អន្តរជាតិ
ចិន វាយបក​ប្រឆាំង​អាមេរិក​ករណី​ច្បាប់​ប្រជាធិបតេយ្យ​ហុងកុង​
03, Dec 2019 , 10:39 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying (AFP)
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying (AFP)
ដោយ:
ចិន បានសម្រេច​ចិត្ត​ផ្អាក​រាល់​ការចូល​សំចត​របស់​នាវាចម្បាំង​អាមេរិក និង​ដាក់ទណ្ឌកម្ម​លើ​អង្គការក្រៅរដ្ឋាភិបាលរ​បស់​អាមេរិក​។ ចំណាត់ការ​នេះ គឺជា​ការឆ្លើយតប​នឹង​ការសម្រេចចិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​គាំទ្រ​បាតុករ​ហុងកុង​ជាមួយ​ច្បាប់​ប្រជាធិបតេយ្យ​។​

 
«​ឆ្លើយតប​នឹង​អ​កប្ប​កិរិយា​ដែល​គ្មាន​ហេតុផល​របស់​ភាគី​អាមេរិក រដ្ឋាភិបាល​ចិន បានសម្រេច​ចិត្ត​ផ្អាក​ការត្រួតពិនិត្យ​លើ​សំណើ​សម្រាប់​នាវាចម្បាំង​អាមេរិក​ចូល​សំចត​នៅ​ហុងកុង​»​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying នៅ​សន្និសីទ​ព័ត៌មាន​ប្រចាំថ្ងៃ​។ 
 
​កន្លងទៅ រដ្ឋាភិបាល​ចិន ក៏​ធ្លាប់​បដិសេធ​សំណើ​សម្រាប់​នាវាចម្បាំង​អាមេរិក​២​គ្រឿង​ចូល​សំចត​នៅ​កំពង់ផែ​ហុងកុង កាលពី​ខែសីហា ដោយ​ពុំបាន​ផ្តល់​ហេតុផល​ច្បាស់លាស់​។ ហើយ​ការចូល​សំចត​ចុងក្រោយ​របស់​នាវាចម្បាំង​អាមេរិក​នៅ​ហុងកុង គឺ​នាវាចម្បាំង USS Blue Ridge ក្នុង​ខែមេសា ២០១៩​។ 
 
​អត្ថបទ​វិចារណកថា​របស់​កវីនិពន្ធ ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Global Times របស់​បក្ស​កុម្ម​នុយ​នី​ស្ត​ចិន បញ្ជាក់ថា ក្រុង​ប៉េកាំង អាច​ចាត់វិធានការ​ធ្ងន់ធ្ងរ​ជាង​នេះ ប្រសិនបើ​សហរដ្ឋអាមេរិក​បន្ត​បង្កើន​ការបង្ក​រឿង​ក្នុង​ទីក្រុង​ហុងកុង​។ ពួកគេ សរសេរ​ទៀតថា ចំណាត់​ការដែល​បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​គ្រាន់តែ​ជា​ចំណាត់ការ​ស្រាល​បំផុត​ប៉ុណ្ណោះ​។ 
 
​ក្រៅពី​ការដាក់​បម្រាម​លើ​នាវាចម្បាំង​អាមេរិក​ពី​ការចូល​សំចត​នៅ​ហុងកុង លោកស្រី Hua បញ្ជាក់ទៀតថា ក្រុង​ប៉េកាំង ក៏​នឹង​អនុវត្ត​ទណ្ឌកម្ម​លើ​អង្គការក្រៅរដ្ឋាភិបាល (NGOs) របស់​អាមេរិក​មួយចំនួន​ផងដែរ​។ យ៉ាងណាមិញ លោកស្រី ពុំបាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ​ថា​តើ​ចំណាត់ការ​បែបណា​ដែល​នឹងត្រូវ​ដាក់ចេញ​នោះឡើយ​។ 
 
​ទណ្ឌកម្ម នឹង​អនុវត្ត​លើ NGOs ដែល​បានធ្វើ​សកម្មភាព​អាក្រក់​ក្នុងករណី​ភាពវឹកវរ​ក្នុង​ទីក្រុង​ហុងកុង កាលពី​ថ្មីៗ​នេះ ។ លោកស្រី អះអាង​បែបនេះ ដោយ​រាយ​នាម​អង្គការ​ទាំងនោះ គឺមាន​ដូចជា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW), អង្គការ Freedom House និង National Endowment for Democracy ។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា វា​មាន​អង្គហេតុ​និង​ភ័ស្តុតាង​មួយចំនួនធំ​ដែល​បានបញ្ជាក់​យ៉ាងច្បាស់​ថា អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងនេះ​គាំទ្រ​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​ចិន ព្រមទាំង​ញុះញង់​សកម្មភាព​បំបែក​ខ្លួន​ដើម្បី​ឯករាជ្យភាព​ហុងកុង​ទៀតផង​។ ត្រង់នេះ លោកស្រី Hua បាន​ទម្លាក់កំហុស​អង្គការ​ទាំងនេះ​ថា​មាន​ទំនួល​ខុសត្រូវ​ធំធេង​សម្រាប់​ស្ថានការណ៍​ចលាចល​ក្នុង​ទីក្រុង​ហុងកុង​។​
 
 
​សូមបញ្ជាក់ថា ចំណាត់ការ​វាយបក​របស់​រដ្ឋាភិបាល​ប៉េកាំង ធ្វើឡើង​ក្រោយពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​សប្តាហ៍​មុន បាន​ចុះហត្ថលេខា​លើ​សំណើ​ច្បាប់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ហុងកុង ដែល​នឹង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​វាយតម្លៃ​ជាប្រចាំ​ឆ្នាំ​លើ​ការអភិវឌ្ឍ​នយោបាយ​ក្នុង​ទីក្រុង​នេះ​។ នោះ​គឺ​មើលថា ហុងកុង នៅតែ​អាច​រក្សា​លក្ខខណ្ឌ​ស្វ័យភាព​គ្រប់គ្រាន់ ដាច់ដោយឡែក​ពី​ចិនដីគោក ក្នុង​គោលដៅ​រក្សា​ការផ្តល់​ឲ្យ​ពិសេស​ពី​សហរដ្ឋអាមេរិក​។ ទន្ទឹមនេះ ច្បាប់​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​នេះ ក៏​នឹង​បើកផ្លូវ​ឲ្យ​រដ្ឋបាល​លោក​ត្រាំ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​ដែល​ទទួលខុសត្រូវ​ចំពោះ​ការបំផ្លិចបំផ្លាញ​សិទ្ធិមនុស្ស និង​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​៕
 
 

Tag:
 សហរដ្ឋអាមេរិក​
  ហុងកុង​
  ចិន​
  ច្បាប់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com