ជាតិ
ពលរដ្ឋ២៨នាក់ ពុលផ្អកត្រីប្រៃ នៅខេត្តសៀមរាប ពលរដ្ឋដែលពុលត្រីប្រៃ សម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកនៅស្រុកពួក (រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ)
× ភ្នំពេញ៖ ពលរដ្ឋ២៨នាក់ រស់នៅស្រុកពួក ខេត្តសៀមរាប បានពុលផ្អកត្រីប្រៃ ដែលបណ្ដាលឲ្យក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០១៩។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួក បាននិយាយថា ពលរដ្ឋដែលពុលផ្អកត្រីប្រៃ គឺបានទិញផ្អកនេះ ពីអាជីវករលក់នៅក្នុងផ្សារពួកទៅបរិភោគ រួមជាមួយនឹងបន្លែត្រប់ និងប្រពាយជាដើម។ បន្ទាប់ពីបរិភោគរួច ពួកគេចាប់ផ្ដើមមានអាការៈក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកពួក ,មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមណ្ឌលសុខភាពខ្នាត និងទឹកវិល។
ក្នុងចំណោមពលរដ្ឋ២៨នាក់ ដែលបានពុលផ្អកត្រីប្រៃនេះ មានស្ត្រី២នាក់ មានអាការៈធ្ងន់ធ្ងរជាងគេ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសហការជាមួយមន្ត្រីនៃមន្ទីរពេទ្យបង្អែកចុះពិនិត្យ និងស្រាវជ្រាវលើករណីពុលអាហារនេះ។ នេះបើតាមអគ្គស្នងការនគរបាលជាតិ៕
Tag:
ពុលផ្អកត្រីប្រៃ
អាហារ
© រក្សាសិទ្ធិដោយ thmeythmey.com