អន្តរជាតិ
លោក ពូទីន ចុះហត្ថលេខាលើច្បាប់តម្រូវឲ្យដំឡើងកម្មវិធីរុស្ស៊ីក្នុងគ្រឿងអេឡិចត្រូនិក ប្រធានាធិបតីវ៉្លាឌីមៀ ពូទីន នៅក្នុងកម្មវិធីមួយក្នុងប្រទេសរុស្ស៊ី។ រូបភាព៖ Reuters
× ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២ ខែធ្នូ បានចុះហត្ថលេខាលើច្បាប់មួយ ដែលតម្រូវឲ្យទូរសព្ទវៃឆ្លាត កុំព្យូទ័រ និងទូរទស្សន៍វៃឆ្លាតទាំងអស់ ដែលនាំចូលមកលក់នៅក្នុងប្រទេសរុស្ស៊ី ត្រូវដំឡើងកម្មវិធីរបស់រុស្ស៊ីជាមុនសិន។
ប្រសិនបើគ្មានការប្រែប្រួលទេ ច្បាប់ ដែលតម្រូវឲ្យទូរសព្ទវៃឆ្លាត កុំព្យូទ័រ និងទូរទស្សន៍វៃឆ្លាតទាំងអស់ ដំឡើងកម្មវិធីរបស់រុស្ស៊ី នឹងត្រូវចូលជាធរមាន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។ យ៉ាងក៏ដោយ ការចុះហត្ថលេខារបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន លើច្បាប់មួយនេះ បានបង្កឲ្យមានការមិនពេញចិត្តជាខ្លាំង ពីសំណាក់អ្នកចែកចាយផលិតផលគ្រឿងអេឡិចត្រូនិច ដោយសំអាងថា ការសម្រេចចុះហត្ថលេខាលើច្បាប់មួយនេះ មិនបានសុំយោបល់ពីពួកគេ។
ច្បាប់ថ្មីនេះ បានបញ្ជាក់ថា រដ្ឋាភិបាល នឹងមានបញ្ជីកម្មវិធីមួយចំនួនមកស្រាប់ សម្រាប់ដំឡើងនៅលើប្រភេទទូរសព្ទ កុំព្យូទ័រ និងទូរទស្សន៍ជាដើម។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ច្បាប់មួយនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយឲ្យក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានរុស្ស៊ី អាចប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេស និងជួយឲ្យអ្នកទិញឧបករណ៍ទំនើបៗទាំងនោះ មានកម្មវិធីយកមកប្រើស្រាប់ៗតែម្តង ដោយមិនចាំបាច់ដំឡើង។
សូមបញ្ជាក់ថា ទីផ្សារទូរសព្ទនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានវាយលុកដោយក្រុមហ៊ុនធំៗដូចជា Apple, Samsung និង Huawei ជាដើម។ ក្នុងរយៈថ្មីៗកន្លងមកនេះ រុស្ស៊ីក៏បានបង្កើតច្បាប់រឹតត្បិតទៅលើប្រព័ន្ធអ៊ីនធឺណិតផងដែរ។
ក្នុងច្បាប់អ៊ីនធឺណិតនេះ រុស្ស៊ី បានស្នើឲ្យក្រុមហ៊ុនអ៊ីនធឺណិត លុបចោលទិន្នន័យមួយចំនួន ដែលប្រជាពលរដ្ឋរុស្ស៊ី ចង់ស្វែងរក និងចែករំលែកលេខកូដសំងាត់ ជាមួយនឹងសេវាសន្តិសុខ និងបណ្តាញសង្គម ក្នុងការផ្ទុកទិន្នន័យរបស់អ្នកប្រើប្រាស់ នៅក្នុងប្រទេសរុស្ស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com