ចាំបាច់​គួរ​ដឹង​! អ្វី​នឹង​កើតឡើង​នៅពេល​បេះដូង​ដំណើរ​ការមិន​ប្រក្រតី​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ចាំបាច់​គួរ​ដឹង​! អ្វី​នឹង​កើតឡើង​នៅពេល​បេះដូង​ដំណើរ​ការមិន​ប្រក្រតី​?
04, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បេះដូង គឺជា​សរីរាង្គ​ដ៏​សំខាន់បំផុត​មួយ​ក្នុង​រាងកាយ​ដែល​ដើរតួនាទី​ចាំបាច់​ផ្គត់ផ្គង់​សារធាតុចិញ្ចឹម​និង​អុកស៊ីសែន​ទៅកាន់​គ្រប់​កោសិកា រួមទាំង​សរីរាង្គ​ផ្សេងទៀត​តាមរយៈ​ការ​ច្របាច់​ឈាម​ពេញ​រាងកាយ​។​នេះហើយ​ជា​មូលហេតុ​ចម្បង​បំផុត​មួយ​ដែលមាន​បញ្ហា​ជាច្រើន​អាច​នឹង​កើតឡើង​នៅពេល​បេះដូង​ដំណើរ​ការមិន​ប្រក្រតី​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​បញ្ហា​ដែល​កើតឡើង​ចំពោះ​រាងកាយ​នៅពេល​បេះដូង​ដំណើរការ​ខុសធម្មតា ៖

 
១. បេះដូង​លោត​ញាប់ ឬ​ញ័រ​ទ្រូង​
 
​ចង្វាក់បេះដូង​លោត​ញាប់ ឬ​យឺត​ជាង​ធម្មតា​ជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​បេះដូង​។ ក្រៅពី​ជំងឺ​បេះដូង​ហើយ​នោះ ចង្វាក់បេះដូង​លោត​ខុស​ប្រក្រតី​ក៏​អាច​បណ្ដាលមកពី​បញ្ហា​ថប់​បារម្ភ ភាព​ស្ត្រេ​ស​ពេក និង​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ផងដែរ​។​
 
២. ការឈឺចាប់​រាលដាល​ទៅ​ដៃ​
 
​ក្រៅពី​ឈឺទ្រូង ការឈឺចាប់​រាល​ទៅ​ដៃ​ក៏​ជា​អាកា​រៈ​មួយ​នៃ​បញ្ហា​បេះដូង​ផងដែរ​។​បុរស​ភាគច្រើន​ជួបប្រទះ​នូវ​អា​ការៈឈឺចាប់​នៅ​ដៃ​ខាងឆ្វេង​របស់​ពួកគេ ខណៈដែល​ស្ត្រី​ឈឺចាប់​ដូចគ្នា​នៅ​ដៃ​ម្ខាង ឬ​ទាំងសងខាង​។ ស្ត្រី​មួយចំនួន​បាន​និយាយ​ផងដែរ​ថា​ពួកគេ​ឈឺ​ខុស​ប្រក្រតី​នៅត្រង់​កែងដៃ​នៅមុន​ពេល​គាំងបេះដូង​។ បញ្ហា​នេះ​កើតឡើង​ដោយសារ​ការឈឺ​ចាប់ពី​បេះដូង​ធ្វើដំណើរ​ទៅកាន់​ខួរឆ្អឹងខ្នង​កន្លែង​ដែល​ស​សៃ​ប្រសាទ​នៃ​រាងកាយ​ត្រូវបាន​ផ្សារភ្ជាប់​គ្នា ហើយ​ខួរក្បាល​យល់ច្រឡំ និង​គិតថា​ដៃ​របស់​អ្នក​ឈឺចាប់​។​
 
៣. ភាព​ខ្លី​នៃ​ដង្ហើម​
 
​នៅ​មុនពេល​បេះដូង​ច្របាច់​ឈាម​ពេញ​ក្នុង​រាងកាយ ប៉ុន្តែ​ទីតាំង​បញ្ជូន​អុកស៊ីត​សែន​ដំបូង​គេ គឺ​សួត​។ ដំណើរការ​មុខងារ​បេះដូង​មិន​ប្រក្រតី​បង្កបញ្ហា​ដល់​ការបញ្ជូន​ឈាម​ទៅ​សួត​ដែលនាំឱ្យ​មាន​ភាព​ខ្លី​នៃ​ដង្ហើម​។​
 
