ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ពលរដ្ឋ អាចសួរពីច្បាប់តាមទូរស័ព្ទ! រូបពីលោក ជិន ម៉ាលីន
× គណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា បានដាក់ឲ្យអនុវត្ត «កម្មវិធីប្រឹក្សាច្បាប់តាមប្រព័ន្ធទូរស័ព្ទដោយឥតគិតថ្លៃ»។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ការបង្កើតកម្មវិធីនេះ គឺដើម្បីលើកស្ទួយសិទ្ធិទទួលបានយុត្តិធម៌ សម្រួលការលំបាក និង បង្ខិតសេវាប្រឹក្សាច្បាប់ ទៅដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងតាមរយៈប្រព័ន្ធទូរស័ព្ទ ដោយមិនចាំបាច់ធ្វើដំណើរទៅទទួលសេវានេះ ដោយផ្ទាល់នៅការិយាល័យរបស់ក្រុមមេធាវីសិទ្ធិមនុស្សក្នុងរាជធានីភ្នំពេញទៀតឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានសរសេរដូច្នេះថា៖«កម្មវិធីប្រឹក្សាច្បាប់តាមទូរស័ព្ទដោយឥតគិតថ្លៃ មានក្រុមមេធាវីសិទ្ធិមនុស្សរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រចាំការរៀងរាល់ថ្ងៃក្នុងការទទួលទូរស័ព្ទ ឆ្លើយតបទៅនឹងចម្ងល់ និង ក្តីកង្វល់ផ្សេងៗរបស់សាធារណជន ពាក់ព័ន្ធនឹងផ្លូវច្បាប់...»។
ចង់ដឹងពីច្បាប់ សូមហៅទៅលេខទូរស័ព្ទខាងក្រោមនេះ
កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្កើតក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្សនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្ស មានតួនាទីសំខាន់មួយ គឺ «ជួយការពារក្តីឲ្យប្រជាពលរដ្ឋក្រីក្រ» ដែលគ្មានលទ្ធភាព ជាពិសេសពាក់ព័ន្ធនឹងសំណុំរឿងរំលោភសិទ្ធិមនុស្ស។ ក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្ស ក៏អាចផ្តល់យោបល់ផ្នែកច្បាប់ដល់ពួកគាត់ និង ជួយសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការផងដែរ។
ក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្ស នៅមានតួនាទីសំខាន់មួយទៀត គឺ «ឃ្លាំមើលដំណើរការសវនាការនិងដំណើរការនីតិវិធីរបស់តុលាការ» ដើម្បីធានាឲ្យបាននូវ «សិទ្ធិទទួលបានយុត្តិធម៌របស់ប្រជាពលរដ្ឋ» និង ដើម្បីជាមូលដ្ឋានក្នុងការធ្វើរបាយការណ៍ជូនស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងយុត្តិធម៌ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង អង្គភាពប្រឆាំងអំពើពុករលួយ។ ការធ្វើរបាយការណ៍នេះ គឺដើម្បីឲ្យស្ថាប័នទាំងនេះ «មានវិធានការច្បាប់និងវិន័យ» ។
ក្រៅពីនេះ ក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្ស គឺជាអ្នកផ្តល់យោបល់ផ្នែកច្បាប់ដល់ស្ថាប័នរបស់ខ្លួនផ្ទាល់ គឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្ស អមដោយអនុប្រធាន២រូប គឺលោក ខៀវ តុលា និង លោក កេង សុម៉ារតន៍ រួមទាំងសមាជិក១៥រូបទៀត៕
Tag:
ច្បាប់
មេធាវី
សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com