ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រគល់​រង្វាន់​ដល់​ជ័យលាភី​ឆ្នើម ៣ រូប ក្នុង​កម្មវិធី​ប្រឡង​សំណេរ​ជា​ភាសា​ខ្មែរ​
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រគល់​រង្វាន់​ដល់​ជ័យលាភី​ឆ្នើម ៣ រូប ក្នុង​កម្មវិធី​ប្រឡង​សំណេរ​ជា​ភាសា​ខ្មែរ​
02, Dec 2019 , 2:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី ២៩ ខែ វិច្ឆិកា  ២០១៩៖ ដើម្បី​ជួយ​លើកកម្ពស់​ការយល់ដឹង​បន្ថែម អំពី​សារៈសំខាន់​នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត និង​ជំរុញ​ការប្រើប្រាស់​ភាសា​ខ្មែរ​ឱ្យបាន​ត្រឹមត្រូវ​ក្នុង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នោះ  និស្សិត​មហាវិទ្យាល័យ​អក្សរសាស្ត្រ​ខ្មែរ និង​ភាសាវិទ្យា ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​សំណេរ​ជា​ភាសា​ខ្មែរ ដែល​រៀបចំឡើង​ដោយ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា សហការ​ជាមួយ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​
 
​ក្នុងចំណោម​អត្ថបទ​ទាំង ៤៨ មាន​អត្ថបទ​ចំនួន ៣ ត្រូវបាន​ជ្រើសរើស​ដោយ​គណៈកម្មការ​វិនិច្ឆ័យ ដែលជា​ក្រុម​សាស្ត្រាចារ្យ បុគ្គលិក និង​អតិថិជន​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​។ 
​លោក David Nutman  អគ្គនាយក ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​មានប្រសាសន៍ថា លោក​មាន​មោទនភាព​ដែល​បានធ្វើការ​ជាមួយ​ស្ថាប័ន​សិក្សា​ចំណាស់​ជាងគេ និង​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​។ 


 
​លោក Nutman បាន​បន្តថា ៖«​ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅ​កម្ពុជា  ព្រូ​ដិ​នស​ល​កម្ពុជា  ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ជា​វិជ្ជមាន​ក្នុងការ​ថែទាំ​សុខភាព វិស័យ​អប់រំ និង​សុខុមាលភាព​សង្គម​។ វប្បធម៌ និង​ភាសា​មាន​ឥទ្ធិពល​លើ​ជីវិត​និង​កា​រស់នៅ​របស់​យើង តាមរយៈ​មធ្យោបាយ​ជាច្រើន ហើយ​វប្បធម៌ និង​ភាសា​ក៏​ជះឥទ្ធិពល​លើ​ផ្នត់គំនិត សកម្មភាព ការទំនាក់ទំនង និង​ទម្លាប់​របស់​យើង​ផងដែរ​។ ទន្ទឹមនឹងនេះ ការអប់រំ​ផ្តល់ឱ្យ​យើង​មិន​ត្រឹមតែ​ជំនាញ និង​ចំណេះដឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្ដល់​វិធី​ប្រើ​ចំណេះដឹង និង​ជំនាញ ដើម្បី​ចូលរួម​ធ្វើឱ្យ​ពិភពលោក​ឱ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការជួយ​គាំទ្រ​ដល់​ក្រុមគ្រួសារ មិត្តភក្តិ និង​សហគមន៍​របស់​យើង​»​។​
 
​ម្ចាស់​ជ័យលាភី​អត្ថបទ​ទាំង ៣ រូប ទទួលបាន​កុំព្យូទ័រ​យួរដៃ គម្ពី (Koompi)  ម្នាក់​មួយគ្រឿង ព្រមទាំង​ទទួលបាន​ទឹកប្រាក់​រង្វាន់​បន្ថែមចំនួន ១ លាន​រៀល សម្រាប់​ជ័យលាភី​ទីមួយ ។​ទឹកប្រាក់ ៨ សែន រៀល សម្រាប់​ជ័យលាភី​ទី​ពីរ និង ៦ សែន​រៀល សម្រាប់​ជ័យលាភី​ទី​បី​។​
 
