ជាតិ
ក្រសួងបរិស្ថាន ជំរុញ​ការអភិរក្ស​សត្វ​រមាំង នៅ​តំបន់​ទេសភាព​អាង​ត្រពាំងថ្ម
04, Dec 2019 , 8:59 am        
រូបភាព
សត្វរមាំងនៅតំបន់អាងត្រពាំងថ្ម (រូបភាពពីក្រសួងបរិស្ថាន)
សត្វរមាំងនៅតំបន់អាងត្រពាំងថ្ម (រូបភាពពីក្រសួងបរិស្ថាន)
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន ជំ​រុញឱ្យ​អាជ្ញាធរ និង​ពលរដ្ឋ អភិរក្ស​សត្វ​រមាំង និង​សត្វ​កម្រ​ជាច្រើន​ទៀត នៅ​តំបន់​ទេសភាព​អាង​ត្រពាំងថ្ម រហូតដល់​កងទ័ព​នៅ​កងពលតូច​អន្តរាគមន៍​លេខ​៥ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ សត្វ​រមាំង ក្រៀល និង​ត្រ​យ៉ង​ជាដើម ជា​ប្រភេទ​សត្វ​កម្រ និង​ប្រឈម​នឹង​ការ​ជិត​ផុត​ពូជ​។


 
​លោក ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​និយាយថា តំបន់​អាង​ត្រពាំងថ្ម ក្នុង​ខេត្តបន្ទាយមានជ័យ ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​កន្លែង​ទ្រទ្រង់​ដល់​ការរស់នៅ និង​បន្ត​ពូជ​របស់​ប្រភេទ​សត្វព្រៃ​សំខាន់ៗ​ជាច្រើន​។ ជាពិសេស​តំបន់​នេះ ជា​កន្លែង​រស់នៅ​របស់​សត្វ​រមាំង  ដែលជា​ប្រភេទ​ថនិកសត្វ​ជិត​ផុត​ពូជ​បំផុត​លើ​ពិភពលោក​។
 
​ដោយសារ​មើលឃើញ​ពី​បញ្ហា​នេះ លោក ស្រ៊ុន ដា​រិ​ទ្ធិ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ជួយ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ជាពិសេស​សត្វ​ជិត​ផុត​ពូជ​នេះ តាមរយៈ​ការទប់ស្កាត់ និង​បញ្ឈប់​ការ​ប្រមាញ់  ការជួញដូរ និង​ការ​លួច​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​ការពារ ដែលជា​ទីជម្រក​សត្វព្រៃ​ជិត​ផុត​ពូជ​។​


 
«​សត្វ​រមាំង​នេះ រស់នៅ​ចាប់ពី​ខែកក្កដា​ដល់​ខែមករា នៅក្នុង​តំបន់​ព្រៃ​កូនខ្លែង ជា​តំបន់​សហគមន៍​ព្រៃឈើ ជាប់​នឹង​ព្រំប្រទល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​រស់នៅ​បន្ត​ពូជ​នៅក្នុង តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម​ចាប់ពី​ខែកុម្ភៈ​ដល់​ខែមិថុនា ដែលជា​កន្លែង​មាន​ប្រភពទឹក​ចំណី អាហារ​និង​ទីជម្រក​គ្រប់គ្រាន់​»​។ នេះ​បើតាម​រដ្ឋលេខាធិកា​ក្រសួងបរិស្ថាន​។​
 
​បច្ចុប្បន្ន​តំបន់​អាង​ត្រពាំងថ្ម​នេះ មាន​ប្រភេទ​សត្វ​កម្រ​ជាច្រើន ដូចជា​សត្វ​រមាំង ក្រៀល ត្រ​យ៉ង​ជាដើម​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ការផ្សព្វផ្សាយ​របស់​ក្រសួងបរិស្ថាន​នេះ គឺ​ជួយ​ជំរុញឱ្យមាន​ការយកចិត្ត​ទុកដាក់​អភិរក្ស​សត្វ​ជិត​ផុត​ពូជ​នេះ​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ធនធានធម្មជាតិ និង​បរិស្ថាន​នេះ ក្រសួង​បានកំណត់​តំបន់​សំខាន់ៗ​មួយចំនួន ទៅជា​តំបន់ការពារធម្មជាតិ អភិរក្ស​ជីវៈចម្រុះ និង​កំពុងដំណើរការ​ដាក់បញ្ចូល​តំបន់ការពារធម្មជាតិ​មួយចំនួន ទៅជា​តំបន់​បេ​តិក​ភ័​ណ្ឌ​អាស៊ាន​ទៀតផង​។ នេះ​បើតាម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​
 
​សូមបញ្ជាក់ថា សត្វ​រមាំង​នៅ​ជុំវិញ​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​និង​ឧ​ត្ត​រ​មានជ័យ មាន​ចំនួន​៧០​ក្បាល ក្នុង​ឆ្នាំ​២០០៣​។ ប៉ុន្តែ​ចំនួន​សត្វ​នេះ បាន​ថយចុះ​មក​សល់​ត្រឹមតែ​១៧​ក្បាល​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៩៕ 

Tag:
 សត្វ​រមាំង​
  អាង​ត្រពាំងថ្ម​
  សត្វ​កម្រ​
© រក្សាសិទ្ធិដោយ thmeythmey.com