ក្រោយ​ស្ងៀមស្ងាត់​១​សប្តាហ៍ ពលរដ្ឋ​ហុងកុង​រាប់ម៉ឺន​នាក់​ចេញ​តវ៉ា​តាម​ដងផ្លូវ​ជាថ្មី​
អន្តរជាតិ
ក្រោយ​ស្ងៀមស្ងាត់​១​សប្តាហ៍ ពលរដ្ឋ​ហុងកុង​រាប់ម៉ឺន​នាក់​ចេញ​តវ៉ា​តាម​ដងផ្លូវ​ជាថ្មី​
02, Dec 2019 , 8:59 pm        
រូបភាព
បាតុករហុងកុង ធ្វើសកម្មភាពតវ៉ា នៅក្នុងតំបន់ Kowloon នៃទីក្រុង ហុងកុង នៅថ្ងៃ ១ ធ្នូ ២០១៩ (AFP)
បាតុករហុងកុង ធ្វើសកម្មភាពតវ៉ា នៅក្នុងតំបន់ Kowloon នៃទីក្រុង ហុងកុង នៅថ្ងៃ ១ ធ្នូ ២០១៩ (AFP)
​ពលរដ្ឋ​ហុងកុង​រាប់ម៉ឺន​នាក់ បាន​ត្រលប់មក​ធ្វើ​សកម្មភាព​តវ៉ា​តាម​ដងផ្លូវ​ជាថ្មី នៅ​ថ្ងៃអាទិត្យ ១ ធ្នូ ពោលគឺ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​បេក្ខជន​គាំទ្រ​ប្រជាធិបតេយ្យ បានឈ្នះ​អាសនៈ​ច្រើន​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក​។ ក៏ប៉ុន្តែ​សកម្មភាព​តវ៉ា​របស់​ក្រុមបាតុករ ធ្លាក់ចូល​ក្នុងស្ថានភាព​តានតឹង​យ៉ាង​លឿន​រហ័ស ដោយមាន​ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​ប៉ូលិស​ហុងកុង ហើយ​រហូតដល់​ពាក់កណ្ដាល​យប់ ក្រុម​ជនពាល​មួយ​ក្តាប់​តូច​បាន​បំផ្លិចបំផ្លាញ​ហាង​ទំនិញ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ចិនដីគោក​។  ជាការ​ឆ្លើយតប ប៉ូលិស បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ​។​

 
​ក្រោយ​មាន​ភាពស្ងប់ស្ងាត់​ជិត​២​សប្តាហ៍ ភាពចលាចល​វិល​ត្រលប់​មកវិញ​ក្នុង​តំបន់ Kowloon នៃ​ក្រុង​ហុងកុង នៅ​ល្ងាច​ចុង​សប្តាហ៍​mun​។ ខណៈ​ផ្តើមដំបូង​ដោយ​អហិង្សា បាតុករ​មួយក្រុម​បាននាំគ្នា​គប់​ដុំថ្ម ហើយ​ពួក​ជ្រុលនិយម​មួយក្រុម​ទៀត បាន​វាយកម្ទេច​ហាង​ទំនិញ និង​ភោជនីយដ្ឋាន​ខ្លះ ព្រមទាំង​បំផ្លិចបំផ្លាញ​ច្រកទ្វារ​ស្ថានីយ​រថភ្លើង Whampoa ផងដែរ​។ 
 
​ដោយ​លើក​គ្រវី បដា ដែល​សរសេរថា «​កុំ​ភ្លេច​មូលហេតុ​ដែល​យើង​បានចាប់ផ្តើម​» ក្រុមបាតុករ ចង់​បង្ហាញថា ទោះបី​ទទួលជោគជ័យ​ក្នុងការ​បោះឆ្នោត​ក្តី ក៏​ពួកគេ​នៅតែ​បន្តធ្វើ​សកម្មភាព​តវ៉ា​ដែល​នឹង​ចូលដល់​ខែ​ទី​៧ នា​សប្តាហ៍​ក្រោយ ពោលគឺ​រហូតដល់​ការទាមទារ​ទាំងអស់រ​បស់​ពួកគេ​បានសម្រេច ។ ក្នុងនោះ​គឺមាន ការរៀបចំ​ការបោះឆ្នោត​ដោយ​សេរី​ជ្រើសរើស​មេដឹកនាំ​ហុងកុង និង​ការបង្កើត​គណៈកម្មាធិកា​រ​ឯករាជ្យ​ស៊ើបអង្កេត​សកម្មភាព​ប៉ូលិស​ជាដើម​។​
 
