កីឡាជាតិ
ជាតិ
ខេត្តប៉ៃលិនទទួលបានលទ្ធផលលើសការរំពឹងទុក នៅជើងឯកថ្នាក់ជាតិកីឡាតេក្វាន់ដូ ITF
03, Dec 2019 , 9:44 pm        
រូបភាព
ដោយ:
ខេត្តប៉ៃលិនទទួលបានជោគជ័យលើសការរំពឹងទុក នាការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ ដែលបានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។ បើតាមលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ភាពជោគជ័យនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់កីឡាករ និងគ្រូបង្វឹក ក្រោមការយកចិត្តទុកពីដាក់ពីថ្នាក់ដឹកនាំខេត្ត។ លោកបានបង្ហាញមោទកភាពយ៉ាងខ្លាំងចំពោះជោគជ័យនេះ ព្រោះប៉ៃលិនមិនធ្លាប់ទទួលបានជោគជ័យបែបនេះឡើយ។



ទោះបីមេដាយមាស៤ ប្រាក់១ និងសំរឹទ្ធ៤ មិនអាចជួយឲ្យអត្តពលិកខេត្តប៉ៃលិន គ្រងជើងឯកក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ ក៏ដោយ តែសម្រាប់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន វាជាជោគជ័យដ៏ធំធេងសម្រាប់ខេត្តលោក។ ការចាត់ទុកបែបនេះ ព្រោះខេត្តប៉ៃលិន មិនធ្លាប់ទទួលបានជោគជ័យបែបនេះឡើយពីមុនមក។

ស្មារតីខិតខំហ្វឹកហាត់ និងប្រឹងប្រែងប្រកួតក្នុងការស្វែងរកមេដាយរបស់អត្តពលិក និងគ្រូបង្វឹកជាកត្តាចម្បងដែលរួមចំណែកក្នុងភាពជោគជ័យនេះ។ ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ក៏ជាកត្តារួមផ្សំផងដែរ។ នេះបើតាមការលើកឡើងរបស់លោក តង់ ធារ៉ា ដែលចាត់ទុកជ័យជម្នះនេះថា ជាមោទកភាព និងសមិទ្ធផលថ្មីមួយសម្រាប់វិស័យកីឡារបស់ខេត្តប៉ៃលិន។



«កត្តាដែលនាំឲ្យខេត្តប៉ៃលិនជោគជ័យ ទី១គឺស្មារតីកីឡាករ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់និងប្រកួត ដោយសារកន្លងមកខេត្តប៉ៃលិនពុំដែលមានមោទកភាពលើវិស័យកីឡា ពិសេសកីឡាតេក្វាន់ដូ ITF នេះតែម្តង។ ទី២ការយកចិត្តទុកដាក់ពីគ្រូបង្វឹក ដែលបានខិតខំបង្វឹក ផ្តល់ដំបូន្មាន និងផ្ទេរបច្ចេកទេសថ្មីៗដល់កីឡាករ ជាពិសេសមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត»។ លោក តង់ ធារ៉ា លើកឡើងបែបនេះក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយការប្រកួតកាលពីថ្ងៃទី១ ធ្នូ កន្លងទៅ។

ជាមួយគ្នានេះ លោក បានចាត់ទុកសមិទ្ធផលនេះ ជាជោគជ័យដ៏លើសលប់លើសពីការរំពឹងទុក មុនចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ។ សម្រាប់ការប្រកួតឆ្នាំនេះ ខេត្តប៉ៃលិនបានបញ្ជូនអត្តពលិកចំនួន២១រូបឲ្យចូលរួម។

«យើងមិននឹងស្មានថា ក្នុងការប្រកួតនេះកីឡាករកីឡាការិនីយើងបានខិតខំប្រឹងប្រែង តស៊ូ ប្តូរផ្តាច់ ទោះបីមានរបួសក៏ដោយ ប៉ុន្តែពួកគេបានប្រកួតអស់ពីសមត្ថភាព រហូតអាចស្វែងរកមេដាយបានច្រើនលើសលប់ ពិសេសមេដាយមាសតែម្តង ដែលជាមោទកភាពសម្រាប់ខេត្តរបស់យើង»។ នេះជាការលើកឡើងរបស់លោក ធារ៉ា។

ជ័យជម្នះខាងលើមិនត្រឹមតែជួយលើកស្ទួយវិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងជួយឲ្យខេត្តប៉ៃលិនឈរចំណាត់ថ្នាក់លេខ២ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលមាន១៨ក្លិប-សមាគមចូលរួមទៀតផង។ ចំណែកអត្តពលិកក្រសួងមហាផ្ទៃឈរលំដាប់ទី១ក្រោយរកបានមេដាយមាស៦ ប្រាក់២ និងសំរឹទ្ធ៣។ រីឯក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឈរលេខ៣ក្រោយឈ្នះមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៥ ខណៈសេរីភាពឈរលេខ៤ក្រោយឈ្នះមេដាយមាស៣ និងប្រាក់៤។

ទាំងលោក កែវ រ៉េមី ប្រធានសហព័ន្ធ និងលោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធ សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការប្រកួតនេះថា បានប្រព្រឹត្តទៅយ៉ាងរលូន ហើយសមត្ថភាពរបស់កីឡាករកីឡាការិនីនៅឆ្នាំនេះទៀតសោត មានការរីកចម្រើនខ្លាំងបើធៀបនៅនឹងលើកមុនៗ៕

Tag:
 តេក្វាន់ដូ ITF
  តង់ ធារា
  ជើងឯកថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com