អន្តរជាតិ
អូស្ត្រាលី បង្កើត​ក្រុមការងារ​កម្រិត​ខ្ពស់​ប្រឆាំង​អំពើ​ចារកម្ម
02, Dec 2019 , 10:19 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Scott Morisson  (AFP)
លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Scott Morisson (AFP)
ដោយ:
​អូស្ត្រាលី នៅ​ថ្ងៃ​ចន្ទ ២ ធ្នូ បាន​បង្កើត​ក្រុមការងារ​កម្រិត​ខ្ពស់​មួយ ដែលមាន​គោលដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​អ្វីដែល​មន្ត្រី អះអាងថា ការជ្រៀតជ្រែក​ក្នុងប្រទេស​។ ការសម្រេច​នេះ ក៏​ធ្វើឡើង​ក្រោយពី​មានការ​លើកឡើង​ពី​ប្រតិបត្តិការ​ចារកម្ម​របស់​ចិន​ក្នុងប្រទេស​អូស្ត្រាលី​។​

 
​លោកនាយក​រដ្ឋមន្ត្រី Scott Morisson បញ្ជាក់​ឲ្យ​ដឹងថា ក្រុមការងារ​ថ្មី​នេះ នឹងមាន​រាប់បញ្ចូល​ភ្នាក់ងារ​សម្ងាត់​ជាន់ខ្ពស់​ទាំងអស់​របស់​ប្រទេស ហើយ​ពួកគេ​បាន​គោលដៅ​ចម្បង​a​ក្នុងការ​រំខាន​និង​រារាំង​បុគ្គល​ដែល​ប៉ុនប៉ង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ផលប្រយោជន៍​ជាតិ​របស់​អូស្ត្រាលី​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុមការងារ​កម្រិត​ខ្ពស់​ថ្មី​នេះ នឹង​គ្រប់គ្រង​ភ្នាក់ងារ​សម្ងាត់ ដែលជា​ទូទៅ​ទទួលខុសត្រូវ​តាមដាន​ការគំរាមកំហែង​បរទេស​, សម្របសម្រួល​ជាមួយ​ប៉ូលិស​សហព័ន្ធ​ដើម្បី​កំណត់​អត្តសញ្ញាណ និង​កាត់ទោស ឬ​បណ្ដេញចោល​ភ្នាក់ងារ​បរទេស​។ 
 
​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ ក្នុង​រដ្ឋធានី កង់​បេ​រ៉ា លោកនាយក​រដ្ឋមន្ត្រី Morrison គូសបញ្ជាក់​បែបនេះ​៖«​យើង​នឹង​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ថ្មី​ទាំង​សមត្ថភាព​ស៊ើបអង្កេត ក៏ដូចជា លទ្ធភាព​ក្នុង​ការបើក​ការស៊ើបអង្កេត ហើយ​រំខាន​សកម្មភាព​ពួកគេ ឬ​ការកាត់ទោស​»​។ លោក បន្តថា ក្រុមការងារ​ដែលមាន​គោលដៅ​ប្រឆាំង​ការ​ជ្រែ​ត​ជ្រែក​ពី​បរទេស​នេះ គឺ​ផ្តោតលើ​ការកំណត់​រូបភាព​នៃ​ការ​ជ្រែ​ត​ជ្រែក រារាំង និង​កាត់ទោស​។ មេដឹកនាំ​វ័យ​៥១​ឆ្នាំ​រូបនេះ ពុំបាន​លើក​ឈ្មោះ​ចិន​ចំៗ​នោះទេ ដោយ​សង្កត់ធ្ងន់ថា ការ​លូកដៃ​ពី​សំណាក់​បរទេស កើតឡើង​ក្នុង​ប្រភព​ច្រើន​ខុសៗ​គ្នា ហើយ​កំពុង​វិវត្តន៍​ទៅជា​ការគំរាមកំហែង​។​
 
