អន្តរជាតិ
ចិន ស្នើ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍ ថត​ទម្រង់​មុខ​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​លេខ​ទូរ​សព្ទ​ថ្មី​
02, Dec 2019 , 9:39 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ចិន បានស្នើ​ឲ្យ​ប្រតិបត្តិ​ករ​ប្រព័ន្ធ​ទូរគមនាគមន៍ ប្រមូលយក​ទម្រង់​មុខ​របស់​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​លេខ​ទូរ​សព្ទ​ថ្មី ចាប់ពី​ថ្ងៃទី​១ ខែធ្នូ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អាជ្ញាធរ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ចិន​។ ការណ៍​នេះ ត្រូវបាន​អ្នកជំនាញ​មើលឃើញថា អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ឯកជន​របស់​បុគ្គល​ម្នាក់ៗ​។


 
​កាលពី​ខែកញ្ញា​កន្លងទៅ ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន និង​ឧស្សាហកម្ម​របស់​ចិន បាន​បញ្ចេញ​ឯកសារ​មួយច្បាប់​ស្តីពី ការការពារ​សិទ្ធិ​ស្របច្បាប់ និង​ផលប្រយោជន៍រ​ប្រជាពលរដ្ឋ​តាម​ប្រព័ន្ធ​អន​ឡាញ​។ តាមរយៈ​ឯកសារ​នេះ ចិន បាន​បង្កើត​ច្បាប់​មួយចំនួន ដើម្បី​ចាប់បង្ខំ​ឲ្យ​ប្រើប្រាស់​ឈ្មោះ​ពិត សម្រាប់​អ្នកប្រើប្រាស់​លេខ​ទូរ​សព្ទ​ថ្មីៗ និង​តាម​បណ្តាញ​សង្គម​ផ្សេងៗ​។ ឯកសារ​ខាងលើនេះ បាន​ជំរុញ​ឲ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ គួរតែ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត និង​បច្ចេកវិទ្យា​ផ្សេងៗ ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​លេខ​ទូរ​សព្ទ​ថ្មីៗ​។  
 
​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP អ្នកតំណាង​បំរើសេវា​ទូរ​សព្ទ​សម្រាប់​អតិថិជន​របស់​ចិន Unicom នៅ​ថ្ងៃទី​១ ខែធ្នូ ថា ការថត​ទម្រង់​មុខ ត្រូវបាន​ស្នើ​ឲ្យ​មាន​សម្រាប់ អតិថិជន ដែល​ចុះឈ្មោះ​ប្រើប្រាស់​លេខ​ទូរ​សព្ទ​ថ្មី​។ ប៉ុន្តែ អ្នកស្រាវជ្រាវ​មួយចំនួន បាន​ព្រមាន​ថា ការថត​ទម្រង់​មុខ​របស់​អ្នក​ទើបតែ​ប្រើប្រាស់​លេខ​ទូរ​សព្ទ​ថ្មី អាចធ្វើ​ឲ្យ​ប៉ះពាល់​បញ្ហា​សន្តិសុខ​ឯកជន​របស់​បុគ្គល​ម្នាក់ៗ ខណៈពេល​ប្រជាជន​ចិន​ជាច្រើន កំពុងតែ​ដេញតាម​បច្ចេកវិទ្យា​ទំនើបៗ​។  នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ទាក់ទិន​ទៅនឹង​បញ្ហា​នេះ នា​ដើមខែ​វិច្ឆិកា សាស្ត្រាចារ្យ​ចិន​ម្នាក់ បានដាក់​ពាក្យបណ្តឹង​លើកដំបូង​ប្រឆាំង​ទៅនឹង​ការថត​ទម្រង់​មុខ លើ​សួនសត្វ Safari នៅក្នុង​ទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេស​ចិន ទៅ​តុលាការ​ស្រុក​មួយ​។ ការណ៍​នេះ បានបង្ហាញ​ពី​ការមិន​ពេញចិត្ត​លើ​ការថត​យក​ទម្រង់​មុខ​ពី​សំណាក់​ប្រជាជន​ចិន​។ 
 
​សូមបញ្ជាក់ថា នៅក្នុង​ចំណាត់ការ​កន្លងមក រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​បង្ខំ​ឲ្យ​បណ្តាញ​សង្គម​របស់​ចិន Weibo មានការ​ចុះ​គណនី​ឈ្មោះ​ពិត ក្នុង​ឆ្នាំ​២០១២ ។ នៅក្នុង​ឆ្នាំ ២០១៣ ចិន បាន​ជំរុញ​ប្រព័ន្ធ​ទូរគមនាគមន៍​មួយចំនួន ឲ្យ​អតិថិជន​របស់ខ្លួន​ចុះឈ្មោះ​ពិត តាមរយៈ​ការភ្ជាប់​អត្តសញ្ញាណ​ប័​ណ្ឌ​ទៅនឹង​លេខ​ទូរ​សព្ទ​ថ្មី​នោះ​។ រហូតមកដល់​ពេលនេះ ចិន​បាន​ជំរុញ​ឲ្យ​មានការ​ថត​យក​ទម្រង់​មុខ​ថែមទៀត​។ ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​ចិន​បែបនេះ គឺធ្វើឡើង​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ផលប្រយោជន៍​សាធារណៈ​៕

Tag:
 ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com