​មួយ​ម៉ោង​ក្រោយ​ពលរដ្ឋ​ហុងកុង​បានចាប់ផ្តើម​ធ្វើ​សកម្មភាព​តវ៉ា​តាម​ដងផ្លូវ ប៉ូលិស បញ្ជាក់ថា បាតុករ​មួយក្រុម​បាន​ដុត​គ្រាប់​បែកផ្សែង និង​គប់​ដប​សាំង​លើ​រថយន្ត​ប៉ូលិស ហើយ​ព្យាយាម​បិទផ្លូវ​ទៀតផង ជាហេតុ​ធ្វើ​ឲ្យ​ប៉ូលិស​សម្រេចចិត្ត​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ​លើ​ហ្វូងមនុស្ស​កកកុញ​ទាំងនោះ​។ ឈានដល់​ពេលយប់ ប្រឈមមុខ​ដាក់គ្នា​ម្តងទៀត បាន​ផ្ទុះឡើង​រវាង​ក្រុម​សកម្មជន​ជួរមុខ និង​ប៉ូលិស​ក្នុង​ស្ថានីយ​រថភ្លើង Whampoa ហើយ​ក្រោយមក បាតុករ​យ៉ាងតិច​៣​នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​។​


បាតុករហុងកុងមួយក្រុមទៀត លើកបដានៅមុខស្ថានកុងស៊ុលអាមេរិកក្នុងក្រុងហុងកុង នៅថ្ងៃ១ ធ្នូ ២០១៩ (AFP)
 
​អ្នករៀបចំ​ការតវ៉ា​នេះ បញ្ជាក់ប្រាប់​កាសែត South China Morning Post ថា មនុស្ស ៣៨​ម៉ឺន​នាក់​បាន​ចូលរួម​ក្នុង​សកម្មភាព​តវ៉ា​តាម​ដងផ្លូវ​នៅ​ថ្ងៃអាទិត្យ ខណៈ​ប៉ូលិស​ប៉ាន់​ស្មានថា អ្នកចូលរួម​មាន​ត្រឹម​១៦០០០​នាក់​ប៉ុណ្ណោះ​។  
 
​ក្នុងការ​ប្រមូលផ្តុំ​ដាច់ដោយឡែក​មួយ​កាលពី​អាទិត្យ ក្រុមបាតុករ​ហុងកុង​រាប់រយ​នាក់  បាន​លើក​ទង់ជាតិ​អាមេរិក​គ្រវីគ្រវាត់ ដោយ​អ្នកខ្លះ​ពាក់មួក​និង​អាវយឺត​រូបលោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ខណៈ​ពួកគេ​កាន់​បដា​រូបលោក​ត្រាំ ឈរលើរ​រថក្រោះ​មួយគ្រឿង ដោយមាន​ទង់ជាតិ​អាមេរិក​នៅ​ពីក្រោយ​។ ចំណែក​បដា​មួយទៀត សរសេរថា​៖«​លោក​ប្រធានាធិបតី ត្រាំ សូមជួយ​ធ្វើ​ឲ្យ​ក្រុង​ហុងកុង​មាន​សេរីភាព​»​។ 
 
​កាលពី​សប្តាហ៍​មុន លោក ត្រាំ បាន​ចុះហត្ថលេខា​លើ​សំណើ​ច្បាប់​គាំទ្រ​ប្រជាធិបតេយ្យ​បាតុករ​ហុងកុង ទោះបី​រង​ការប្រឆាំង​ទាំង​កំហឹង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័​៌​ត៌មាន AFP បុរស​ម្នាក់​ស្រែក​ប្រកាស​តាមរយៈ​មេក្រូ​ថា​៖«​អរគុណ​លោក​ប្រធានាធិបតី ត្រាំ សម្រាប់​អំណោយ​ដ៏​ធំ​របស់​អ្នក​ទៅកាន់​ទីក្រុង​ហុងកុង ហើយ​សូម​ឲ្យ​ព្រះ​ផ្តល់​ពរ​ដល់​អាមេរិក​»​។  
 
បើ​ចូល​ជា​ធរមាន ច្បាប់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ហុងកុង នឹង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​វាយតម្លៃ​ជាប្រចាំ​ឆ្នាំ​លើ​ការអភិវឌ្ឍ​នយោបាយ​ក្នុង​ទីក្រុង​នេះ​។ នោះ​គឺ​មើលថា ហុងកុង នៅតែ​អាច​រក្សា​លក្ខខណ្ឌ​ស្វ័យភាព​គ្រប់គ្រាន់ ដាច់ដោយឡែក​ពី​ចិនដីគោក ក្នុង​គោលដៅ​រក្សា​ការផ្តល់​ឲ្យ​ពិសេស​ពី​សហរដ្ឋអាមេរិក​។ ទន្ទឹមនេះ ច្បាប់​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​នេះ ក៏​នឹង​បើកផ្លូវ​ឲ្យ​រដ្ឋបាល​លោក​ត្រាំ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​ដែល​ទទួលខុសត្រូវ​ចំពោះ​ការបំផ្លិចបំផ្លាញ​សិទ្ធិមនុស្ស និង​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​៕



Tag:
 ហុងកុង​
  បាតុកម្ម​
  ប៉ូលិស​
© រក្សាសិទ្ធិដោយ thmeythmey.com