អន្តរជាតិ
លោក​ត្រាំ​នឹង​យកពន្ធ​ឡើងវិញ​លើ​ទំនិញ​លោហធាតុ​នាំចូល​ពី​ប្រេ​ស៊ី​ល​និង​អា​ហ្ស​ង់​ទីន​
03, Dec 2019 , 1:39 pm        
រូបភាព
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​អូតង់ នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​អូតង់ នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។
ដោយ: VOA
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​លោក​នឹង​ចាប់ផ្ដើម​យកពន្ធ​ឡើងវិញ​ភ្លាមៗ ទៅលើ​ទំនិញ​ដែកថែប និង​អាលុយមីញ៉ូម​ដែល​នាំចូល​ពី​ប្រទេស​ប្រេ​ស៊ី​ល​និង​អា​ហ្ស​ង់​ទីន​។​

 
​លោក ត្រាំ បាន​សរសេរ​តាម​បណ្ដាញ Twitter របស់លោក​ថា «​‍​ប្រេ​ស៊ី​ល​និង​អា​ហ្ស​ង់​ទីន​បាន​មើលឃើញ​ការធ្លាក់ចុះ​យ៉ាងគំហុក​នូវ​តម្លៃ​រូបិយប័ណ្ណ​របស់ខ្លួន ដែល​ការណ៍​នេះ មិនមែនជា​រឿង​ល្អ​សម្រាប់​កសិករ​អាមេរិក​ទេ​។ ដូច្នេះ ខ្ញុំ​នឹងដាក់​កំហិត​ឱ្យ​យកពន្ធ​នាំចូល​ដែល​ចូល​ជា​ធរមាន​ភ្លាម​ទៅលើ​ដែកថែប​និង​អាលុយមីញ៉ូម ដែល​ដឹក​ចូលក្នុង​សហរដ្ឋអាមេរិក​ពី​ប្រទេស​ទាំងពីរ​នេះ​»​។​
 
​លោក​ត្រាំ ក៏បាន​ជំរុញ​ធនាគារកណ្ដាល​អាមេរិក ឱ្យ​រារាំង​ប្រទេស​នានា កុំឱ្យ​កេងចំណេញ​ខាង​សេដ្ឋកិច្ច ដោយ​ការទម្លាក់​តម្លៃ​រូបិយប័ណ្ណ​របស់​ពួកគេ​។​
 
​លោក ត្រាំ បាន​សរសេរ​តាម​បណ្ដាញ Twitter ថា «​‍​ធនាគារកណ្ដាល គួរតែ​ចាត់វិធានការ​បែបនេះ ដើម្បីឱ្យ​ប្រទេស​ជាច្រើន ឈប់​កេងចំណេញ​លើ​ប្រាក់​ដុល្លារ​ដ៏​ខ្លាំង​របស់​យើង​»​។​
 
​លោក ត្រាំ ក៏បាន​ជំរុញ​ម្តង​ហើយ​ម្តងទៀត ឱ្យ​ធនាគារកណ្តាល​អាមេរិក ទម្លាក់​អត្រា​ការប្រាក់​ឱ្យទាប​ជាង​០ ដោយ​លោក​អះអាងថា​អត្រា​ក្រោម​០​នេះ​ក្នុង​ទ្វីបអឺរ៉ុប​និង​ប្រទេស​ផ្សេងៗ​ទៀត បានផ្តល់​ផលចំណេញ​ដល់​ប្រទេស​ទាំងនោះ​។​
 
​ប៉ុន្តែ អ្នកធ្វើ​គោលនយោបាយ​នៃ​ធនាគារកណ្ដាល​អាមេរិក កន្លងមក​បាន​ស្ទាក់ស្ទើរ មិន​ហ៊ាន​ចាត់វិធានការ​លើ​គោលនយោបាយ​ដែល​មិន​អនុលោម​តាម​បែបបទ​ដែលមាន​ស្រាប់​កន្លងមកនេះ​ទេ ទោះបីជា​ធនាគារកណ្ដាល​សកល​ផ្សេងៗ​ទៀត បាន​សាកល្បង​វិធានការ​នេះ​ក៏ដោយ​។​
 
​គណៈកម្មការ​កំណត់​គោលនយោបាយ​នៃ​ធនាគារកណ្ដាល​អាមេរិក រៀបចំ​កិច្ចប្រជុំ​បន្ទាប់​របស់ខ្លួន​នៅ​ថ្ងៃទី​១០​និង​ទី​១១ ខែធ្នូ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com