​ក៏ប៉ុន្តែ​ការប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ កើតឡើង​បន្ទាប់ពី​មានការ​អះអាង​ដោយ​ភ្ញាក់ផ្អើល​ថា អាជ្ញាធរ​អូស្ត្រាលី​កំពុង​ស៊ើបអង្កេត​លើ​ការលើកឡើង​របស់លោក Wang Ligiang ស្តីពី​អំពើ​ចារកម្ម​របស់​ចិន ។ បុរស​រូបនេះ​បាន​អះអាងថា ខ្លួន​លោក​ជា​អ្នក​រត់ចោលជួរ​របស់​ចិន​។ ម្យ៉ាងទៀត ការបង្កើត​ក្រុមការងារ​កម្រិត​ខ្ពស់​នេះ ក៏​ធ្វើឡើង​ក្រោយពី​អតីត​អង្គការ​សម្ងាត់​សន្តិសុខ​អូស្ត្រាលី លោក Duncan Lewis កាលពី​ថ្មីៗ​នេះ និយាយថា ចិន​ចង់​គ្រប់គ្រង​ប្រព័ន្ធ​នយោបាយ​របស់​អូស្ត្រាលី​ជាមួយ​ការប្រើប្រាស់​កលឧបាយ និង​យុទ្ធនាការ​ជា​ប្រព័ន្ធ​នៃ​ការធ្វើ​ចារកម្ម​និង​ការជំរុញ​ឥទ្ធិពល​។​
 
​ទន្ទឹមនេះ អាជ្ញាធរ​អូស្ត្រាលី ក៏​កំពុង​រកមើល​ជុំវិញ​ការអះអាង​មួយ​ថា ចិន​បាន​ព្យាយាម​ជួល​អ្នកជំនួញ​នៅ​ទីក្រុង Melbourne ម្នាក់ ហើយ​ជួយ​ឲ្យ​បុរស​រូបនេះ​ជាប់ឆ្នោត​ក្លាយជា​សមាជិកសភា​អូស្ត្រាលី​។ មាន​ឈ្មោះថា Bo Zhao ជា​អ្នកលក់​ឡាន​សេ​រ៊ី​ទំនើប​វ័យ​៣២​ឆ្នាំ ដែលជា​អតីត​សមាជិក​បក្ស​សេរីនិយម​របស់លោក​នាយ​ក​រដ្ឋមន្ត្រី Morrison ជាក់ស្តែង​បាន​បដិសេធ​ការផ្តល់ជូន​នេះ ហើយ​ត្រូវបាន​គេ​រកឃើញថា​បាន​ស្លាប់​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ កាលពី​ខែមីនា​។ លោក Morrison បានចាត់ទុក​ការចោទប្រកាន់​នេះ​ថា បញ្ហា​និង​គួរ​ឲ្យ​ព្រួយ​បា​ម្ភ ខណៈ​ចិន​ចាត់ទុក​ការអះអាង​នេះ​ថា ជាការ​កុហក ដោយ​ចោទប្រកាន់​អ្នកនយោបាយ​, អង្គការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អូស្ត្រាលី​ខ្លះ​ថា បាន​ប្រឌិត​សំណុំរឿង​ចារកម្ម​នេះ​ឡើង​។ 
 
​រដ្ឋាភិបាល​លោក Morrison កាលពី​ឆ្នាំមុន បាន​អនុ​ម័​យ​សំណើ​ច្បាប់​ការពារ​ការ​ជ្រែ​ត​ជ្រែក​ពី​បរទេស ក្រោយពី​អ្នកជំនួញ​ជនជាតិ​ចិន​ជាច្រើន​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​គណបក្ស​ខ្លះ​របស់​អូស្ត្រាលី និង​បេក្ខជន​ក្នុង​ឆាកនយោបាយ​អូ​ស្រា្ត​លី​។ ច្បាប់​នេះ បាន​តម្រូវ​ឲ្យ​មានការ​ចុះឈ្មោះ​មនុស្ស​ឬ​អង្គការ​ណាមួយ​ដែល​ធ្វើ​សកម្មភាព​ក្នុងនាម​រដ្ឋាភិបាល​បរ​ទេស​៕

Tag:
 អូស្ត្រាលី​
  ចិន​
  ចារកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com