កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីហ្គេម៖ ត្រឹម២ថ្ងៃ ហ្វីលីពីនឈ្នះមេដាយមាសជាង៣០ ខណៈ២ឆ្នាំមុនឈ្នះតែ២៤ប៉ុណ្ណោះពេញមួយព្រឹត្តិការណ៍
× គិតត្រឹមថ្ងៃទីពីរនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ (SEA Games 2019) ម្ចាស់ផ្ទះហ្វីលីពីនអាចរកបានមេដាយមាសដល់ទៅចំនួន ៣១ ពោលគឺលើសកាលពីឆ្នាំ២០១៧ ដែលពួកគេទទួលបានមេដាយមាសតែ២៤ប៉ុណ្ណោះពីការប្រកួតពេញមួយព្រឹត្តិការណ៍តែម្តង។
កាលពី SEA Games 2017 ម្ចាស់ផ្ទះម៉ាឡេស៊ីរកបានមេដាយមាសសរុប១៤៥ ក្នុងចំណោមមេដាយទាំងបីប្រភេទចំនួន៣២៣ ខណៈដែលហ្វីលីពីនរកបានមេដាយសរុបបានចំនួន១២១ ក្នុងនោះមាស២៤។ កាលនោះ ម៉ាឡេស៊ីទទួលបានការរិះគន់ពីសំណាក់ប្រទេសដែលចូលរួមប្រកួតប្រជែងផងដែរ ជុំវិញការកំណត់មេដាយដល់អត្តពលិកខ្លួនក្នុងនាមជាម្ចាស់ផ្ទះ។
ក៏មិនខុសគ្នាកាលពី២ឆ្នាំមុនដែរ ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ានឆ្នាំ២០១៩នេះ ហ្វីលីពីនកំពុងនាំមុខ តាមរយៈការទទួលបានមេដាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រោយបើកការប្រកួតជាផ្លូវការតែចំនួន២ថ្ងៃប៉ុណ្ណោះ។ គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី២ ខែធ្នូនេះ ហ្វីលីពីនរកបានមេដាយចំនួន៦០រួចទៅហើយ ដោយក្នុងនោះមាស៣១ ប្រាក់១៩ និងសំរឹទ្ធិ១០។
វៀតណាម ស្ថិតនៅចំណាត់ថ្នាក់ទី២ ដោយរកបានមេដាយសរុបបណ្តោះអាសន្នចំនួន៤១ ក្នុងនោះមាស១០ ប្រាក់១៧ និងសំរឹទ្ធិ១៤ តាមពីក្រោយដោយម៉ាឡេស៊ីដែលរកបានមេដាយមាស១០ ប្រាក់២ និងសំរឹទ្ធិ៧ សរុប១៩។ ឥណ្ឌូណេស៊ីនៅលេខរៀង៤ដោយរកបានមាស៦ ប្រាក់១០ សំរឹទ្ធិ៧ សរុប២៣។
ផ្ទុយទៅវិញថៃដែលទទួលបានមេដាយច្រើនលំដាប់ទីពីរ ឆ្នាំ២០១៧ ទើបរកបានមេដាយមាស៦ ប្រាក់៧ និងសំរឹទ្ធិ១៤ប៉ុណ្ណោះ នឹងឈរនៅចំណាត់ថ្នាក់ទី៥ក្នុងតារាងមេដាយ។
បើតាមការកត់សម្គាល់ក្នុងការប្រកួតកីឡា SEA Games កន្លងមក ម្ចាស់មានអត្តិភាពក្នុងការទទួលបានមេដាយច្រើនពីវិញ្ញាសាសម្តែងតាមរយៈការដាក់ពិន្ទុពីមន្ត្រីអាជ្ញាកណ្តាល។ មួយវិញទៀត ម្ចាស់ផ្ទះក៏មានសិទ្ធិដាក់ប្រភេទកីឡា ឬវិញ្ជាសាដែលមានភាគរយខ្ពស់សម្រាប់ប្រជែងយកមេដាយផងដែរ។
ខាងក្រោយនេះជាលទ្ធផលមេដាយបណ្តោះអាសន្ន សម្រាប់ប្រទេសចូលរួមទាំង១១៖
© រក្សាសិទ្ធិដោយ thmeythmey.com