​និស្សិត​អក្សរសាស្ត្រ​ខ្មែរ​ឆ្នាំ​ទី​៣ និង​ជា​ជ័យលាភី​លេខ​មួយ ឈ្មោះ សេក ធីតា បានឱ្យដឹងថា ៖«​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំងណាស់ ដែល​ទទួលបាន​ជ័យលាភី​លេខ​មួយ ហើយ​កម្មវិធី​សំណេរ​តែងសេចក្ដី​នេះ​ផ្ដល់ឱកាស​ច្រើន​ដល់​ខ្ញុំ និង​និស្សិត​អក្សរសាស្ត្រ​ខ្មែរ ដើម្បី​រំ​ឮ​ក​មេរៀន​ឡើងវិញ​។ ខ្ញុំ​សូម​អំណរ​អគុណ​ដល់​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ដែល​បានរៀបចំ​កម្មវិធី​សំណេរ​តែ​សេចក្ដី​នេះ​ឡើង​»​។​
 
​លោក អ៊ិន មាត្រា ប្រធាន​នាយកដ្ឋាន​ធានារ៉ាប់រង និង​សោធន នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គាំទ្រ​ពេញទំហឹង​នូវ​គំនិត​ផ្តួចផ្តើម ដើម្បី​ជួយ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ការប្រើប្រាស់​ភាសា​ខ្មែរ​។​


 
​លោក មាត្រា បាន​មានប្រសាសន៍ថា​៖ «​វិស័យ​ធានារ៉ាប់រង​គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​យើង …  វិស័យ​ធានារ៉ាប់រង​អាយុជីវិត​ផ្តល់នូវ​ចំណុច​ពិសេស​ពីរ​គឺ ការ​សន្សំ និង ការការពារ​។ ដោយសារតែ​សេដ្ឋកិច្ចជាតិ​យើង​ល្អ​មាន​ការងារ​ជាច្រើន​សម្រាប់​និស្សិត  ហើយ​វិស័យ​អាជីវកម្ម​ទាំងអស់​មាន​ភាពប្រសើរ​ឡើង​។ សូម​ថ្លែងអំណរគុណ​ដល់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​បានផ្ដល់​ឱកាស​ដល់​ក្រុមហ៊ុន​ធានារ៉ាប់រង (​ព្រូ​ដិ​នស​ល​កម្ពុជា​) ចូលរួម​ចែករំលែក​ចំណេះដឹង​ដល់ និស្សិត និង​លើកទឹកចិត្ត​ពួកគាត់​ឱ្យ​ពិចារណា​ក្នុងការ​ជ្រើសរើស ការងារ​ក្នុង​វិស័យ​ធានារ៉ាប់រង និង​ការងារ​សង្គម​ទាក់ទង​នឹង​ធានារ៉ាប់រង ដើម្បីឱ្យ​ផ្នែក​ធានារ៉ាប់រង​មានការ​រីកចម្រើន​»​។​
 
​ក្នុង​រយៈពេល ៦ ឆ្នាំ ចាប់តាំងពី ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បានផ្តល់​សេវា​ធានារ៉ាប់រង​អាយុជីវិត​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា  ក្រុមហ៊ុន​បាន​ផ្តួចផ្តើម​កម្មវិធី​ជាច្រើន ដើម្បី​គាំទ្រ​វិស័យរ​អប់រំ និង​ភាសា​ខ្មែរ​។ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល បានដាក់​ឱ្យ​ដំណើរការ​កម្មវិធី​អប់រំ​ជាច្រើន​រួមមាន កម្មវិធី ឆា​-​ឈី​ង (Cha-Ching) ដែលជា​កម្មវិធី​បណ្តុះ​ប្រាជ្ញា​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​កុមារ  ការអប់រំ​អំពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ហៅ​កាត់​ថា STEM នៅ​ខេត្តបាត់ដំបង សៀមរាប កំពង់ចាម និង​រាជធានី​ភ្នំពេញ និង​កម្មវិធី​អំ​ណាន​ដំបូង (First Read) ជាមួយ​អង្គការ Save the Children ដើម្បី​ជួយ​កុមារ​តូចៗ​ទទួលបាន​ជំនាញ​ក្នុង​ការអាន​សៀវភៅ​តាំង​ពួកគេ​នៅ​ក្មេង​។​


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com