៤. ឆាប់​អស់កម្លាំង​
 
​អ្នក​ដែលមាន​បញ្ហា​បេះដូង​ច្រើនតែ​ឆាប់​ហត់​។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​ទោះបីជា​ធ្វើ​សកម្មភាព​ស្រាលៗ ឬ​ធម្មតា​ដូចជា​ដើរ និង​ឡើងជណ្ដើរ​ក៏​ហត់​អស់កម្លាំង​ខ្លាំង​ដែរ​។ នេះ​ក៏​ព្រោះតែ​បេះដូង​ខ្សោយ​សមត្ថភាព​ផ្គត់ផ្គង់​អុកស៊ីសែន​ចាំបាច់​ដល់​កោសិកា ជាលិកា និង​សរីរាង្គ​ផ្សេងៗ​ទៀត​បាន​ត្រឹមត្រូវ​
 
៥. ហើមជើង កជើង និង​ប្រអប់ជើង​
 
​នៅពេល​បេះដូង​របស់​អ្នក​លោត​មិន​បានល្អ ឬ​ត្រឹមត្រូវ នោះ​សារធាតុ​រាវ​ពី​ក្នុង​ស​សៃ​ឈាម​នឹង​ហៀរ​ចូលទៅ​ជុំ​វិ​z​ញ​ជាលិកា ហើយ​ជើង និង​ប្រអប់ជើង​របស់​អ្នក គឺជា​កន្លែង​ដែល​ងាយ​នឹងរង​គ្រោះ​បំផុត​។ បញ្ហា​នេះ​ត្រូវបាន​គេ​ហៅថា ជំងឺ​ហើម​ផ្នែក​ខាងចុង (peripheral edema) ហើយ​មនុស្ស​ដែល​កើត​ជំងឺ​ហើម​នេះ គឺ​មិនមាន​ជំងឺ​បេះដូង​ឡើយ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា វា​នៅតែ​ជា​រោគសញ្ញា​ទូទៅ​បំផុត​មួយ​ក្នុងចំណោម​អ្នកជំងឺ​បេះដូង​ជាច្រើន ហើយ​អ្នក​គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​មែនទែន​។​
 
៦. វិលមុខ​
 
​មាន​កត្តា​ច្រើនណាស់​ដែល​បណ្ដាលឱ្យ​កើតមាន​បញ្ហា​វិលមុខ​។ ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​វិលមុខ​ក៏​អាច​កើតឡើង​ដោយសារ​បេះដូង​ដំណើរ​ការមិន​ប្រក្រតី​ផងដែរ​។ នោះ​ក៏​ព្រោះតែ​កង្វះ​អុកស៊ីសែន​គ្រប់គ្រាន់​ទៅកាន់​ខួរក្បាល​។​
 
៧. បាត់បង់​ចំណង់​អាហារ និង​មាន​អារម្មណ៍​ចង្អោរ​ចង់​ក្អួត​
 
​អ្នកជំងឺ​ភាគច្រើន​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​បេះដូង គឺ​តែង​ទទួលរង​នូវ​បញ្ហា​បាត់បង់​ចំណង់​អាហារ និង​ចង្អោរ​ចង់​ក្អួត ទោះបីជា​ពួកគេ​ទើបតែ​ទទួលទាន​បាន​ប៉ុន្មាន​ម៉ាត់​ក៏ដោយ​។ មូលហេតុ​នៃ​បញ្ហា​នេះ គឺ​ដោយសារ​សារធាតុ​រាវ​ត្រូវបាន​បង្កើតឡើង​នៅ​ជុំវិញ​ថ្លើម​និង​ពោះវៀន​ដែល​រំខាន​ដល់​ការរំលាយ​អាហារ​បាន​ត្រឹមត្រូវ​។ រោគសញ្ញា​ទាំងនេះ​ជាធម្មតា​មាន​អម​មក​ជាមួយនឹង ការឈឺចាប់​ក្នុង​ពោះ ហើយ​ប្រសិនបើ​អ្នក​ជួបប្រទះ​នូវ​អាកា​រៈ​ទាំងនេះ​រួមគ្នា អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ភ្លាម​។​
 
​សម្គាល់ ៖ រោគសញ្ញា ឬ​អាកា​រៈ​នៃ​បញ្ហា​បេះដូង​ដំណើរ​ការមិន​ប្រក្រតី​មាន​ច្រើនណាស់​! ដូច្នេះ​ប្រសិនបើ​អ្នក​ជួបប្រទះ​នូវ​រោគសញ្ញា​ផ្សេងៗ​ដូច​បាន​រៀបរាប់​ខាងលើ ចូរ​កុំ​ធ្វេសប្រហែស​មិន​អើពើ​ឱ្យសោះ​។ ដើម្បី​ជា​ប្រសើរ ចូរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com