អន្តរជាតិ
លោក គីម ជុង​អ៊ុន កាត់​ខ្សែបូ បញ្ចប់​ការសាងសង់​ទីក្រុង​ភ្នំ​ដ៏​ទំនើប​មួយ​
03, Dec 2019 , 9:19 pm        
រូបភាព
ដោយ:
​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​អបអរសាទរ​ការបញ្ចប់​គម្រោង​សាងសង់​ដែលជា​ស្នាដៃ​របស់លោក​មួយ​។ នោះ​គឺ ទីក្រុង​ថ្មី​មួយ ដែលមាន​ទីតាំង​នៅក្បែរ​ភ្នំ​ស័ក្តិសិទ្ធិ ហើយ​វា​ក៏​ជាទី​កន្លែង​ដែល​ត្រកូល​គីម​ចាប់កំណើត​ឡើង​ផងដែរ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង បាន​ហៅ​ទីក្រុង​នេះ​ថា «​គំរូ​ដ៏​ល្អឥតខ្ចោះ​នៃ​អរិយធម៌​ទំនើប​» ។​



​ការ​ប្រារព្ធ​ពិធី​ដ៏​ឱឡារិក​ដែលមាន​ទាំង​បាញ់​កាំជ្រួច​ផង​នោះ បានរៀបចំ​ឡើង​នៅ​ទីក្រុង​មួយ នៅក្បែរ​ភ្នំ Paektu កាលពី​ថ្ងៃ​ចន្ទ ២ ធ្នូ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទី​ភ្នា​ក់​ព័ត៌មាន​កូរ៉េខាងជើង KCNA​។ កាសែត​របស់​បក្ស​កុម្មុយនីស្ត​កូរ៉េខាងជើង ឈ្មោះថា Rodong Sinmu  បាន​ចុះផ្សាយ​រូបភាព​ដែល​គេ​ឃើញ លោក គីម ជុង​អ៊ុន ញញឹម ខណៈ​លោក​កាត់​ខ្សែបូ​ក្រហម នៅឯ​កម្មវិធី​នោះ ហើយ​គេ​ក៏​ឃើញ​រូបភាព​អគារ​ច្រើន ដែល​ហ៊ុម​ព័ន្ធ​ដោយ​ព្រិល​ផងដែរ​។

​ទីក្រុង​ថ្មី​នេះ ដែលមាន​ឈ្មោះថា Samjiyon គឺជា​ចក្ខុវិស័យ​មួយ​ហៅថា «​ក្តី​ស្រមៃ​ដែល​ចង់​ក្លាយជា​រដ្ឋ​សង្គមនិយម​ដ៏​ល្អឥតខ្ចោះ​» ។ នៅទីនេះ គេ​ឃើញ​មាន ផ្ទះ សណ្ឋាគារ ទីកន្លែង​កម្សាន្ត​សម្រាប់​ជិះ​ស្គី អគារ​ពាណិជ្ជកម្ម វប្បធម៌ និង​មន្ទីរពេទ្យ ជាដើម​។ ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​បញ្ជាក់ថា ទីក្រុង​នេះ អាច​ទទួលបាន​មនុស្ស​ចំនួន​៤​ពាន់​គ្រួសារ ហើយ​មាន​អគារ​ឧស្សាហកម្ម និង​សាធារណៈ​ដល់​ទៅ ៣៨០ ប្លុក ក្នុង​ទំហំ​ផ្ទៃដី​សរុប​រាប់ម៉ឺន​ហិកតា ។​

​សូមបញ្ជាក់ថា ទីក្រុង​នេះ គឺជា​គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​មួយ​របស់លោក គីម ជុង​អ៊ុន ដែល​បានដាក់​ដំណើរការ ជា​ផ្នែក​មួយ​នៃ​ការធ្វើ​ឲ្យ​សេដ្ឋកិច្ច​កូរ៉េខាងជើង​អាចរ​ស់បាន​ដោយ​ខ្លួនឯង​។ ក៏ប៉ុន្តែ​ការសាងសង់​របស់​វា ធ្លាប់​ត្រូវបាន​ពន្យារពេល​ដោយសារតែ​កង្វះ​ខាង​សម្ភារ​ធ្វើ​សំណង់ និង​កម្លាំង​ពលម្ម​។ ការខ្វះខាត​នេះ កើតឡើង​ព្រោះតែ​លទ្ធផល​នៃ​ទណ្ឌកម្ម​ដែល​ដាក់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​។​

​ការពន្យារពេល​ក្នុងការ​សាងសង់ បាន​ជំរុញ​ឱ្យ​របប​លោក គីម ជុង​អ៊ុន ប្រមូល​កងពលតូច​ដែលជា​កម្លាំង​យុវជន​មក​ធ្វើការ​។ ទង្វើ​នេះហើយ ធ្វើ​ឲ្យ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស ចាត់ទុកថា​ជា «​ពលកម្ម​ទាសករ​» ។ នោះ​ក៏​ហេតុថា ពួក​ពលករ​ទាំងនោះ ធ្វើការ​ដោយ​គ្មាន​ទទួលបាន​ប្រាក់ អាហារ​ហូបចុក​មិន​គ្រប់គ្រាន់ ហើយ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​ជាង​១២​ម៉ោង​ក្នុង​មួយ សម្រាប់​រយៈពេល​១០​ឆ្នាំ ជា​ថ្នូ​នឹង​ឱកាសល្អ​ប្រសើរ​ដើម្បី​អាច​ចូលរៀន​សូត្រ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ឬ​ចូលរួម​ជាមួយ​បក្ស​ក​ម្មុយ​នី​ស្ត​របស់​កូរ៉េខាងជើង​៕


 

Tag:
 កូរ៉េខាងជើង​​
  ទីក្រុង​ភ្នំ​
© រក្សាសិទ្ធិដោយ thmeythmey.com