កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​៖ ឥទ្ធិពល​ព្យុះ Kammuri រំខាន​កីឡា​៨​ប្រភេទ និង​បង្ខំ​ហ្វីលីពីន​ជម្លៀស​ពលរដ្ឋ ២​សែន​នាក់​
03, Dec 2019 , 3:28 pm        
រូបភាព
​ឥទ្ធិពល​ព្យុះ​ទី​ហ្វុ​ង Kammuri បាន​បង្ខំ​ហ្វីលីពីន​ជម្លៀស​ប្រជាជន​ខ្លួន​ចំនួន​ពីរ​សែន​នាក់​នៅតាម​តំបន់ឆ្នេរ និង​តំបន់ភ្នំ​ដោយសារ​ការភ័យខ្លាច​ទឹកជំនន់ បាក់​ដី និង​រៀប​ចំបិទ​អាកាសយានដ្ឋាន​អន្តរជាតិ​សំខាន់ៗ​មួយចំនួន​ផង​។ មិនតែប៉ុណ្ណោះ ព្យុះ​កំណាច​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០១៩ (SEA Games 2019) រហូត​ត្រូវ​ផ្លាស់ប្តូរ​ការប្រកួត​យ៉ាងហោចណាស់​៨​ប្រភេទ​កីឡា​។​

​អ្នករៀបចំ​កម្មវិធី​ប្រកួត​កីឡា​ប្រចាំ​តំបន់​អាស៊ាន​លើក​ទី​៣០ បានប្រកាស​នៅ​ថ្ងៃទី​២ ខែធ្នូ ថា​ការផ្លាស់ប្តូរ​ការប្រកួត​ត្រូវបាន​ធ្វើឡើង បន្ទាប់​ព្យុះ​ទី​ហ្វុ​ង​ដ៏​កំណាច ត្រៀម​នឹង​វាយប្រហារ​លើ​កោះ Luzon ក្នុង​ក្រុង Subic នៅ​ថ្ងៃទី​៣ ធ្នូ​នេះ​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី​២​ធ្នូ គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា PHISGOC និយាយថា​ការផ្លាស់ប្តូរ​ទាំងនេះ​គឺ​ដោយសារតែ​លក្ខខណ្ឌ​អាកាសធាតុ​។​
​កីឡា​ដែល​រង​ផលប៉ះពាល់​ដោយសារ​ព្យុះ Kammuri រួមមាន​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ ជិះ​ក្តា​បន្ទះ​លើទឹក ប៉ង់​តា​ត្លុង ទ្រី​យ៉ា​ត្លុង ឌូ​អា​ត្លុង ជិះទូក​ក្តោង បញ្ច​សិលា កីឡា​Muay ទូក​កា​ណូ​/​កា​យ៉ាក់ និង​ប្រណាំងទូក​ប្រពៃណី​។​



​មិន​ត្រឹមតែ​មានការ​ផ្លាស់ប្តូ​រកា​រ​ប្រកួត​នោះទេ ក្នុងចំណោម​កីឡា​ខាងលើ អ្នករៀបចំ​ព្រឹត្តិការណ៍​អះអាងថា ការប្រណាំង​ទូកក្តោង​ទាំងអស់​ដែល​ត្រូវ​រៀបចំ​នៅ​ចន្លោះ​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៤ ខែធ្នូ ត្រូវ​លុបចោល​តែម្តង​។​

​ក្រុម​អ្នក​ឧតុនិយម​ហ្វីលីពីន​ផ្សាយ​នៅត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២​ធ្នូ ថា​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ Kammuri បានធ្វើ​ឲ្យ​តំបន់​ភាគខាងត្បូង និង​ខាងជើង​ប្រទេស មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​បក់​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទះ​សម្តែង​ជាច្រើន​ខ្នង​។

​ដោយឡែក​ប្រជាជន​ជាង​២​សែន​នាក់​ដែល​ស្ថិតនៅ​តំបន់ភ្នំ និង​មាត់សមុទ្រ​ក៏ត្រូវ​ជ​ម្លៀ​ង​ចេញ​ផងដែរ​។ ព្យុះ Kammuri នឹង​បន្ត​អុកឡុក​ក្នុង​តំបន់​មួយចំនួនទៀត​ក្នុងប្រទេស​ហ្វីលីពីន​រហូតដល់​ថ្ងៃទី​៤ ធ្នូ​។​



​គិត​ត្រឹម​ម៉ោង ៣​រសៀល​ថ្ងៃទី​៣ ធ្នូ​នេះ ម្ចាស់ផ្ទះ​ហ្វីលីពីន​នៅតែ​នាំមុខគេ​ក្នុង​តារាង​មេដាយ​បណ្តោះអាសន្ន ដោយ​រក​មេដាយមាស ៤១ ប្រាក់​២៤ និង​សំរឹទ្ធិ​៩១៥ សរុប​៨០​។ វៀតណាម ក៏​នៅតែ​រក្សា​លេខ​រៀង​ទី​២​ដូចគ្នា ដោយ​ទទួលបាន​មេដាយ​សរុប​៦០ ក្នុងនោះ មាស​១៨ ប្រាក់​២៤ និង​សំរឹទ្ធិ​១៨ តាម​ពីក្រោយ​ដោយ​ឥណ្ឌូណេស៊ី​ដែល​រកបាន​មាស​១០ ប្រាក់​១៤ សំរឹទ្ធិ​១៣, ម៉ាឡេស៊ី បាន​មាស​១០ ប្រាក់​២ សំរឹទ្ធិ​៩,  ថៃ​រកបាន​មេដាយមាស​៧ ប្រាក់​១០ និង​សំរឹទ្ធិ​១៦, សិង្ហ​បុរី​បាន​មាស​៥ ប្រាក់​៩ សំរឹទ្ធិ​១០, មី​យ៉ាន់​ម៉ា បាន​មាស​១ ប្រាក់​៥ សំរឹទ្ធិ​១៨, ព្រុយ​ណេ​បាន​មាស​១ ប្រាក់​៤ សំរឹទ្ធិ​៤ កម្ពុជា​បាន​មាស​១ ប្រាក់​៣ សំរឹទ្ធិ​១៧ ឡាវ​បាន​សំរឹទ្ធិ​២ ហើយ​និង​ទី​ម័​រ​ខាងកើត​នៅតែ​មិនទាន់មាន​មេដាយ​រាប់​ដដែល​៕




Tag:
 Kammuri
  Sea Games
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com