រដ្ឋមន្ត្រី​ដឹកជញ្ជូន​ថៃ​៖​ពលរដ្ឋ​ដែល​រាយការណ៍​បទល្មើស​ចរាច​រណ៍ នឹង​ទទួល​រង្វាន់​លើកទឹកចិត្ត​
អន្តរជាតិ
រដ្ឋមន្ត្រី​ដឹកជញ្ជូន​ថៃ​៖​ពលរដ្ឋ​ដែល​រាយការណ៍​បទល្មើស​ចរាច​រណ៍ នឹង​ទទួល​រង្វាន់​លើកទឹកចិត្ត​
03, Dec 2019 , 7:19 pm        
រូបភាព
រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោកSaksayam Chidchob (ប្រភពរូប៖ The Nation ថៃ)
រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោកSaksayam Chidchob (ប្រភពរូប៖ The Nation ថៃ)
​ប្រជាពលរដ្ឋ​ថៃ​ដែល​ផ្តល់​ភស្តុតាង​នៃ​បទល្មើស​ចរាចរណ៍​រប​ស់​អ្នកបើកបរ​តាម​ដងផ្លូវ​សាធារណៈ នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​។ រដ្ឋមន្ត្រី​ដឹកជញ្ជូន​ថៃ លើកឡើង​បែបនេះ ដោយ​បញ្ជាក់ថា ការអនុវត្ត​នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ​២០១៩ តទៅ​។



«​ប្រាក់រង្វាន់ នឹង​យក​ចេញពី​លុយ​បង់ពិន័យ​របស់​អ្នកបើកបរ ដែលមាន​ចន្លោះ​ពី​២០០​ទៅ​៣​ម៉ឺន​បាត (៩៩១​ដុល្លារ​)»​។ រដ្ឋមន្ត្រី​ដឹកជញ្ជូន​ថៃ  Saksayam Chidchob បញ្ជាក់​បែបនេះ នៅ​ថ្ងៃ​ចន្ទ ទី​២ ខែធ្នូ ។ តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ លោក​រដ្ឋមន្ត្រី​រូបនេះ បញ្ជាក់ទៀតថា អ្នក​ដែល​បាន​ផ្ញើ​ភស្តុតាង​នៃ​កំហុស ហើយ​អ្នកប្រព្រឹត្ត​ខុស​ទាំងនោះ ប្រឈម​នឹង​ការកាត់ទោស ពលរដ្ឋ​ទាំងនោះ នឹងមាន​សិទ្ធិ​ទទួលយក​ប្រាក់រង្វាន់​ដែល​ស្មើនឹង​៥០​ភាគរយ​នៃ​លុយ​ពិន័យ​ដែល​បានដាក់​លើ​អ្នក​ល្មើសច្បាប់​។

​ម្យ៉ាងវិញទៀត លោក Saksayam បាន​លើកទឹកចិត្ត​អ្នក​ដែល​ឃើញ​ការ​ល្មើស​សុវត្ថិភាព​ផ្លូវថ្នល់  ថតរូប​ភាព ឬ​វីដេអូ ដែល​បង្ហាញ​ពីបទ​ល្មើស រួមមាន រថយន្ត​ដែល​បញ្ចេញ​ផ្សែង​ពុល​ប៉ះពាល់​សុខភាព​ពលរដ្ឋ​, ដឹក​អ្នកដំណើរ​លើស​ចំណុះ និង​បើកបរ​ដោយ​ធ្វេសប្រហែស ជាដើម ហើយ​ផ្ញើ​ពួកវា​ទៅកាន់​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក តាមរយៈ​វេ​ប​សាយ ឬ​ហ្វេ​ស​ប៊ុ​ក​។

​បើតាម​លោក​រដ្ឋមន្ត្រី​ដឹកជញ្ជូន អ្នក​ល្មើសច្បាប់ នឹងត្រូវ​កោះហៅ​ឲ្យ​មក​បកស្រាយ​រឿង​ទោសកំហុស​ក្នុងកំឡុងពេល​១​សប្តាហ៍​បន្ទាប់ពី​ក្រសួង​ទទួលបាន​ការផ្ញើ​ភស្តុតាង​ពីបទ​ល្មើស ហើយ​ពួកគេ​នឹង​តម្រូវ​ឲ្យ​បង់ថ្លៃ​ពិន័យ​។ លោក សង្កត់ធ្ងន់ថា នេះ​ពុំ​មានន័យថា ក្រសួង​ផ្តោត​សំខាន់​តែ​រឿង​លុយ​ពិន័យ​នោះទេ ក៏ប៉ុន្តែ​គំនិត​ផ្តួចផ្តើម​នេះ គឺមាន​គោលដៅ​ជំរុញ​ទឹកចិត្ត​មនុស្ស​រាល់គ្នា​ឲ្យ​ក្លាយខ្លួនជា​អ្នកបើកបរ​ដែលមាន​ទំនួល​ខុសត្រូវ​។

​ចំនួន​អ្នករបួស​ដែល​បង្កឡើង​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​ប្រទេស​ថៃ ត្រូវតែ​កាត់បន្ថយ ខណៈ​តួលេខ​នៃ​អ្នកស្លាប់​ត្រូវតែ​សូន្យ​។ នេះ​ជាការ​អះអាង​របស់លោក Saksayam នៅ​មុនពេល​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ គឺ​«​ឆ្លង​ឆ្នាំ​សកល​ថ្មី​» ដែលជា​រឿយៗ​មើលឃើញថា តួលេខ​អ្នករបួស និង​អ្នកស្លាប់​មាន​កម្រិត​ខ្ពស់​ពី​គ្រោះថ្នាក់​ចរាចរណ៍​៕


Tag:
 ​ថៃ​
  ចរាចរណ៍​
  រដ្ឋមន្ត្រី​ដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com