ជាតិ
សេដ្ឋកិច្ច
ប្រទេសនិយាយភាសាបារាំង ជំរុញឱ្យកម្ពុជា លើកស្ទួយភាសាបារាំង និងពាណិជ្ជកម្ម លោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំង ជួបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី ៣ ធ្នូ ឆ្នាំ២០១៩
× ភ្នំពេញ៖ ប្រទេសនិយាយភាសា ជំរុញឱ្យកម្ពុជា លើកស្ទួយភាសាបារាំង និងពាណិជ្ជកម្មភាគីទាំងពីរ។ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំង លើកឡើងបែបនេះ នៅក្នុងជំនួបសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី ៣ ធ្នូ ឆ្នាំ២០១៩។
លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានសង្កត់ធ្ងន់ថា បណ្តាប្រទេសនិយាយភាសាបារាំង ដែលមកប្រជុំនៅកម្ពុជានាពេលនេះ គឺដើម្បីជំរុញទំនាក់ទំនងរវាងកម្ពុជា និងអង្គការអន្តរជាតិនិយាយភាសាបារាំងឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងថែមទៀត។ ជាពិសេសអនុវត្តគម្រោងទាំងឡាយឱ្យមានភាពជាក់លាក់។ គម្រោងដែលលោកស្រី ល្វីស មូស៊ីគីវ៉ាបូ ស្នើឱ្យកម្ពុជាចូលរួមអនុវត្តរួមគ្នានោះ រួមមាន ការលើកស្ទួយការបង្រៀនភាសាបារាំង, ការលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសនិយាយភាសាបារាំង និងការរៀបចំខួបទី៥០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិនិយាយភាសាបារាំង នៅឆ្នាំ២០២០ខាងមុខ។
«កម្ពុជាពិតជាមានសកម្មភាពយ៉ាងសកម្មជាទីបំផុតក្នុងនាមជាបិតាស្ថាបនិកនៃអង្គការនិយាយភាសាបារាំងនេះ»។ នេះជាការលើកឡើងរបស់អគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំង ដែលស្នើឱ្យកម្ពុជា មានសកម្មភាពកាន់តែខ្លាំងថែមទៀត នៅក្នុងកិច្ចការងារនេះ។
ឆ្លើយតបនឹងការសំណើររបស់លោកស្រី ល្វីស មូស៊ីគីវ៉ាបូ ខាងលើ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា កម្ពុជាក៏ចង់ធ្វើយ៉ាងណា លើកស្ទួយទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ,ពាណិជ្ជកម្ម និងវិនិយោគរវាងបណ្ដាប្រទេសនិយាយភាសាបារាំងដែរ ព្រោះថាទំនាក់ទំនងនយោបាយ គឺចាប់ផ្ដើមឡើងពីទំនាក់ទំនងសេដ្ឋកិច្ច។
ប្រមុខរដ្ឋាភិបាលកម្ពុជា បាននិយាយដូច្នេះថា៖«ចំពោះកិច្ចសហការរវាងបណ្ដាប្រទេសនិយាយភាសាបារាំងនេះ យើងគប្បីណាពិនិត្យឲ្យបានជាក់លាក់លើគម្រោងមួយចំនួនដែលអាចធ្វើទៅបាន»។
ក្រៅពីនេះកម្ពុជាក៏នឹងចូលរួមរៀបចំខួប៥០ ឆ្នាំ របស់អង្គការអន្តរជាតិនិយាយភាសាបារាំង។ ជាពិសេសជំរុញឱ្យនិស្សិតកម្ពុជា ដែលរៀននៅប្រទេសបារាំង រៀបចំសកម្មភាពផ្សេងៗ ដើម្បីអបអរខួប ៥០ឆ្នាំនេះផងដែរ។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន។
អង្គការអន្តរជាតិហ្វ្រង់ហ្វូកូនី បង្កើតឡើងក្នុងឆ្នាំ១៩៧០ ។ អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ គឺជាស្ថាបនិកមួយអង្គ ក្នុងចំណោមស្ថាបនិកដទៃទៀត។ បច្ចុប្បន្នអង្គការនេះ មានរដ្ឋជាសមាជិកចំនួន ៨០ ដែលប្រើប្រាស់ភាសាបារាំង(សមាជិកពេញសិទ្ធិចំនួន៥៧ និងសមាជិកសង្កេតការណ៍ចំនួន២៣) ស្មើនឹងប្រជាជនប្រមាណ ៨៩០លាននាក់ ដែលតំណាងឲ្យមួយភាគបី នៃរដ្ឋសមាជិកអង្គការសហប្រជាជាតិ។ បច្ចុប្បន្នអ្នកនិយាយភាសាបារាំង ក្នុងពិភពលោកមានជាង ២៧៨លាននាក់។ នៅក្នុងអាស៊ាន ប្រទេសកម្ពុជា វៀតណាម និងឡាវ គឺជាសមាជិកនៃអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com