ជាតិ
កម្ពុជា​ប្រើ​អុស​-​ធ្យូង ៦​លាន​តោន ដែល​ស្មើ​បាត់បង់​ព្រៃឈើ​ជាង​៧​ម៉ឺន​ហិកតា​ក្នុង​មួយឆ្នាំៗ​
03, Dec 2019 , 7:59 am        
រូបភាព
រូបពីអង្គការ Geres_2019
រូបពីអង្គការ Geres_2019
ដោយ:
​ភ្នំពេញ​៖ តម្រូវការ​ឈើ​ឥន្ធនៈ ដែល​រួមមាន អុស និង​ធ្យូង គឺ​កាន់តែ​កើនឡើង ដែល​បច្ចុប្បន្ន​ការប្រើប្រាស់​នៅ​កម្ពុ​ជាមាន​ប្រមាណ​៦​លាន​តោន​ក្នុង​មួយឆ្នាំ​។ នេះ​ជា​តួលេខ​ដែល​ត្រូវ​លើកឡើង​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​សម្រាប់​ផលិតកម្ម​ធ្យូង​ប្រកបដោយ​និរន្តរភាព ដែល​រៀបចំឡើង​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ (UNDP) នៅ​ថ្ងៃទី​២​ខែធ្នូ​នេះ​។​


 
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ UNDP អុស​ប្រមាណ ០,៨​លាន​តោន​ត្រូវបាន​ប្រើប្រាស់​ក្នុង​ឧស្សាហកម្ម​រោងចក្រ និង​សិប្បកម្ម​ផលិត​ឥដ្ឋ និង ១,៨​លាន​តោន​សម្រាប់​ការ​ចម្អិនម្ហូប​នៅតាម​គេហដ្ឋាន ក្នុង​មួយឆ្នាំ​។ រីឯ​ធ្យូង​វិញ បរិមាណ​ប្រមាណ ៣,៥​លាន​តោន​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គ្រួសារ និង​ភោជនីយដ្ឋាន​។ 
 
«​ការប្រើប្រាស់​ឈើ​ឥន្ធនៈ​ក្នុង​មួយឆ្នាំ នាពេល​បច្ចុប្បន្ននេះ មាន​បរិមាណ​ដល់​ប្រមាណ​៦​លាន​តោន ដែល​ស្មើនឹង​ការបាត់បង់​ព្រៃឈើ ៧១៦០០ ហិកតា​ជា​រៀងរាល់ឆ្នាំ​។ នេះ​ជា​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ ហើយ​មិនមែន​ដើម្បី​រក្សា​ព្រៃឈើ​ឲ្យ​នៅ​គង់វង្ស​ប៉ុណ្ណោះ​នោះទេ តែ​ក៏​ដើម្បី​លើកកម្ពស់​សុខុមាលភាព​មនុស្ស​ផងដែរ​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ​។​
 
​គួរ​បញ្ជាក់ថា ជាការ​រួមចំណែក​ឆ្លើយតប​នឹង​ក្ដីកង្វល់​នេះ UNDP បាន​សហការ​ជាមួយនឹង​អង្គការ Geres អង្គការ RECOFTC និង​ក្រុមហ៊ុន Okoone ដើម្បី​រៀបចំ​នូវ​ប្រព័ន្ធ​ឌីជីថល​បែប​ថ្មី​មួយ សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់ ក្នុង​គោលដៅ​លើកកម្ពស់​ផលិតកម្ម និង​ការប្រើប្រាស់​ធ្យូង​ប្រកបដោយ​និរន្តរភាព​។  ប្រព័ន្ធ​ឌី​ធី​ថ​ល​នេះ​ផ្ដល់នូវ​កម្មវិធី​សម្រាប់​តាមដាន​រក​ប្រភពដើម​នៃ​ការផលិត​ធ្យូង ការដឹកជញ្ជូន​ចែកចាយ​លក់​ធ្យូង និង​ការគ្រប់គ្រង​ការលក់​ធ្យូង នៅតាម​សហគមន៍​មួយចំនួន​។ ប្រព័ន្ធ​ថ្មី​នេះ ក៏មាន​មុខងារ​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេ​ឡេ​ត្រូ​និក (e-commerce) ដើម្បី​បង្កើន​ប្រសិទ្ធភាព​ចង្វាក់​ផ្គត់ផ្គង់​ធ្យូង​ទាំងមូល ដែលនាំឱ្យ​មានការ​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​ធ្វើឱ្យ​អតិថិជន​កាន់តែ​ងាយ​រកបាន​នូវ​ប្រភេទ​ធ្យូង​ដែលមាន​និរន្តរភាព​។ ក្រោម​ការដឹកនាំ​របស់​រដ្ឋបាល​ព្រៃឈើ ប្រព័ន្ធ​ឌីជីថល​នេះ​ត្រូវបាន​អនុវត្ត​សាកល្បង ប្រកបដោយ​ជោគជ័យ​ក្នុង​ខេត្តពោធិ៍សាត់​។ 
 
