កីឡាជាតិ
ជាតិ
Soccer League វគ្គ​១/២​នឹង​កាន់តែ​តានតឹង ខណៈ​ក្រុម​ទាំង​៤​អះអាង​ពី​ការត្រៀមខ្លួន​បានល្អ​
03, Dec 2019 , 5:02 pm        
រូបភាព
ដោយ:
​ក្រោយ​ឆ្លងកាត់​ការប្រកួត​ជម្រុះ​ដ៏​ស្វិតស្វាញ​ដែលមាន​៧២​ក្រុម​ចូលរួម ពានរង្វាន់ Soccer League ប្រចាំឆ្នាំ​២០១៩ បាន​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​(១/២)​។ ក្រុម​ទាំង​៤​រួមមាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​, សុ​ភី​ណា​អែ​ហ្វ​ស៊ី​, អាវ​តា​អែ​ហ្វ​ស៊ី និង​អាណាចក្រ​បៃតង សុទ្ធតែ​បាន​អះអាង​ពី​ការត្រៀមខ្លួន​បានល្អ​រៀងៗ​ខ្លួន​។ ប៉ុន្តែ​ពួកគេ​ហាក់​រអា​គ្នា​ទៅវិញទៅមក​។ ស​.​ស​.​យ​.​ក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវ​ប្រជែង​ជាមួយ​អាណាចក្រ​បៃតង​នៅ​ម៉ោង​៥​រសៀល​នា​ពហុ​កីឡដ្ឋាន​ជាតិ​។



​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ Soccer League ប្រចាំឆ្នាំ​២០១៩ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នឹងមាន​ភាព​តានតឹង និង​ទាក់ទាញ​បំផុត​សម្រាប់​ទស្សនិកជន​។ ដ្បិត​គ្រូបង្វឹក​ក្រុម​ទាំង​៤​ដែល​ទទួលបាន​កៅអី​ឡើងមក​វគ្គ​នេះ សុទ្ធតែ​បង្ហាញ​ការតាំង​ចិត្ត ខ្ពស់ និង​អះអាង​ពី​ការត្រៀមខ្លួន​បានល្អ​រៀងៗ​ខ្លួន​។ តែ​យ៉ាងណា ពួកគេ​បាន​ឲ្យ​តម្លៃ និង​រអា​គ្នា​ទៅវិញទៅមក​។

​ទោះបី​ស​.​ស​.​យ​.​ក ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​យកឈ្នះ​គូប្រកួត​ជា​បន្តបន្ទាប់​ក្នុង​វគ្គ​ជម្រុះ និង​ជា​ក្រុម​ការពារ​តំណែង​ជើងឯក​ក៏ពិតមែន តែ​ពួកគេ​មិន​ហ៊ាន​ស្រាល​សមត្ថភាព​អាណាចក្រ​បៃតង ដែលជា​អតីត​ម្ចាស់​ជើងឯក​ឡើយ​។ ក្រុម​នេះ ក៏​មិន​បង្ហាញ​ភាពជឿជាក់​ខ្លាំង​ថា​អាច​យកឈ្នះ​អាណាចក្រ​បៃតង ដើម្បី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរ​។

