ជាតិ
រថយន្ត
ករណី​ផ្លូវ​ខូច​១២០០​ករណី ត្រូវបាន​ដោះស្រាយ តាមរយៈ​«ROAD CARE Mobile App»
02, Dec 2019 , 7:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «ROAD CARE Mobile App» បង្កើតឡើង ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ពលរដ្ឋ អាច​រាយ​ការ​-​ណ៍​ពី​ផ្លូវ​ដែល​ត្រូវ​ជួសជុល មាន​ជង្ហុក​សំបុកមាន់​។ កម្មវិធី​ថែទាំ​ផ្លូវ​នេះ អាច​ឲ្យ​អ្នកប្រើប្រាស់​រាយការណ៍​ទាន់ពេលវេលា​ពី​ផ្លូវ​ខូចខាត និង​បានផ្តល់​ងាយស្រួល ដែល​បង្ហាញ​ពី​ទីតាំង​ភូមិសាស្ត្រ​ច្បាស់លាស់​។ ករណី​ផ្លូវ​ខូច​១២០០​ករណី ត្រូវបាន​ដោះស្រាយ តាមរយៈ​«ROAD CARE Mobile App»​។​



«​គ្មាន​ការរាយការណ៍​ណា ដែល​យើង​រក​មិនឃើញ​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ាង សុទ្ធា​យុត្តិ ដែល​បាន​បន្ថែ​ថា ពលរដ្ឋ​ដែល​ឃើញ​បញ្ហា​ផ្លូវ​ខូច​នោះ អាច​រាយការណ៍​មកកាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តាមរយៈ​«ROAD CARE Mobile App»  ដោយ​គ្រាន់តែ​ថតរូប​១​សន្លឹក​ភ្ជាប់​នឹង​សំណេរ​ខ្លី រួច​ផ្តល់​មក​តាម​កម្មវិធី​ថែទាំ​ផ្លូវ​នេះ  នោះ​មន្ត្រី​ជំនាញ​តាម​មូលដ្ឋាន​នីមួយៗ នឹង​ដោះស្រាយ​។ បន្ទាប់ពី​បញ្ចប់​ការជួលជុល​ហើយ មន្ត្រី​ជំនាញ នឹង​បង្ហាញ​រូប​ផ្លូវ​ជួសជុល​ហើយ ត្រឡប់​ទៅ​ពលរដ្ឋ​វិញ តាម​កម្មវិធី​ថែទាំ​ផ្លូវ​នេះ​។

​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន បាន​និយាយថា​៖«ROAD CARE Mobile App មាន​ប្រជាពលរដ្ឋ រាយការណ៍​ពី​បញ្ហា​ផ្លូវ ១៧០០​ករណី នៃ​ចំនួន​អ្នកប្រើប្រាស់ ១៤០០០​នាក់ ដែល​បាន​ប្រើប្រាស់​កម្មវិធី​នេះ​។ បច្ចុប្បន្ន​មាន​បញ្ហា ១២០០ ករណី​ត្រូវបាន​ដោះស្រាយ ដែល​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​»​។

​បើតាម​លោក ហ៊ាង សុទ្ធា​យុត្តិ ក្រៅពី​រាយការណ៍​ពី​ស្ថានភាព​ផ្លូវ​ហើយ​នោះ ពលរដ្ឋ​អាច​រាយការណ៍​ពី​បញ្ហា​សង្គម​ដូចជា ចរាចរ ភ្លើង​សញ្ញា​ចរាចរ និង​បញ្ហា​បរិស្ថាន​ជាដើម​។​

​សូមបញ្ជាក់ថា ROAD CARE Mobile App បាន​បើក​ដំណើការ​ឲ្យ​ប្រើប្រាស់ នៅ​ថ្ងៃទី​១៣ធ្នូ ឆ្នាំ​២០១៨ កន្លងទៅ​។ កម្មវិធី​ថែទាំ​ផ្លូវ​នេះ​ត្រូវបាន ដាក់​ឲ្យ​ដំណើការ នៅ​ទូទាំងប្រទេស​៕




Tag:
 ចរាចរ​
  ROAD CARE Mobile App
 ​ជួសជុល​ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com