កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ អត្ត​ព​លិ​កល្បុក្កតោ​ដណ្តើមបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​៣​បន្ថែម​លើ​កីឡា Arnis
01, Dec 2019 , 10:17 pm        
រូបភាព
ដោយ:
កីឡាការិនី​គុន​ល្បុក្កតោ​ជម្រើសជាតិ ស៊ី​វ័​ន្ត សូ​នី​តា ដណ្តើមបាន​មេដាយប្រាក់​ក្នុងការ​ប្រកួត​កីឡា​ដំបង​ខ្លី Arnis នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​។ ចំណែក​កីឡាការិនី ខៀវ ចិន្តា​រ័ត្ន​, យស់ សញ្ច​នា និង បូ ច​ន្ធី ទទួលបាន​មេដាយ​សំរឹទ្ធ​ក្នុង​ប្រភេទ​កីឡា​នេះ​ផងដែរ​។ សម្រាប់​ការប្រកួត​ថ្ងៃ​ដំបូង​កម្ពុជា​ទទួលបាន​មេដាយប្រាក់​៣ និង​សំរឹទ្ធ​៦​។



​ក្រុម​កីឡាករ​កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជា បន្ត​បង្ហាញ​ភាពខ្លាំង​ក្នុងការ​ប្រកួត​កីឡា​ដំបង​ខ្លី Arnis តាមរយៈ​ដណ្តើមបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​៣​បន្ថែមទៀត​នៅ​ល្ងាច​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។ មេដាយប្រាក់​រកបាន​ដោយ​កីឡាការិនី ស៊ី​វ័​ន្ត សូ​នី​តា ក្នុង​វិញ្ញាសា Live Stick ទម្ងន់​ចន្លោះ​ពី​៥៥-៦០​គីឡូក្រាម​។ ចំណែក​មេដាយ​សំរឹទ្ធ​រកបាន​ដោយ​កីឡាការិនី ខៀវ ចិន្តា​រ័ត្ន លើ​វិញ្ញាសា Live Stick ទម្ងន់​ក្រោម​៥០​គីឡូក្រាម​, យស់ សញ្ច​នា ទម្ងន់​៥០-៥៥​គីឡូក្រាម និង​កីឡាការិនី បូ ច​ន្ធី ទម្ងន់​លើ​៦០​គីឡូក្រាម​។

​សម្រាប់​ការប្រកួត​ថ្ងៃ​ដំបូង​ក្នុង​ប្រភេទ​កីឡា Arnis លើ​វិញ្ញាសា Live Stick ក្រុម​កីឡាករ​គុន​ល្បុក្កតោ​ដណ្តើមបាន​មេដាយប្រាក់​២ និង​សំរឹទ្ធ​៦ បន្ទាប់ពី​កីឡាករ យ៉ុង ម៉េង​លី រកបាន​មេដាយប្រាក់​១​លើ​ទម្ងន់​៦០-៦៥ និង​កីឡាករ ឌឹ​ម ង៉ែត​, សុខ ឈុន និង មឿ​ន ប៊ុនលី រកបាន​មេដាយ​សំរឹទ្ធ​ម្នាក់​១​ក្នុង​ប្រភេទ​ទម្ងន់​រៀងៗ​ខ្លួន​។

​លទ្ធផល​ជារួម​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩ កម្ពុជា​ដណ្តើមបាន​មេដាយប្រាក់​៣​និង​សំរឹទ្ធ​៦ ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៧​បណ្តោះអាសន្ន​ក្នុង​តារាង​មេដាយ ដែលមាន​ម្ចាស់ផ្ទះ​ហ្វី​លីពីន​ឈរ​កំពូល​តារាង​ជាមួយ​មេដាយមាស​២៦ និង​ប្រាក់​១២៕ 



Tag:
 ល្បុក្កតោ​
  SEA Games
  Arnis
© រក្សាសិទ្ធិដោយ thmeythmey.com