ONE Championship
កីឡាជាតិ
ជាតិ
កូនខ្មែរ-អាមេរិក អែម សុវណ្ណារី និងកីឡាការិនីប្រេស៊ីល Bastos អ្នកណាអាចរក្សាភាពមិនចាញ់នៅ ONE?
×
ដោយ៖ ស៊ីធី
អែម សុវណ្ណារី កូនខ្មែរនៅអាមេរិកដែលប្រកួតតំណាងឲ្យកម្ពុជា ត្រូវប៉ះជើងខ្លាំងមិនដែលចាញ់សញ្ជាតិប្រេស៊ីល Rayane Bastos នៅក្នុងកម្មវិធី ONE: MARK OF GREATNESS នាថ្ងៃទី ៦ ខែធ្នូ នៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ យ៉ាងណាក្ដី ទាំងសុវណ្ណារី និង Rayane សុទ្ធតែមិនដែលចាញ់ដូចគ្នាក្នុងអាជីពគុនចម្រុះគិតត្រឹមពេលនេះ។ តើ អែម សុវណ្ណារី និង Rayane Bastos ដែលមានវ័យត្រឹម២០ឆ្នាំ អាចរក្សាភាពមិនដែលចាញ់របស់ខ្លួនបាន?
បទពិសោធន៍ប្រកួត៖
អែម សុវណ្ណារី ទើបប្រកួតនៅសង្វៀន ONE Championship បានចំនួន១លើកាលឈ្នះ កីឡាការិនីអ៊ុយក្រែន Iryna Kyselova ត្រឹមតែ ៨១វិនាទីប៉ុណ្ណោះកាលខែ ធ្នូ ឆ្នាំ ២០១៨។ មុនចូលសង្វៀន ONE សុវណ្ណារី បំបាក់កីឡាការិនីអាមេរិកពីររូបឲ្យចុះចាញ់ត្រឹមទឹកទី១យ៉ាងលឿនបំផុត។ ពោលសុវណ្ណារី ផ្ដួល Evelyn Nieves ឲ្យចុះចាញ់ត្រឹមរយៈពេល១នាទីនិង១៩វិនាទីប៉ុណ្ណោះនៅទឹកទី១ ហើយ ប្រើកណ្ដាប់ដៃវ៉ៃ Lanikqua Robins ឲ្យសន្លប់ត្រឹមតែ ១៨ វិនាទី។ ដ្បិតប្រកួតតែ៣លើក ប៉ុន្តែវាជាកំណត់ត្រាដ៏អស្ចារ្យគ្មានគូប្រៀបរបស់កីឡាការិនីខ្មែរនៅអាមេរិកដែលកំពុងហ្វឹកហាត់យ៉ាងល្អនៅក្លិបប្រដាល់ Modern Martial Arts and Fitness។
ងាកមកកាន់ Rayane Bastos ក៏មិនធម្មតាដែរ ព្រោះម្ចាស់ខ្សែក្រវាត់ BJJ State Champion ៥សម័យកាលនៅឯស្រុកកំណើតរបស់ខ្លួន។ កីឡាការិនីសញ្ជាតិប្រេស៊ីលរូបនេះទទួលកេរ្តិ៍បោះសំឡេងនៅស្រុកកំណើតរបស់ខ្លួនក្រុង Castanhal នៃរដ្ឋ Para។ គេចាប់ផ្ដើមហាត់ក្បាច់គុនដោយមានការណែនាំពីឳពុករបស់ខ្លួន ដែលជាគ្រូបង្វឹកខាងក្បាច់ការ៉ាតេ។ Bastos ធ្លាប់ឈ្នះជើងឯកការ៉ាតេក្នុងតំបន់ និង ជើងឯក State BJJ Championships រហូតដល់៥ដង។ មិនត្រឹមហាត់ការ៉ាតេ Bastos បានហាត់ក្បាច់មួយថៃ ជឺជិតស៊ូ និង គុនចម្រុះទៀតផង។ Bastos ប្រកួតមិនដែលចាញ់សោះដោយឈ្នះ ៣ ដងនិងស្មើ១ដង មុនពេលចុះហត្ថលេខាប្រកួតនៅសង្វៀន ONE Championship។ Bastos ឈ្នះដោយពិន្ទុ២លើកនិងបញ្ចប់គូប្រកួត១លើកមុនពេលស្មើកីឡាការិនី Evelin Gomes នៅឯស្រុកកំណើត។ កីឡាការិនីវ័យ២០ឆ្នាំរូបនេះមានកណ្ដាប់ដៃធ្ងន់ និងអាចបញ្ចប់គូប្រកួតគ្រប់ពេលវេលាហើយក៏បន្តក្ដីស្រមៃរបស់ខ្លួនទៅប្រកួតខ្សែក្រវាត់នាពេលខាងមុខទៀតផង។
សម្រង់សម្ដី៖
កីឡាការិនី អែម សុវណ្ណារី បានទទួលស្គាល់អំពីចំណុចល្អ របស់RAYANE ថា៖«វាជាការប្រកួតដ៏លំបាកមួយ គូប្រកួតរបស់ខ្ញុំនៅក្មេង មានកម្លាំងខ្លាំង មានជំនាញខាងប្រយុទ្ធ និង ចូលចាប់ ជាពិសេសក្បាច់ ជឺជិតស៊ូ និង មួយថៃរបស់គេក៏ល្អដែរ។ លើសពីនេះ RAYANE ក៏ពូកែខាងចំបាប់ហើយខ្ញុំត្រូវតែការពារកុំឲ្យគេចូលចាប់ងាយៗ។ បើមិនដូច្នោះ វាអាចនឹងយ៉ាប់។ ហើយគេក៏មានក្បាច់ប្រយុទ្ធវាយបកលឿនៗផងដែរ។ បើហ៊ានប្រហែសខ្ញុំច្បាស់ជាត្រូវគេបញ្ចប់ការប្រកួតមិនខាន»។
ក្រោយខកខានឡើងសង្វៀនរយៈពេល១ឆ្នាំ កីឡាការិនីវ័យ ២៧ ឆ្នាំសង្កត់ធ្ងន់ថា៖«ការប្រកួតច្បាស់ជាល្អមើល ហើយជក់ចិត្ត ព្រោះមានស្ទិលនិងក្បាច់ខុសគ្នាច្រើន។ ហើយយើងទាំងពីរសុទ្ធតែមិនចង់ខូចកំណត់ត្រាឡើយ»។ សុវណ្ណារី មិនត្រឹមផ្ដោតលើការប្រកួតទម្ងន់ flyweight នេះទេ ប៉ុន្តែថែមទាំងចង់ប្រកួតដណ្ដើមខ្សែក្រវាត់ទៅថ្ងៃអនាគតទៀតផង។
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: Mark OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខ ពីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីម៉ោង ៥:០០ ល្ងាចតទៅ (ម៉ោងកម្ពុជា)តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS៕
© រក្សាសិទ្ធិដោយ thmeythmey.com