប់​មកលើ​កម្ពុ​ជា​។ ស្ថានភាព​បែបនេះ បានធ្វើ​ឲ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​, ព្រះវិហារ​, ប៉ៃលិន​, ស្ទឹងត្រែង​, រតនគិរី និង​ខេត្តមណ្ឌលគិរី មាន​សីតុណ្ហភាព​អប្បបរមា​ពី ១៦-១៨​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី ២៥-២៧ អង្សា ពីថ្ងៃ​ទី​៥-៩ ខែធ្នូ​។​


 
​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បន្ថែមទៀតថា ខេត្តពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ​, សៀមរាប​, កំពង់ធំ​, ក្រចេះ និង​ខេត្តកោះកុង មាន​សីតុណ្ហភាព​អប្បបរមា​ពី ១៨-២០ អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី ២៦-២៨​អង្សា​។ ចំណែក​រាជធានី​ភ្នំពេញ​, កណ្ដាល​, កំពង់ស្ពឺ​, កំពង់ឆ្នាំង​, កំពង់ចាម​, ត្បូងឃ្មុំ​, ព្រៃវែង និង​ស្វាយរៀង មាន​សីតុណ្ហភាព​អប្បបរមា​ពី ២១-២៣​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី ២៦-២៨​អង្សា​។​
 
​តាម​ការ​ព្យាករ​ខាងលើ ខេត្តតាកែវ​, កែប​, កំពត និង​ខេត្ត​ព្រះសីហនុ មាន​សីតុណ្ហភាព​អប្បបរមា​ពី ២២-២៤​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី ២៧-២៩​អង្សា​។ ក្រសួង​ធនធានទឹក ក៏​អំពាវនាវ​ដល់​ពលរដ្ឋ ពិសេស​កងទ័ព​នៅតាម​ព្រំដែន​តំបន់​ជួរ​ភ្នំ​ដងរែក  និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន ឲ្យ​មានការ​ប្រុងប្រយ័ត្ន បង្កា និង​ថែរក្សា​សុខភាព​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​៕

Tag:
 អាកាសធាតុ​
  ត្រជាក់
© រក្សាសិទ្ធិដោយ thmeythmey.com