ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី ប្ដឹង​ឧទ្ធរណ៍ ជំទាស់​នឹង​តុលាការ​ដំបូង ដែល​បញ្ជូន​លោក កឹម សុខា ទៅ​ជំនុំជម្រះ
04, Dec 2019 , 10:26 am        
រូបភាព
រូបពីហ្វេសប៊ុកលោក មុត ចន្ថា មន្ត្រីជំនិតរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ
រូបពីហ្វេសប៊ុកលោក មុត ចន្ថា មន្ត្រីជំនិតរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ មេធាវី​លោក កឹម សុខា បានដាក់​ពាក្យ​ប្ដឹងទៅ​សាលាឧទ្ធរណ៍ ដើម្បី​ជំទាស់​ដីកា​«​ដំណោះស្រាយ​» របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បានសម្រេច​បញ្ជូនទៅ​ជំនុំជម្រះ កាលពី​ថ្ងៃទី​២ ធ្នូ ឆ្នាំ​២០១៩​។ ក្រុម​មេធាវី ចាត់ទុក​ដីកា​សម្រេចរ​បស់​សាលាដំបូង​រាជធានី​ភ្នំពេញ ហាក់​មិនទាន់មាន​ហេតុផល​ច្បាស់លាស់ ដែល​អាច​ទទួលយកបាន​ឡើយ​។​


 
​លោក ចាន់ ចេ​ន ប្រធាន​ក្រុម​មេធាវី​លោក កឹម សុខា បាន​និយាយថា ការសម្រេច​របស់​តុលាការ​ដំបូង​នេះ បង្ហាញ​ពី​ភាពអយុត្តិធម៌​ដល់​កូនក្តី​លោក ខណៈដែល​តុលាការ​មិនទាន់មាន​ទឡ្ហីករណ៍​ណា​បង្ហាញ​ពី​កំហុស លោក កឹម សុខា ពាក់ព័ន្ធ​នឹង​ករណី «​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដូច​ការចោទប្រកាន់​ឡើយ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ឃើញថា ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ បញ្ជូន​សំណុំរឿង​កូនក្តី​ខ្ញុំ ទៅ​ជំនុំជម្រះ​ហ្នឹង មានន័យថា ការបញ្ជូន​ទៅនេះ (​គ្មាន​ភស្តុតាង​) គ្រប់​ជ្រុងជ្រោយ ហើយ​និង​មិនបាន​ផ្ដល់​ភាពយុត្តិធម៌​ដ៏​ល្អ​បរិសុទ្ធ​ដល់​កូនក្តី​ខ្ញុំ​ទេ​»​។​
 
​មូលហេតុ​ដែល​លោក ចាន់ ចេ​ន ហ៊ាន​អះអាង​បែបនេះ ដោយ​សម្អាង​លើ​ហេតុផល​មួយចំនួន​រួមមាន  តុលាការ​មិនទាន់​រក​ឃើញ​ជនបរទេស​ណា ដែល​ពាក់ព័ន្ធ​ជាមួយ​លោក កឹម សុខា ហៅ​មក​សាកសួរ ឬ​ធ្វើជា​ភស្តុតាង​នោះទេ​។ ម្យ៉ាងទៀត​តុលាការ​ក៏​មិនទាន់​ឆ្លើយតប​ទៅនឹង​សំណើ​របស់​ក្រុម​មេធាវី ដែល​ស្នើ​សុំឱ្យ​ទម្លាក់​បទចោទប្រកាន់​ឡើយ ស្របពេល​តុលាការ​នៅតែ​រក្សាទុក​លោក កឹម សុខា នៅក្រោម​ការត្រួតពិនិត្យ​របស់ខ្លួន​ដដែល​។​
 
​ដោយសារ​មើលឃើញ​ពី​បញ្ហា​នេះ ទើប​លោក ចាន់ ចេ​ន បកស្រាយ​វិញ​យ៉ាង​ដូច្នេះ​ថា​៖«​នៅក្នុង​ផ្លូវច្បាប់ ចៅក្រម​ស៊ើប គឺ​ស៊ើប​ទាំង​ដោះ​បន្ទុក និង​ដាក់បន្ទុក​។ ដោយសារ​មូលហេតុ​៣ ឬ​៤​ចំណុច​នេះហើយ ដែល​យើង​សុំ​ប្ដឹង​ឧទ្ធរណ៍​នឹង​ដីកា​ដំណោះស្រាយ គឺ​ដីកា​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​នេះ​»​។​
 
​កាលពី​ថ្ងៃទី​២ ធ្នូ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បញ្ជូន​សំណុំរឿង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ជំនុំជម្រះ ដោយ​ពុំបាន​លើកលែង​ការចោទប្រកាន់ តាម​ការស្នើសុំ​របស់​ក្រុម​មេធាវី​ឡើយ​។​
 
​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អះអាងថា «​ក្រោយពី​បាន​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ចប់សព្វគ្រប់ ចៅក្រម​ស៊ើបសួរ​ពិនិត្យឃើញថា​មាន​ភស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់ លើ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរ​ទេ​ស‍​»​។​
 
​គិត​មកដល់ពេលនេះ សំណុំរឿង​របស់លោក កឹម សុខា ត្រូវបាន​អូសបន្លាយ​អស់​រយៈពេល​ជាង​២​ឆ្នាំ​ហើយ​។ គួររម្លឹកថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចូលចាប់​ខ្លួន ដល់​គេហដ្ឋាន​នៅ​ម៉ោង​២ រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​៣ កញ្ញា ឆ្នាំ​២០១៧ ហើយ​បញ្ជូនទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ក្រោម​បទ​ចោទ ឃុបឃិត​ជាមួយ​បរ​ទេ​ស‍ អស់​រយៈពេល​១​ឆ្នាំ មុននឹង​តុលាការ​សម្រេច​បញ្ជូន​លោក មក​ឃុំខ្លួន​នៅ​គេហដ្ឋាន​វិញ នៅ​ខែតុលា ឆ្នាំ​២០១៨​។ 
 
​មកដល់ពេលនេះ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កែប្រែ​លក្ខខណ្ឌ​ខ្លះ ដោយ​សម្រេច​ឱ្យ​លោក​ដើរទៅ​ទីណា​ក៏បាន នៅក្នុង​ប្រទេស​កម្ពុជា លើកលែងតែ​ចេញទៅ​ក្រៅប្រទេស ។ ដ្បិត​អាច​ដើរ​គ្រប់​ទីកន្លែង​បាន​មែន ប៉ុន្តែ​លោក កឹម សុខា នៅ​គ្មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ដដែល​។ ជាពិសេស​លោក កឹម សុខា ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​របស់​សមត្ថកិច្ច​គ្រប់ពេល ដោយសារ​នៅតែ​ស្ថិតនៅក្នុង​ការតាមដាន​របស់​តុលាការ​៕

Tag:
 កឹម សុខា
  ចាន់ ចេ​ន​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com