ជាតិ
សង្គមជាតិ
ប្រមុខរដ្ឋាភិបាល ប្រាប់ឲ្យគ្រប់ស្ថាប័ន ចូលរួមប្រារព្ធទិវាជនពិការ រូបភាពពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
× ភ្នំពេញ៖ នៅថ្ងៃទី៣ ខែឆ្នូ ជាទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងជាទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧។ ទិវាជនមានពិការភាពនៅឆ្នាំនេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ «លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាព ដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន»។ រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឲ្យគ្រប់ក្រសួង និងស្ថាប័ន ចូលរួមផ្តល់អាទិភាពឲ្យជនពិការ អាចបម្រើការងារ និងផ្តល់ជាកម្មវិធីកម្សាន្តដល់ជនមានពិការភាព។
សាចរណែនាំដែលចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានចាត់តាំងឲ្យក្រសួងនានា រៀបចំពិធីជួបសំណេះសំណាលជាមួយជនពិការ បង្កើតជាកម្មវិធីកម្សាន្តសម្រាប់ជនមានពិការភាព និងរៀបចំកន្លែងសាធារណៈសមរម្យសម្រាប់ជនពិការ ដោយមានជា ចំណតយានយន្ត ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃ និង បន្ទប់ទឹកសម្រាប់ជនពិការ។ ជាពិសេសនៅតាមគ្រឹះស្ថាននានា ត្រូវរៀបចំបដានិងពាក្យស្លោក ដើម្បីអបអរសាទរទិវាជនពិការ។
ការប្រារព្ធទិវាជនមានពិការភាពនេះ គឺដើម្បីរំលឹកដល់ជនពិការដែលបានបាត់បង់កាយសម្បទា និងផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ពួកគេឲ្យមានសិទ្ធិនៅក្នុងសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងកីឡា។ សម្រាប់កម្ពុជា ប្រារព្ធទិវានេះ ក៏បង្ហាញគោលបំណងរំលឹកដល់វិនាសកម្មក្នុងរបបប្រល័យពូជសាសន៍ផងដែរ ដែលបន្សល់ទុកឲ្យមានជនពិការ ស្រី្តមេម៉ាយ កុមារកំព្រា រួមទាំងជនពិការដោយសារជូបគ្រោះថ្នាក់ចរាចរណ៍ ពិការភាពពីកំណើត និងជំងឺរុំាំរ៉ៃ ជាដើម។
គូសបញ្ជាក់ថា ឆ្នាំ២០១៩នេះ មានជនពិការ២៨៦០នាក់ (ស្ត្រីមាន៧៨៩នាក់) បានចូលបម្រើការងារក្នុងសា្ថប័នរដ្ឋចំនួន៤០។ ចំណែកវិស័យឯកជនវិញ មានជនពិការ៣៧៩២នាក់ (ស្ត្រីមាន២១៦២នាក់) បានបម្រើការងារក្នុងក្រុមហ៊ុនចំនួន១០២។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយក្នុងសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៤-២០១៨៕
Tag:
រាជរដ្ឋាភិបាល
ស្ថាប័ន
ជនពិការ
© រក្សាសិទ្ធិដោយ thmeythmey.com