ជាតិ
នយោបាយជាតិ
សម្តេច ហេង សំរិន៖ ៤១ឆ្នាំនៃ«សា្មរតី២ធ្នូ» បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍគ្រប់វិស័យ
× ភ្នំពេញ៖ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា(រណសិរ្ស២ធ្នូ) មិនត្រឹមតែសង្គ្រោះកម្ពុជា ឱ្យចាកផុតពីមហន្តរាយនៃរបបប្រល័យពូជសាសន៍នោះទេ គឺថែមទាំងជួយស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិគ្រប់ទិសទី។ នេះជាការលើកឡើងរបស់សម្តេច ហេង សំរិន ដែលបានបន្ថែមថា រណសិរ្ស២ធ្នូ បានធ្វើឱ្យមាតុភូមិកម្ពុជាកែមុខមាត់ថ្មី ជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្ន។
ថ្លែងចំពោះមុខសមាជិកបក្ស នៅក្នុងពិធីប្រារព្ធខួបលើកទី៤១នៃរណសិរ្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នហៅ «ការបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» នៅថ្ងៃទី២ ធ្នូ ឆ្នាំ២០១៩ សម្តេច ហេង សំរិន បានបញ្ជាក់ថា ការរួបរួមគ្នាជាធ្លុងមួយ ទើបឈានទៅដល់ការអភិវឌ្ឍប្រកបដោយវឌ្ឍនភាព។
«យើងបានលុបបំបាត់នូវស្នាមបែកបាក់ប្រេះឆាក្នុងសង្គមជាតិ ធ្វើឱ្យធ្លុងមហាសាមគ្គីជាតិកាន់តែរឹងមាំឡើង។ មហាសាមគ្គីផ្ទៃក្នុងជាតិ ជាឧត្ដមភាព និងជាមូលដ្ឋានគ្រឹះដើម្បីឈានទៅសម្រេចនូវគោលដៅចុងក្រោយ គឺការស្ថាបនាប្រទេសកម្ពុជាមួយប្រកបដោយវឌ្ឍនភាព ដែលប្រជាជនយើង នឹងបានរស់នៅយ៉ាងសម្បូរណ៍សប្បាយក្នុងសន្ដិភាព សេរីភាព យុត្ដិធម៌ និងភាពថ្លៃថ្នូរជារៀងរហូតតទៅ នៅលើមាតុភូមិរបស់ខ្លួន »។ នេះជាការលើកឡើង របស់សម្តេច ហេង សំរិន ។
បើតាមសម្តេច ហេង សំរិន ស្មារតី២ធ្នូ និងស្មារតី៧ មករា បានចារិកជាប់ក្នុងមនសិការបស់ប្រជាជនខ្មែរគ្រប់រូប និងបានប្រែក្លាយជាកម្លាំងយ៉ាងធំធេងក្នុងការបង្កើតសមិទ្ធផលធំនៃសង្គមជាតិ។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានប្រមូលក្រុមអ្នកស្នេហាជាតិមួយក្រុមនៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏បានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ នេះបើតាមសម្ដេច ហ៊ុន សែន៕
Tag:
២ធ្នូ
៧មករា
ហេង សំរិន
© រក្សាសិទ្ធិដោយ thmeythmey.com