ជាតិ
ខួប​៤១ឆ្នាំ នៃ​ការបង្កើត​រណសិរ្ស ២ ធ្នូ​!
02, Dec 2019 , 9:40 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ថ្ងៃនេះ គឺជា​ខួប​៤១​ឆ្នាំ នៃ​ការបង្កើត «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ដែល​បច្ចុប្បន្ន​ហៅថា «​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ២ ធ្នូ ១៩៧៨ ។ ការបង្កើត «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​»​នេះ ដើម្បី​ដាក់ចេញ​នូវ​ផែនការ​រំដោះជាតិ​ចេញពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​


 
​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្ខំ​ប្រជាជន​កម្ពុជា​ឲ្យ​ធ្វើការ​ជា​ទម្ងន់ បង្អត់អាហារ គ្មាន​ថ្មាំ​ព្យាបាល ខ្វះ​សម្លៀកបំពាក់ គ្មាន​ជម្រក​រស់នៅ​សមរម្យ បំបិទ​សិទ្ធិសេរីភាព​គ្រប់យ៉ាង ពិសេស​ពួក​ឃាតករ​អាវខ្មៅ​បានសម្លាប់​ប្រជាជន​កម្ពុជា​ដោយ​គ្មាន​កំហុស​។ របប​នេះ​ប្រៀប​ដូច​គុក​ឥត​ជ​ញ្ចាំ​ង ឬ​ឋាននរក​។ ដោយ​ឃើញ​អំពើ​ព្រៃផ្សៃ​បែបនេះហើយ កម្មាភិបាល​ខ្មែរ​ក្រហ​មួយចំនួន​បាន​ចេញមុខ​ប្រឆាំង ប៉ុន្តែ​ត្រូវ​មេដឹកនាំ​ខ្មែ​ក្រហម​សម្លាប់​ដូចជា លោក ហ៊ូ នឹម សម្លាប់​នៅ​ឆ្នាំ​១៩៧៦ លោក កុយ ធួន លេខា​បក្ស​ភូមិភាគ​ឧ​ត្ត​រ សម្លាប់​នៅ​ឆ្នាំ​១៩៧៦ ។ ល​។​
 
​នៅ​ឆ្នាំ​១៩៧៧ ប្រជាជន​ខេត្តសៀមរាប បាត់ដំបង កំពង់ធំ មណ្ឌល​គី​រី កំពង់ឆ្នាំង និង​នៅ​ចម្ការ​ហ្លួង បាន​ក្រោក​ឡើង​បង្ក​ចលនា​ប្រឆាំងនឹង​ខ្មែរក្រហម​។ ចលនា​បះបោរ​របស់​ប្រជាជន​បានធ្វើ​ឲ្យ​អង្គការ​ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​របស់​ខ្មែរក្រហម​ចាប់ផ្តើម​សម្លាប់​ប្រជាជន​កាន់តែច្រើន និង​គ្រប់កន្លែង​ទូទាំងប្រទេស ពិសេស​ភូមិភាគ​និរតី ឧ​ត្ត​រ ពាយ័ព្យ និង​បូព៌ា​។ ចលនា​បះបោរ​របស់​ប្រជាជន​កម្ពុជា​កើតមាន​កាន់តែ​ធំ​ឡើងៗ ហើយ​រីក​រាលដាល​ពាស​ពា​ញ​ប្រទេស ដូចជា​ប្រជាជន​នៅ​ស្រុក​ត្បូងឃ្មុំ (​កំពង់ចាម​) ស្រុក​សៀម​ប៉ាង (​ស្ទឹងត្រែង​) ស្រុក​ប​កែវ (​រតនគីរី​) ជាដើម​។ 
 
​នៅ​ឆ្នាំ​១៩៧៨ នៅ​ភូមិភាគ​បូព៌ា​សម​មិត្ត ហេង សំរិន ជា​មេបញ្ជាការ​កងពលធំ​លេខ​៤ បាន​ដឹកនាំ​កុបកម្ម​មួយ​ប្រឆាំងនឹង​ខ្មែរក្រហម​។ ពួក​កុបករ​ទាំងអស់​បាច​ខិតប័ណ្ណ​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​ក្រោក​ឡើង​រួម​សាមគ្គី​ជា​កម្លាំង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ប្រល័យពូជសាសន៍​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ 


 
​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ មហាសន្និបាត​របស់​អ្នកស្នេហាជាតិ​គ្រប់​តំបន់​បានធ្វើ​ឡើង​នៅ​មូលដ្ឋាន​រំដោះ​។ មហាសន្និបាត​បានសម្រេច​ជា​ឯកច្ឆន្ទ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​បោះឆ្នោត​ជ្រើសតាំង​គណកម្មាធិកា​រម​ជ្ឈិ​ម​រណសិរ្ស​ដែលមាន​សមាជិក ១៤​រូប ក្នុងនោះ​សម​មិត្ត ហេង សំរិន ជា​ប្រធាន​។ 
 
​មហាសន្និបាត​បានអនុម័ត​កម្មវិធី​នយោបាយ​ដូចខាងក្រោម​៖ 
 
​ទី​១. ផ្តួលរំលំ​របប​ប្រល័យ​ពួជ​សាសន៍​ខ្មែរក្រហម រំដោះប្រជាជន​ទូទាំងប្រទេស​ឲ្យ​រួច​ផុតពី​រណ្តៅ​មរណៈ​
​ទី​២. គោរព​ឆន្ទៈ និង​គោលបំណង​របស់​ប្រជាជន​កម្ពុជា​
​ទី​៣. កសាង​ប្រទេស​កម្ពុជា​ប្រកបដោយ​សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត បូរណភាព​ទឹកដី និង​សម្បូរ​រុងរឿង​។​
 
​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២ ធ្នូ ១៩៧៨ ដែល​បច្ចុប្បន្ន​ត្រូវបាន​ប្តូរ​ឈ្មោះថា ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ប្រមូល​ក្រុម​អ្នកស្នេហាជាតិ​មួយក្រុម​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ  ដើម្បី​ដាក់ចេញ​នូវ​ផែនការ​រំដោះជាតិ​ចេញពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក៏បាន​ប្រកាស​ចេញ​សេចក្តីថ្លែងការណ៍ ១១​ខ របស់ខ្លួន​នៅ​តំបន់​រំដោះ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។​
 
​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវបាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ ជា​ច្រើ​រូប​ទៀត ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ទទួលបាន​ជ័យជម្នះ​លើ​របប​នេះ នៅ​ថ្ងៃទី​៧ មករា ឆ្នាំ​១៩៧៩​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​៕

Tag:
 ហ៊ុន សែន​
  ហេង សំរិន​
  រណ​សិ​រ្យ ២ ធ្នូ​
© រក្សាសិទ្ធិដោយ thmeythmey.com