អន្តរជាតិ
ថៃ ស្រាវជ្រាវ​បញ្ហា ក្រោយ​អង្ករ​ផ្កាម្លិះ​ខ្លួន​មិន​ជាប់​ចំណាត់ថ្នាក់​ល្អ​បំផុត​ធៀប​នឹង​កម្ពុជា និង​វៀតណាម​
02, Dec 2019 , 9:19 am        
រូបភាព
រូបភាព ពីកាសែតបាងកកប៉ុស្តិ៍
រូបភាព ពីកាសែតបាងកកប៉ុស្តិ៍
ដោយ:
​រាជាណាចក្រ​ថៃ ចាប់ផ្តើម​ភ្ញាក់ខ្លួន ក្រោយពី​បរាជ័យ​ក្នុងការ​ដណ្តើមពាន​រង្វាន់​ប្រទេស​ផលិត​អង្ករ​ក្រអូប​ល្អ​បំផុត​របស់​ពិភពលោក​។ ថៃ បាន​តាំងចិត្ត​ជាថ្មី​ក្នុងការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​លើ​ចំណុចខ្សោយ និង​កង្វះខាត​ដែល​ធ្វើ​ឲ្យ​ផលិតផល​អង្ករ​របស់​ខ្លួន ធ្លាក់​ចំណាត់ថ្នាក់​កំពូល​ពីរ​ឆ្នាំ​ជាប់​គ្នា នៅ​ពីក្រោយ​នៃ​បណ្តា​ប្រទេសជិតខាង​។

 
«​ដល់ពេល​ហើយ​ដែល​ទាំង​រដ្ឋាភិបាល និង​ទាំង​វិស័យ​ឯកជន​ថៃ ត្រូវ​ចូល​ដៃ​គ្នា​ក្នុងការ​ពង្រឹង​កិច្ចប្រឹងប្រែង​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ធ្វើ​ឲ្យ​គុណភាព​អង្ករ​របស់​ថៃ​កាន់តែ​ល្អប្រសើរ និង​ឆ្លើយតប​នឹង​ការចង់បាន និង​តម្រូវការ​របស់​ទីផ្សារ​សកល​»​។ នេះ គឺជា​ការលើកឡើង​រប​ស់​ប្រធាន​សមាគម​នាំចេញ​អង្ករ​ថៃ លោក Charoen Laothamatas នៅ​ថ្ងៃ​៣០ វិច្ឆិកា​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post លោក Laothamatas បាន​លើកឡើងថា ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​មុន ថៃ បាន​ឈរលើ​លំដាប់​កំពូល​ជា​អ្នក​នាំចេញ​អង្ករ​គុណភាព​របស់​ពិភពលោក ហើយក៏​បាន​លក់​អង្ករ​គ្រប់មុខ ដែល​ខ្លួន​បាន​ផលិត​ទៀតផង​។ 
 
​ក៏ប៉ុន្តែ លោក​ប្រធាន​សមាគម​ដដែល​នេះ បាន​អះអាងថា កិត្តិនាម​របស់​ប្រទេស​ក្នុងនាម​ជា​អ្នក​ផលិត​អង្ករ​ដែលមាន​គុណភាព និង​អង្ករ​ក្រអូប​របស់​ពិភពលោក កំពុងតែ​រង​ការប៉ះពាល់​ដោយសារតែ​កង្វះខាត​នៃ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព​។ 
 
​សេចក្តីថ្លែងការណ៍​រប​ស់​តំណាង​អ្នក​នាំចេញ​អង្ករ​របស់​ថៃ​រូបនេះ ធ្វើឡើង​បន្ទាប់​អង្ករ​ផលិត​ដោយ​វៀតណាម​បានទទួល​ចំណាត់​ជា​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​នៅ​ឆ្នាំនេះ ខណៈ​នៅ​ឆ្នាំមុន ចំណាត់ថ្នាក់​កំពូល​នេះ ត្រូវបាន​ទៅ​កម្ពុជា​។ នេះ​មានន័យថា អង្ករ​ថៃ បាន​បាត់បង់​ចំណាត់ថ្នាក់​ជា​ប្រទេស​ផលិត​អង្ករ​ល្អ​បំផុត​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​មកហើយ​។​
 
​តាម​លោក Laothamatas នៅ​ឆ្នាំ​២០១៩ វៀតណាម ឈ្នះ​ការប្រកួតប្រជែង​អ្នក​នាំចេញ​អង្ករ​ល្អ​បំផុត​សកល ដោយសារតែ​វៀតណាម បាន​បន្ត​អភិវឌ្ឍ​អង្ករ​របស់ខ្លួន ទាំង​លើ​គុណភាព និង​ភាព​ធុន ជា​ពិ​សេសោះ លក្ខណៈពិសេស​របស់​អង្ករ​វៀតណាម មាន​ក្លិនក្រអូប​សាយ ហើយ​បច្ចេកទេស និង​បរិមាណ​ក្នុងការ​ផលិត​របស់​វៀ​ត​ណា​ម ក៏​កាន់តែ​កាន់តែ​បាន​ច្រើនជាង​មុន​ទៅទៀត​៕ 

Tag:
 ថៃ​
  អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com