ជាតិ
មន្ត្រី​ជំនាញ​អាស៊ី​-​ប៉ាស៊ីហ្វិក​ពិភាក្សាគ្នា​ស្តីពី​ឌីជីថល​នីយកម្ម​ក្នុង​សេវា​ការងារ​សាធារណៈ​
03, Dec 2019 , 12:10 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង និងមន្ត្រីជំនាញនានាពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក
រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង និងមន្ត្រីជំនាញនានាពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក
​សៀមរាប​៖ សន្និសីទ​អាស៊ី​-​ប៉ាស៊ីហ្វិក​សមាគម​ផ្តល់​សេវា​ការងារ​សាធារណៈ​ពិភពលោក ក្រោម​ប្រធានបទ ឌីជីថល​នីយកម្ម​ក្នុង​សេវា​ការងារ​សាធារណៈ (Digitalization in Public Employment Services) ដំណើរការ​នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៣ ខែធ្នូ​នេះ​។​



​នា​ពិធី​បើក​សន្និសីទ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​គូសបញ្ជាក់ ថា សន្និសីទ​នេះ​មាន​សារប្រយោជន៍​ដោយបាន​ផ្តល់ឱកាស​សម្រាប់​ប្រទេស​សមាជិក​ក្នុងការ​ចែករំលែក ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍ និង​ការអនុវត្ត​ល្អ​ក្នុង​ការសិក្សា​និង​ចាប់យក​មកប្រើប្រាស់ នូវ​បច្ចេកវិទ្យា​បច្ចុប្បន្ន​និង​ពេលអនាគត សម្រាប់​ជំរុញ​ការធ្វើ​ឌីជីថល​នីយកម្ម និង​បង្រួញ​គម្លាត​នៃ​ការអភិវឌ្ឍ​សេវា​ការងារ​សាធារណៈ​ក្នុងប្រទេស​ជា​សមាជិក​របស់ WEPES ពិសេស​ប្រទេស​ដែល​ទើប​ចាប់ផ្តើម​អភិវឌ្ឍ​សេវាសាធារណៈ​ដូចជា​កម្ពុជា​ក្នុង​ការខិតខំ​ធ្វើដំណើរ​ឈានទៅ​សម្រេច​ជោគជ័យ​នូវ​គោលដៅ​ចុងក្រោយ គឺ​ការ​ប្រែក្លាយ​ទៅជា​សេវា​ការងារ​សាធារណៈ​ឌីជីថល​ពេញលេញ​។​

​លោក​រដ្ឋមន្ត្រី​បន្ថែមថា សន្និសីទ​នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ជាថ្មី​ម្ដងទៀត​អំពី​តួនាទី​កាន់តែ​សំខាន់​ចាំបាច់​របស់​WAPES នៅលើ​ឆាក​អន្តរជាតិ ក្នុងការ​បង្កើតជា​វេទិកា​សម្រាប់​ការសិក្សា​និង​ការកសាង​ចំណេះដឹង និង​ផ្តល់ ការគាំទ្រ​ដល់​សមាជិក​ក្នុងការ​បង្កើន​ជំនាញ ហើយ​កម្ពុជា​ប្តេជ្ញា​បន្ត​ចូលរួម​ផ្តល់​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​តាម​លទ្ធភាព​ដល់​រាល់​សកម្មភាព​របស់ WAPES ក្នុងការ​ឈានទៅ​សម្រេចបាន​ជោគជ័យ​នូវ​គោលដៅ​របស់ខ្លួន​នេះ​។
 
​គួរ​បញ្ជាក់ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺជា​សមាជិក​ថ្មី​មួយ​ក្នុងចំណោម​សមាជិក​ចំនួន​១២ នៃ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក របស់​សមាគម​ពិភពលោក​នៃ​សេវា​ការងារ​សាធារណៈ (WAPES) ដែលមាន​សមាជិក​សរុប​ចំនួន​៨២​។ កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​នេះ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២-៣ ធ្នូ ដោយមាន​ការចូលរួម​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ពី​អ្នកឯកទេស​ផ្នែក​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​សេវា​ការងារ​សាធារណៈ អ្នកស្រាវជ្រាវ អ្នករៀបចំ​គោលនយោបាយ និង​មន្ត្រី​ផ្នែក​ផ្តល់​សេវា​ការងារ​សាធារណៈ​ដែល​អញ្ជើញ​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​ចំនួន ១២ នៅ​ទូទាំង​ពិភពលោក​៕

 



Tag:
 ការងារ​
  WEPES
  អ៊ិត សំហេង​
© រក្សាសិទ្ធិដោយ thmeythmey.com