ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ទូតEUថ្មី ឱ្យពង្រឹងកិច្ចសហការគ្នា ដោយឈរលើមូលដ្ឋានត្រឹមត្រូវ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា លោកស្រី Carmen Moreno ជួបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០១៩
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា លោកស្រី Carmen Moreno ពង្រឹងកិច្ចសហការជាមួយកម្ពុជា ដោយឈរលើមូលដ្ឋានត្រឹមត្រូវ។ សម្ដេច ហ៊ុន សែន ជួបពិភាក្សាជាមួយទូតសហភាពអឺរ៉ុប នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។
«យើងគប្បីណាឈរលើមូលដ្ឋានត្រឹមត្រូវនូវរាល់កិច្ចការងារ ដែលយើងបានសហការគ្នាកន្លងមក»។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ដែលជំរុញឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ស្វែងរកនូវអ្វីដែលភាគីទាំងពីរអាចធ្វើការរួមគ្នាបន្តទៀត ក្នុងភាពជាដៃគូផង និងពង្រីកទំនាក់ទំនងរវាងសហគមន៍អឺរ៉ុប និងកម្ពុជាផង។
«ពិតជាមានមោទកភាពណាស់ចំពោះកម្ពុជា នឹងបន្តជាដៃគូជួយកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព»។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានស្រង់សម្តីលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា ។
តាមរយៈហ្វេសប៊ុកនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងពីការមើលឃើញរបស់លោកស្រី Carmen Moreno ចំពោះវឌ្ឍនភាពរបស់កម្ពុជាផងដែរ។«កម្ពុជាមានការអភិវឌ្ឍនិងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព»។ នេះជាការលើកឡើងរបស់លោកស្រី Carmen។
នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុប នឹងធ្វើសេចក្តីសម្រេចចុងក្រោយពីការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ(Everything But Arms)ពីកម្ពុជា។ សហភាពអឺរ៉ុប ផ្តើមនីតិវិធីដំបូងស្តីពីការដកឬមិន EBA នេះ តាំងពីខែកុម្ភៈ ឆ្នាំ២០១៩មក។ មូលហេតុចម្បងដែលសហភាពអឺរ៉ុប បង្ហាញបំណងចង់ដក EBA គឺដោយសារតែមិនសូវពេញចិត្តនឹងស្ថានការណ៍សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com