កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ តាំងពី​ឆ្នាំ​១៩៩៥ កម្ពុជា​មិនដែល​ឈ្នះ​ម៉ាឡេស៊ី​ឡើយ ចុះ​រសៀល​នេះ​?
04, Dec 2019 , 11:09 am        
រូបភាព
លោក Felix Dalmas គ្រូបង្វឹកក្រុម U22 កម្ពុជា, រូបភាពពី FFC
លោក Felix Dalmas គ្រូបង្វឹកក្រុម U22 កម្ពុជា, រូបភាពពី FFC
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​(U22)​កម្ពុជា ត្រូវការ​ឈ្នះ​ម៉ាឡេស៊ី​ដាច់ខាត នា​ជំនួប​ចុងក្រោយ​ពូ​ល A ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ថ្ងៃនេះ ដើម្បី​ប្រជែង​ដណ្តើម​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ការប្រកួត​ធ្វើឡើង​នៅ​កីឡដ្ឋាន Rizal Memorial Stadium វេលា​ម៉ោង​៣​រសៀល​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩ នេះ ខណៈ​ម្ចាស់ផ្ទះ​ហ្វីលីពីន​ត្រូវ​ប្រជែង​ជាមួយ​ទី​ម័​រ​ខាងកើត​នៅ​កីឡដ្ឋាន Binan Football Stadium ម៉ោង​ដំណាលគ្នា​នេះដែរ​។

 
​វា​ជា​ជំនួប​ដ៏​សំខាន់​មួយ សម្រាប់​ក្រុម U22 កម្ពុជា ដ្បិត​ពួកគេ​ត្រូវការ​ឈ្នះ​ម៉ាឡេស៊ី​ដាច់ខាត បើ​ពុំ​នោះទេ​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក Felix Dalmas នឹង​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ កម្ពុជា​អាច​ឡើងទៅ​វគ្គ​បន្តបាន​លុះត្រា​អាច​យកឈ្នះ​ម៉ាឡេស៊ី ហើយ​ហ្វីលីពីន​ចាញ់ ឬ​ស្មើ​ទី​ម័​រ​ខាងកើត ឬ​ឈ្នះ​មិន​សើ​លពី​៤​គ្រាប់​។​
 
​បច្ចុប្បន្ន​កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី​២​មាន​៤​ពិន្ទុ​ជាមួយ​គ្រាប់​ចំណេញ​៤​គ្រាប់ ខណៈ​ម៉ាឡេស៊ី​ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​៤​ពិន្ទុ​ដូចគ្នា​តែមាន​គ្រាប់​បាល់​ចំណេញ​តែ​៣​គ្រាប់​។ ឯ​ហ្វីលីពីន​ស្ថិតនៅ​លេខ​រៀង​ទី​៤​មាន​៤​ពិន្ទុ តែ​គ្មាន​គ្រាប់​បាល់​ចំណេញ​។ សម្រាប់​ការប្រកួត​រវាង U22 កម្ពុជា​ជាមួយ​ម៉ាឡេស៊ី ដែល​ធ្វើឡើង​នៅ​ម៉ោង​៣​រសៀល បើ​ក្រុម​ណា​ឈ្នះ​ក្រុម​នោះ​នឹង​ឡើងទៅ​វគ្គ​បន្ត​ជាមួយ​មី​យ៉ាន់​ម៉ា​តំណាង​ឲ្យ​ពូ​ល A​។ ដូច្នេះ​ការប្រកួត​រៀបចំ​នៅ​កីឡដ្ឋាន Rizal Memorial Stadium នេះ នឹង​ក្លាយជា​ជំនួប​ដ៏​ទាក់ទាញ​និង​តានតឹង​បំផុត ដ្បិត​ពួកគេ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា​។ 
 
​ប៉ុន្តែ​ក្នុងករណី U22 កម្ពុជា​ស្មើ​ជាមួយ​ម៉ាឡេស៊ី ហើយ​ហ្វីលីពីន​ឈ្នះ​ទី​ម័​រ​ខាងកើត នោះ​ក្រុម​ម្ចាស់ផ្ទះ​នឹង​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ តែ​វា​មាន​ភាគរយ​តិចតួច​បំផុត​។ 
 
​បើ​គិត​តាំងពី​ឆ្នាំ​១៩៩៥ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​ចំនួន​៦​លើក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នេះ​។ តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​កម្ពុជា​មិនដែល​យកឈ្នះ​ម៉ាឡេស៊ី​នោះទេ​។ ជាក់ស្តែង​នៅ​ស៊ី​ហ្គេម​ឆ្នាំ​១៩៩៥ ដែល​ថៃ​ធ្វើ​ម្ចាស់ផ្ទះ​កម្ពុជា​ចាញ់​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ៩-០ ហើយ​បាន​បន្ត​ចាញ់ ៧-២ នៅ​ស៊ី​ហ្គេម​ឆ្នាំ​១៩៩៩, ចាញ់ ៨-១ ស៊ី​ហ្គេម​ឆ្នាំ​២០០៣, ចាញ់ ៥-០ ស៊ី​ហ្គេម​ឆ្នាំ​២០០៥, ចាញ់ ៤-០ ស៊ី​ហ្គេម​ឆ្នាំ​២០០៩ និង​ចាញ់ ៤-១ នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០១១៕   

Tag:
 បាល់ទាត់​
  SEA Games
  U22 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com