អន្តរជាតិ
ប្រធានាធិបតី​ហ្វីលីពីន ទើប​យល់ច្បាស់​ថា​រដ្ឋាភិបាល​របស់លោក​មាន​ពាក់ព័ន្ធ​អំពើពុករលួយ​ខ្លាំងក្លា​
02, Dec 2019 , 10:05 am        
រូបភាព
ដោយ:
​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ច្រានចោល​ជាថ្មី​លើ​ការរិះគន់​លើ​ចំណាត់ការ​របស់   រដ្ឋាភិបាល​លោក ក្នុងការ​បង្ក្រាប​គ្រឿងញៀន និង​អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល ជាពិសេស​ស្ថាប័ន​សាធារណៈ​តែម្តង​។ ការលើកឡើង​របស់លោក ជាការ​បំភ្លឺ​ជាមួយនឹង​ការសន្យា​ពី​ពេល​កាន់តំណែង​ដំបូង​របស់លោក ដែល​ចង់​បោសសម្អាត​បញ្ហា​រ៉ាំរ៉ៃ​របស់​សង្គម និង​រដ្ឋាភិបាល​ឲ្យ​អស់​ត្រឹមតែ​រយៈពេល​៦​ខែ​ប៉ុណ្ណោះ​។​

 
​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន CNN ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​១ ខែធ្នូ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានចាត់ទុក​អ្នក​រិះគន់​លោក​លើ​ចំណាត់​ការប្រឆាំង​គ្រឿងញៀន និង​អំពើពុករលួយ ថា​ជាម​នុស្ស​ដែល​គ្មាន​សតិ និង​ឆ្កួត​លីលា ហើយ​បាន​គូសបញ្ជាក់ថា​ការ​ទប់ទល់​ជាមួយនឹង​បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា​ដែល​កំពុងតែ​ធ្វើឡើង​គ្រប់​ប្រទេស មិនមែន​តែ​ហ្វីលីពីន​ឡើយ​។ 
 
​ឆ្លើយតប​នឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការបន្ត​អនុវត្ត​ចំណាត់ការ​បោសសម្អាត​គ្រឿងញៀន ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​ពាន់​នាក់​បាន​ស្លាប់​នោះ លោក​ប្រធានាធិបតី បាន​ឲ្យ​ដឹង​ពី​រឿង​ពីក្រោយ​ខ្នង​។ រឿង​នោះ​គឺ មុនពេល​កាន់តំណែង លោក រំពឹងថា រដ្ឋាភិបាល​លោក ជាពិសេស​ចំណាត់ការ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន នឹង​អាច​ដំណើរការ​បានល្អ និង​ដូច​ការរំពឹងទុក ដោយ​នឹងត្រូវ​អស់ពី​សង្គម​ត្រឹមតែ​រយៈពេល​៦​ខែ​ប៉ុណ្ណោះ​។​
 
​ក៏ប៉ុន្តែ​ពេល​ចូល​អនុវត្ត​ការងារ​ជាក់ស្តែង លោក​ប្រធានាធិបតី បានបញ្ជាក់​ដោយ​មិន​មានការ​លាក់បាំង​ឡើយ គឺមាន​មន្ត្រី​រដ្ឋាភិបាល​ជាច្រើនរូប រួមមាន​ទាំង​មន្ត្រីប៉ូលិស គយ និង​អ្នកជា​ច្រើន​ផ្សេងៗ បាន​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ក្នុង​បញ្ហា​គ្រឿងញៀន​នេះ ដែល​ចំណុច​នេះហើយ ធ្វើ​ឲ្យ​វិធានកា​របស់លោក មិនអាច​សម្រេចបាន​ទៅតាម​គោលដៅ​។ 
 
​សម្រាប់​លោក​ប្រធានាធិបតី សង្គ្រាម​ប្រឆាំង និង​បោសសម្អាត​គ្រឿងញៀន​របស់​រដ្ឋបាល​ដឹកនាំ​លោក​បច្ចុប្បន្ន ក៏​ប្រៀបដូចជា​សង្គ្រាម​ប្រឆាំងនឹង​រដ្ឋាភិបាល​ខ្លួនឯង​យ៉ាង​ដូច្នេះ​ឯង ហើយ​លោក ក៏​ទើបតែ​ដឹងថា អំពើពុករលួយ បាន​កើតឡើង​យ៉ាងជ្រៅ​ក្នុង​ជួរ​រដ្ឋាភិបាល​។ កន្លងមក លោក​ប្រធានាធិបតី ក៏បាន​ដកតំណែង និង​កាត់ទោស​មន្ត្រី​ពុករលួយ និង​ពាក់ព័ន្ធ​គ្រឿងញៀន​ផងដែរ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ គឺជា​មេដឹកនាំ​តំបន់​អាស៊ាន​ល្បីឈ្មោះ​មួយរូប ដោយសារតែ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​។ តាម​របាយការណ៍​សិទ្ធិមនុស្ស គិត​ចាប់តាំងពី​ពេល​លោក​ឡើងកាន់​អំណាច​ឆ្នាំ​២០១៦​មក មាន​មនុស្ស​ប្រមាណ ៦ ពាន់​នាក់​ហើយ បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​សង្គ្រាម​គ្រឿងញៀន​របស់លោក​។ បញ្ហា​នេះ ក៏​កំពុងតែ​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ ក៏ដូចជា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផងដែរ​។​
 
​ទោះ​បែបនេះ​ក្តី ក្នុង​គោលជំហរ​របស់លោក ឌូ​ទើ​តេ លោក មិនដែល​ចង់​សម្លាប់ ឬ​មាន​វិធានការ​ធ្ងន់ធ្ងរ​ប្រឆាំង​ប្រជាជន​ខ្លួនឯង​ឡើយ ហើយ​អ្វីដែល​លោក​ធ្វើ​នេះ ដើម្បី​ឲ្យ​អនាគត​អ្នកជំនាន់ក្រោយ​របស់​ហ្វីលីពីន មិន​ត្រូវបាន​បំផ្លាញ​ដោយសារ​គ្រឿងញៀន ហើយក៏​ដើម្បី​ការងារ និង​ទប់ស្កាត់​ការយក​ប្រទេស​ហ្វីលីពីន ជា​កន្លែង​សម្រាប់​ចែកចាយ និង​ផលិត​គ្រឿងញៀន​ផងដែរ​៕ 

Tag:
 ហ្វីលីពីន​
  អាស៊ាន​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com