​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ឌីជីថល​នេះ លោក កែវ អូ​ម៉ាលី​ស ប្រ​ត​ភូ​ប្រធាន​រដ្ឋបាល​ព្រៃឈើ មានប្រសាសន៍​ដូច្នេះ​ថា​៖«​គម្រោង​សាកល្បង​ប្រព័ន្ធ​ឌីជីថល​នេះ​កំពុង​រួមចំណែក​ដល់​ការសម្រេចបាន​នូវ​សមិទ្ធផល​នានា ដូចដែល​មានចែង​ក្នុង​សេចក្ដីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ស្ដីពី​ព្រៃ​ផលិតកម្ម (NFSP) ផែនការមេ​ស្ដីពី​វិស័យ​កសិកម្ម និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​។ ផ្អែក​តាម​បទពិសោធន៍​ជោគជ័យ​នេះ រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយនឹង Geres កំពុង​ពង្រីក​សកម្មភាព​នេះ​ក្នុង​ខេត្ត​ចំនួន ២ (​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​)»​។ លោក​បន្តទៀតថា​៖«​ការអនុវត្ត​ល្អ និង​មេរៀន​ដែល​ទទួលបាន នឹងត្រូវ​ប្រើប្រាស់​ជា​ព័ត៌មាន​ដល់​រាជរដ្ឋាភិបាល​ថ្នាក់ជាតិ ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរ​នូវ​គោលនយោបាយ​លើកកម្ពស់​ផលិតកម្ម និង​ការប្រើប្រាស់​ឈើ​ឥន្ធនៈ​ប្រកបដោយ​និរន្តរភាព​នាពេល​អនាគត​»​។​
 
​លោក Nick Beresford អ្នកតំណាង UNDP លើកឡើង​បែបនេះ​ថា «​ប្រព័ន្ធ​ឌីជីថល​ថ្មី​នេះ អាចជួយ​ជំរុញ​ផលិតកម្ម និង​ការប្រើប្រាស់​ឈើ​ឥន្ធនៈ​ឱ្យ​កាន់​តែមាន​និរន្តរភាព និង​លើកកម្ពស់​ការគ្រប់គ្រង​ព្រៃ​សហគមន៍​ប្រកបដោយ​និរន្តរភាព​។ ព្រឹត្តិការណ៍​នៅថ្ងៃនេះ​ផ្ដល់នូវ​ឱកាស​ឱ្យ​យើងទាំងអស់គ្នា​ធ្វើការ​ស្វែងយល់​អំពី​ប្រព័ន្ធ​ឌីជីថល​នេះ​»​។​
 
​ប្រព័ន្ធ​ឌីជីថល​នេះ ត្រូវ​បានរៀបចំ​រួចរាល់ សម្រាប់​ប្រើប្រាស់​ក្នុង​ទីផ្សារ​។ ទាំង​បញ្ញត្តិ​ករ ទាំង​អ្នកប្រើប្រាស់​ឈើ​ឥន្ធនៈ អាច​កាត់បន្ថយ​ផលប៉ះពាល់​មកលើ​បរិស្ថាន ពី​ការប្រើប្រាស់​ធ្យូង​របស់​ពួកគេ​កាន់ ប្រសិនបើ​ពួកគេ​ប្រើប្រាស់​កម្ម​វី​ធី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡេ​ត្រូ​និក​នេះ ដើម្បី​ទិញ​ធ្យូង​យកមកប្រើ​ប្រាស់​។ ចុងក្រោយ ព្រឹត្តិការណ៍​នេះ​មានបំណង​ស្វែងរក​ការគាំទ្រ ដើម្បី​ពង្រីក​ការអនុវត្ត​ប្រព័ន្ធ​ឌីជីថល​នេះ​ជាមួយនឹង​សហគមន៍​ដទៃទៀត​នៅក្នុង​ប្រទេស ព្រមទាំង​គាំទ្រ​ដល់​ផលិតកម្ម និង​ការប្រើប្រាស់​អុស​ប្រកបដោយ​និរន្តរភាព ហើយ​ក្នុងពេល​ជាមួយគ្នា​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច និង​ការគ្រប់គ្រង​ព្រៃឈើ​នៅ​មូលដ្ឋាន​ក្នុងប្រទេស​កម្ពុជា​។ នេះ​បើតាម​សេ​ចក​ក្ដី​ប្រកាស​ព័ត៌មាន​៕

Tag:
 អុស​
  ធ្យូង​
  UNDP
© រក្សាសិទ្ធិដោយ thmeythmey.com