ជាតិ
បណ្តា​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង មកជួប​ប្រជុំគ្នា​នៅ​ភ្នំពេញ​
02, Dec 2019 , 4:17 pm        
រូបភាព
ដោយ: រួបរួម
​រាជធានី​ភ្នំពេញ កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​សមាជ​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) លើក​ទី​៣៩ រហូតដល់​ថ្ងៃទី​៤ ខែធ្នូ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ ក្នុងចំណោម​អ្នកចូលរួម​ប្រមាណ​៤០០​នាក់ មាន​តំណាង​ក្រុង​ជាង​១៤០​ពី​ជាង​៤០​ប្រទេស រួមទាំង​អភិបាលក្រុង​៨៥​រូប​ដែលជា​សមាជិក AIMF ផងដែរ​។​



អត្ថបទទាក់ទង

 
​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) ឈានដល់​សមាជ​លើក​ទី​៣៩ ក្រោយ​ការបង្កើត​ផ្លូវការ​នៅ​ឆ្នាំ​១៩៧៩​។ ក្នុងនាម​ជា​ម្ចាស់ផ្ទះ សាលា​រាជធានី​ភ្នំពេញ បានដាក់​តាំង​ពិ​ព័រ​ណ៌​ខួប​៤០​ឆ្នាំ​រាជធានី​ភ្នំពេញ បើ​គិត​ចាប់ពី​ក្រោយ​ការដួលរលំ​របប​ខ្មែរ​។ ពិរ​ព័ណ៌​រូបថត​នេះ ត្រូវបាន​សម្ពោធ​កាលពី​ថ្ងៃទី​១ ខែធ្នូ នៅ​សួន​ព្រះ​នាង​ប្រាជ្ញា​បារមី តាម​បណ្តោយ​ផ្លូវ​ស៊ីសុវត្ថិ​។​
 
​មុន​ពិធី​បើក​មហាសន្និបាត​ផ្លូវការ ថ្នាក់ដឹកនាំ​ក្រុង តំណាង ក៏ដូចជា​ដៃគូ AIMF មាន​កិច្ចពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លើ​ប្រធានបទ​ជាច្រើន ដូចជា បរិស្ថាន ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ក្នុង​ការកែប្រែ​មុខមាត់​សហគមន៍ ការផ្លាស់ប្តូរ​ទីក្រុង​អាស៊ីអាគ្នេយ៍ និង​តួនាទី​របស់​ទីក្រុង​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​លើ​ឆាក​អន្តរជាតិ​។​
 
​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង នឹងធ្វើ​បទ​បង្ហាញ​អំពី «​ទីក្រុង​ដែលមាន​ភាព​ធន់​៖ ការគិតគូរ​ពី​បញ្ហា​ប្រឈម និង​ការស្ថាបនា​ទីក្រុង​ឡើងវិញ​» ខណៈ​អតីត​អភិបាល​រាជធានី​ភ្នំពេញ​មួយចំនួន​ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ និង​ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​ផ្សេង​ពីគ្នា​ដូចជា​៖ ការសាកល្បង​ស្ថាបនា​ទីក្រុង​ឡើងវិញ សកម្មភាព​នៃ​ការស្ថាបនា​ទីក្រុង ការគ្រប់គ្រង​ប្រជាពលរដ្ឋ ជាដើម​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​ពិធី​ប្រកាស​បើ​មហាសន្និបាត AIMF លើក​ទី​៣៩​ផ្លូវកា នា​ថ្ងៃទី​៤ ខែធ្នូ បន្ទាប់ពី​មានការ​ចូលរួម​ថ្លែង​សន្ទរកថា ពី​សំណាក់ លោក ឃួ​ង ស្រេង ដែលជា​ម្ចាស់ផ្ទះ លោកស្រី Annel Hidalgo ប្រធាន AIMF និង​ជា​អភិបាលក្រុង​ប៉ារីស រួមទាំង​លោកស្រី Louise Mushikiwabo អគ្គលេខាធិការ​ហ្វ្រ​ង់​កូ​ហ្វូ​នី​។​
 
