អន្តរជាតិ
ទីក្រុង​ហូជីមិញ​របស់​វៀតណាម នឹង​បង្កើត​ឧទ្យាន​សាធារណៈ​១៥០​ហិកតា​បន្ថែម​
03, Dec 2019 , 9:59 pm        
រូបភាព
ដោយ:
​ទីក្រុង ហូជីមិញ បានផ្តល់​ភ្លើង​បៃតង​ចំពោះ​ការសាងសង់​ឧទ្យាន​សាធារណៈ​ទំហំ​១៥០​ហិកតា​មួយ​។ ឧទ្យាន​នេះ នឹងមាន​ទីតាំង​នៅក្នុង​សង្កាត់ ១២ ដែលជា​ទីប្រជុំជន​ធំ​បំផុត​មួយ​នៃ​ទីក្រុង​ភាគខាងត្បូង ប្រទេស​វៀតណាម​នេះ​។



​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម Vietnam Express បាន​ចុះផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​៣ ខែធ្នូ ថា ឧទ្យាន​ពហុ​បំណង​មួយ​នេះ នឹង​បង្កើន​ផ្ទៃដី​សរុប​នៃ​ឧទ្យាន​ក្នុង​ទីក្រុង​នេះ​ប្រមាណ​១​ភាគ​៣ ពី​ទំហំ​ផ្ទៃដី​ឧទ្យាន​បច្ចុប្បន្ន ដែល​ស្មើនឹង ៤៩១ ហិកតា ។

​រដ្ឋបាល​ទីក្រុង​នេះ នឹង​រៀបរៀង​ផែនការ​សាងសង់​លម្អិត ។ ក៏ប៉ុន្តែ​គេ​ពុំទាន់​ឃើញ​មានការ​ព័ត៌មាន​ណាមួយ​ពាក់ព័ន្ធ​នឹង​រយៈពេល​សាងសង់ និង​តម្លៃ​សាងសង់​នៅឡើយ​ទេ​។ ទោះ​មិនបាន​បង្ហើប​តម្លៃ ប្រធាន​នាយកដ្ឋាន​សំណង់​ទីក្រុង​ហូជីមិញ ឈ្មោះថា Lee Hoa Binh បាន​អះអាង​កាលពី​ខែសីហា​កន្លងទៅ​ថា ទីក្រុង​នឹងត្រូវ​ការ​លុយ​ចន្លោះ​ពី​៤,៣ ដល់ ៨,៥​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​ដើម្បី​អភិវឌ្ឍ​ឧទ្យាន​សាធារណៈ ១០ ទៅ ២០ ហិកតា​។​

​សព្វថ្ងៃនេះ មាន​ដើមឈើ​ត្រឹម ១០២ ០០០​ដើម​ប៉ុណ្ណោះ ក្នុង​ទីក្រុង​ធំ​បំផុត​របស់​វៀតណាម​នេះ ដែលមាន​ប្រជាជន​រស់នៅ​១៣​លាន​នាក់​។ ចំពោះ​តួលេខ​ដើមឈើ​នៅ​ទីក្រុង ហូជីមិញ នេះ គឺ​ទាប​ជាង​ចំនួន​ដើមឈើ​ក្នុង​រដ្ឋធានី​ហាណូយ ដែលមាន​ដល់​ជាង​១​លាន​ដើម​ឯណោះ ឬ​ក្នុងប្រទេស​សិង្ហ​បុរី ដែលមាន​ដល់​ជាង​២​លាន​ដើម​។​

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​មាន​តំបន់​បៃតង​ទំហំ​៩​ម៉ែត្រការ៉េ​សម្រាប់​មនុស្ស​ម្នាក់ ដើម្បី​ការរស់នៅ​ទីក្រុង​ដែលមាន​សុខភាព​ល្អ​។ មែនទែនទៅ ទីក្រុង ហូជីមិញ បាន​បាត់បង់​ដើមឈើ​របស់ខ្លួន ដោយសារតែ កំណើន​អភិវឌ្ឍន៍​ទីក្រុង​ដ៏​លឿន​រហ័ស និង​កាប់បំផ្លាញ​ដើមឈើ​ដើម្បី​សាងសង់​ផ្លូវ និង​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងៗ​ទៀត​ជាដើម​៕



Tag:
 វៀតណាម​
  ហូជីមិញ​
  ឧទ្យាន​សាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com