ជាតិ
សង្គមជាតិ
ស្នងការ៖ សាលាធម្មសភាវត្តប្រាសាទគោកចក បាក់រលំ ព្រោះធ្វើខុសបច្ចេកទេស
03, Dec 2019 , 11:20 am        
រូបភាព
លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ថា សាលាធម្មសភាក្នុងវត្តប្រាសាទគោកចក បានបាក់រលំ គឺដោយសារតែការសាងសង់ «ខុសបច្ចេកទេស»។ លោក បន្តថា សមត្ថកិច្ច កំពុងចាត់ការតាមនីតិវិធីចំពោះការសាងសង់ខុសបច្ចេកទេសនេះ។



លោក ទៀ សីហា អភិបាលខេត្តសៀមរាប ផ្តល់បទសម្ភាសដល់ភ្នាក់ងារសារព័ត៌មានថ្មីៗ នៅកន្លែងកើតហេតុថា អាជ្ញាធរ កំពុងស្រាវជ្រាវបន្តអំពីមូលហេតុនៃការបាក់រលំសាលាធម្មសភានេះ។ លោក មានប្រសាសន៍ដូច្នេះ៖«យើងមើលជាក់ស្តែង គឺទាំងគ្រឹះទាំងអី ប្រហែលជាមានការខ្វះខាតតិចតួចដែរ»។

លោក បន្តថា គ្រប់អ្នកពាក់ព័ន្ធ ដូចជា រដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា អ្នកម៉ៅការ និង ព្រះគ្រូចៅអធិការវត្ត នឹងត្រូវពិភាក្សាគ្នាអំពីចំណាត់ការផ្លូវច្បាប់ចំពោះសំណង់ខុសបច្ចេកទេសនេះ។ លោកអភិបាលខេត្ត បញ្ជាក់ដូច្នេះថា៖«ជាធម្មតាទេ មានរឿងអ៊ីចឹងកើតឡើង យើងត្រូវដាក់ពាក្យបណ្តឹង»។

បើតាមលោក ទិត្យ ណារ៉ុង សមត្ថកិច្ច បានបញ្ចប់ការកាយរកជនរងគ្រោះ នៅយប់ថ្ងៃទី២ ខែធ្នូ ក្រោយសន្និដ្ឋានថា ជនរងគ្រោះ ត្រូវបានយកចេញពីគំនរអគារបាក់រលំនោះអស់ហើយ។ សាលាធម្មសភានៃវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលកំពុងដំណើរការចាក់បេតុង បានបាក់រលំ នៅម៉ោងជាង៤រសៀល ថ្ងៃទី២ ខែធ្នូ។

របាយការណ៍ចុងក្រោយពីរដ្ឋបាលខេត្តសៀមរាប បានបង្ហាញថា ជនរងគ្រោះទាំងអស់ ដែលត្រូវបានយកចេញពីនគរអគារបាក់រលំនោះ មាន១៦អង្គ/នាក់ ដោយក្នុងនោះ មាន៣នាក់ បានស្លាប់ ៣នាក់របួសធ្ងន់ និង ១០របួសស្រាល (ព្រះសង្ឃ២អង្គ)។ ក្នុងចំណោមអ្នករងគ្រោះទាំងនោះ ភាគច្រើនជាជាងសំណង់។ បច្ចុប្បន្ន អ្នករបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com