​មហាសន្និបាត​នេះ នឹង​ផ្តោតលើ​ការធ្វើ​បច្ចុប្បន្នភាព​នៃ​បញ្ជី​សមាជិកភាព សកម្មភាព​ការងារ​កន្លងមក  ការពិនិត្យ​សម្រេច​គម្រោង​ថវិកា​ឆ្នាំ​២០២០ ការចូល​ជា​សមាជិក​នៃ Observatoire international des Maires en danger, ការចូល​ជា​សមាជិក​ថ្មី និង​ការកំណត់​កាលបរិច្ឆេទ ទីតាំង​សម្រាប់​មហាសន្និបាត​បន្ទា​ប់​។​
 
​ប្រតិភូ​នៃ AIMF ក៏មាន​កម្មវិធី​ចូល​ក្រាបបង្គំ​ព្រះករុណា​ព្រះមហាក្សត្រ​ផងដែរ មុន​ចេញដំណើរ​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត បាយ័ន តា​ព្រហ្ម នៅ​ខេត្តសៀមរាប​។​
 
AIMF ដែលមាន​ឈ្មោះ​ពេញ​ថា Association Internationale des Maires Francophone ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៩ ដោយ​ក្រុង​ស្ថាបនិក​ចំនួន​២០ ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក Jacques Chirac អតីត​ប្រធានាធិបតី​បារាំង និង​ជា​អតីត​អភិបាល​ក្រុងប៉ារីស នាពេលនោះ​។ ស្ថាបនិក​មួយរូប​ទៀត គឺ​អតីត​អភិបាលក្រុង​កេ​ប៊ិច Jean Pelletier​។​
 
​លោកស្រី Anne Hidalgo អភិបាលក្រុង​ប៉ារីស​នា​ពេលបច្ចុប្បន្ន ជា​ប្រធាន AIMF ដោយមាន​លោក Pierre Baillet ជា​អគ្គលេខាធិការ​អចិន្ត្រៃយ៍​តាំងពី​ឆ្នាំ​២០០៩ មក​។​
 
​នៅ​កម្ពុជា រាជធានី​ភ្នំពេញ បាន​ក្លាយជា​សមាជិក AIMF តាំងពី​ឆ្នាំ​១៩៩០ មក បន្ទាប់មក មាន​ខេត្តសៀមរាប (​ឆ្នាំ​២០០០) ខេត្តកំពត (​ឆ្នាំ​២០០៧) និង ខេត្តបាត់ដំបង (​ឆ្នាំ​២០១៦)​។​
 
​ភ្នំពេញ បាន​ក្លាយជា​ម្ចាស់ផ្ទះ​មហាសន្និបាត​លើក​ទី​៣៩ បន្ទាប់ពី​ក្រុង Lille ប្រទេស​បារាំង ដែល​បានរៀបចំ​កាលពី​ឆ្នាំមុន​។ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នា​សន្និសីទ​សារព័ត៌មាន​កន្លងមក​ថា នេះ​ជា​កិត្តិយស សមត្ថភាព រូបភាព​វិជ្ជមាន​នៃ​ទិដ្ឋភាព​នយោបាយ និង​សង្គម​ដែល​បង្ហាញ​ពី​ស្ថិរភាព និង​សន្តិសុខ គឺជា​ផលប្រយោជន៍​ធំ ដែល​កម្ពុជា​ទទួលបាន​ពី​កិច្ចប្រជុំ​អន្តរជាតិ​។​
 
«​មតិ​ខ្លះ​សង្ស័យថា តើ​ភ្នំពេញ ឬ​កម្ពុជា ស្ថិតនៅ​ដំណាក់​កាលណា​? មាន​វិបត្តិ​អ្វី មាន​សន្តិសុខ​ទេ​? ដូច្នេះ​តាមរយៈ​មហាសន្និបាត​នេះ យើង​នឹង​បង្ហាញ​ទៅកាន់​ពិភពលោក ពិសេស​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង ថា​កម្ពុជា​មានការ​អភិវឌ្ឍ និង​សន្តិសុខ​ល្អ​។​»​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក​អភិបាលរង​៕
 
​រូបថត​ទាំងអស់​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​
 














Tag:
 AIMF
© រក្សាសិទ្ធិដោយ thmeythmey.com