«​យើង​បាន​ជួប​ការលំបាក​ច្រើន​ទម្រាំ​បាន​ឡើង​មកដល់​វគ្គ​នេះ​។ យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ការជួប​ក្រុម​អាណាចក្រ​បៃតង ប៉ុន្តែ​យើង​នៅ​មិនទាន់​ដឹងថា យើង​នឹង​បាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ឬ​យ៉ាងណា​នោះទេ ព្រោះ​ខាងគេ ក៏​ត្រៀមខ្លួន​បានល្អ​ដែរ អ៊ីចឹង​អ្វីដែល​យើង​រំពឹងទុក​មុន គឺ​៥០​លើ​៥០»​។ នេះ​ជាការ​លើកឡើង​របស់លោក ទៀង ទី​នី គ្រូបង្វឹក​ក្រុម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ជាមួយគ្នានេះ លោក ខែ​ក ខេមរិន្ទ គ្រូ​ប​ង្វឹ​ង​ក្រុម​អាណាចក្រ​បៃតង ដែលមាន​គ្រូបង្វឹក​ពោរពេញ​ដោយ​បទពិសោធ​នៅក្រោយ​ខ្នង​បាន​និយាយថា ទោះបី​ក្រុម​លោក​ទើបតែ​បញ្ចប់​ការប្រកួត​កាលពីពេល​ថ្មីៗ តែ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ប្រជែង​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​បន្ត​។ «​យើង​អាច​នឹងមាន​ការពិបាក ក្នុងការ​ប្រមូល​កម្លាំង​មកវិញ ខណៈ​ក្រុម​យើង​ទើប​ប្រកួត​វគ្គ​៨​ក្រុម កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​យើង​តែងតែមាន​ឆន្ទៈ និង​លេង​ដោយ​យុត្តិធម៌​»​។ នេះ​ជាការ​លើកឡើង​របស់លោក ខែ​ក ខេមរិន្ទ​។

​តាមរយៈ​វត្តមាន​របស់លោក​គ្រូ កែវ កុសល ដែល​នាំ​លេង​នៅលើ​ទីលាន គឺ​បានផ្តល់​ទំនុកចិត្ត​ដ៏​មុតមាំ​សម្រាប់​អាណាចក្រ​បៃតង ក្នុង​ការរារាំង​ការប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នេះ​ជាការ​បង្ហាញ​ភាពជឿជាក់​របស់លោក ខែ​ក ខេមរិន្ទ​។ ក្រុម​ការពារ​តំណែង​ជើងឯក​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ប្រជែង​ជាមួយ​អាណាចក្រ​បៃតង ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​វេលា​ម៉ោង​៥​រសៀល​ថ្ងៃទី​៣ ខែធ្នូ នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ​។

​ដោយឡែក គ្រូបង្វឹក​ក្រុម​សុ​ភី​ណា​អេ​ហ្វ​ស៊ី​លោក វី លីកា បាន​អះអាងថា ក្រុម​លោក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ប្រជែង​ដណ្តើម​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​អាវ​តា​។ ក្រុម​ទើប​ចូលរួម​ក្នុង​ពានរង្វាន់ Soccer League លើកដំបូង​មួយ​នេះ រំពឹងថា ពួកគេ​នឹង​ទទួលបាន​លទ្ធផល​ល្អ​ពី​ប្រកួត ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៤ ធ្នូ វេលា​ម៉ោង​៥​រសៀល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​ជាមួយគ្នានេះ ក្រុម​អាវ​តា​ហាក់​មិន​ហ៊ាន​បង្ហាញ​ភាពជឿជាក់​ក្នុងការ​យកឈ្នះ​សុ​ភី​ណា​ឡើយ តែ​ពួកគេ​ប្តេជ្ញា​ថា នឹង​ព្យាយាម​រក​វិធីសាស្ត្រ​ដើម្បី​ឈានទៅ​វគ្គ​បន្ត​។ «​យើង​មិន​ហ៊ាន​រំពឹង​ខ្ពស់​ទេ សម្រាប់​ការជួប​ក្រុម​សុ​ភី​ណា ក្នុង​វគ្គ​នេះ ប៉ុន្តែ​យើង​ក៏​មិន​បាក់​ទឹកចិត្ត​នោះដែរ គឺ​យើង​នឹង​ព្យាយាម​លេង​ទៅតាម​អ្វីដែល​យើង​បានរៀបចំ ដើម្បី​ស្វែងរក​ឱកាស​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ សោម សុ​វិសាល ប្រធាន​ក្រុម​អាវ​តា​អេ​ហ្វ​ស៊ី​៕ 









Tag:
 បាល់ទាត់​
  Soccer League 2019
© រក្សាសិទ្ធិដោយ thmeythmey.com