ជាតិ
លោក ហោ ណាំហុង​៖ កិច្ចប្រជុំ AIMF បង្កើន​គុណ​តម្លៃបន្ថែម​ដល់​ហ្វ្រ​ង់​កូ​ហ្វូ​នី​
04, Dec 2019 , 11:47 am        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាពិធីបើកមហាសន្និបាត AIMF លើកទី៣៩ ព្រឹកថ្ងៃទី៤ ខែធ្នូ នៅភ្នំពេញ
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាពិធីបើកមហាសន្និបាត AIMF លើកទី៣៩ ព្រឹកថ្ងៃទី៤ ខែធ្នូ នៅភ្នំពេញ
ដោយ: ថ្មីៗ
​មហាសន្និបាត​លើក​ទី​៣៩ នៃ​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) ត្រូវបាន​ប្រកាស​បើក​ជា​ផ្លូវការ​នៅ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែធ្នូ នេះ ក្រោម​ប្រធានបទ «AIMF ភ្នំពេញ ៤០​ឆ្នាំក្រោយ​»​។ នាឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបង្ហាញ​ក្តី​រំពឹងថា វេទិកា AIMF នឹង​ជា​ក្លាយជា​បណ្តាញ​រួមគ្នា​មួយ​ដែល​បង្កើន​គុណ​តម្លៃបន្ថែម​ដល់​ហ្វ្រ​ង់​កូ​ហ្វូ​នី (​បណ្តា​អ្នក​និយាយ​ភាសា​បារាំង​)​។​

 
​លោក ហោ ណាំហុង ដែល​ធ្វើជា​គណៈអធិបតី​ក្នុងនាម​តំណាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលឹក​ដល់​លោក Jacques Chirac អតីត​ប្រធានាធិបតី​បារាំង អតីត​អភិបាល​ក្រុងប៉ារីស និង​ជា​ស្ថាបនិក AIMF ដែល​ទទួលមរណភាព​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ ឧបនាយករដ្ឋមន្ត្រី​រូបនេះ បានលើកឡើង​ពី​ប្រវត្តិ​ជា​បន្តបន្ទាប់​ក្នុង​ការស្តារ​រាជធានី​ភ្នំពេញ​ឲ្យ​រស់​ឡើងវិញ​ក្រោយ​របប​ខ្មែរក្រហម រហូតដល់​មាន​អ្នករស់នៅ​ប្រមាណ​៣​លាន​នាក់​នាពេល​បច្ចុប្បន្ន​។​
 
«​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​កសាង និង​ពង្រីក ដោយសារ​មានការ​កកស្ទះ​ចរាចរណ៍​នៅលើ​ផ្លូវ​ថ្នាល់ ដូច​នៅ​គ្រប់​រដ្ឋធានី​ទាំង​អស់នៃ​អាស៊ីអាគ្នេយ៍​។ នេះ​ក៏​ដោយសារតែ​ការកើនឡើង​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន កំណើនសេដ្ឋកិច្ច​៧.៧​ភាគរយ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​កន្លងមកនេះ​»​។ លោក ហោ ណាំ ហុង បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ក្នុង​សុន្ទរកថា​របស់ខ្លួន​។​


 
​មហាសន្និបាត​នេះ មានការ​ចូលរួម​ពី​គណៈប្រតិភូ​នៃ​ទីក្រុង និង​សមាគម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ចូលរួម​ចំនួន​៤០២ នាក់ មកពី​៤១​ប្រទេស​។ អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រូបនេះ ចង់ឃើញ​សមាគម AIMF ក្លាយជា​យន្តការ​ពហុភាគី ដែលជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​ទីក្រុង​និយាយ​ភាសា​បារាំង​។ «​ខ្ញុំ​គិតថា វា​ជាការ​សមស្រប​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នៅក្នុង​នៅក្នុង AIMF ដោយ​ផ្លាស់ប្តូរ​វេទិកា​នេះ​ឲ្យ​ទៅជា​បណ្តាញ​រួមគ្នា​មួយ​ដែល​នឹង​បង្កើត​គុណ​តម្លៃបន្ថែម​ដល់​ហ្វ្រ​ង់​កូ​ហ្វូ​នី​»​។​
 
​ក្នុងការ​ពង្រឹង AIMF លោក ហោ ណាំហុង ណែនាំ​ឲ្យ​មានការ​កម្មវិធី​បណ្តុះបណ្តាល​អ្នកដឹកនាំ​អនាគត​របស់​សមាគម ដោយ​ធ្វើ​ឲ្យ AIMF និង Francophonie ក្លាយទៅជា​តំបន់​សន្តិភាព ភាតរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក៏ដូចជា​ការបង្កើត​ព្រឹត្តិការណ៍​កីឡា វប្បធម៌ និង​ទេសចរណ៍​។​
 
​ជាមួយគ្នានេះ លោកស្រី Louise Mushikiwabo អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​ហ្វ្រ​ង់​កូ​ហ្វូ​នី គាំទ្រ​ឲ្យ​សមាជិក​នៃ AIMF បន្ត​អនុវត្ត​ការងារ​របស់ខ្លួន​ដោយ​ផ្តោតលើ​បញ្ហា​បរិស្ថាន អភិបាលកិច្ច សង្គមកិច្ច ការអប់រំ និង​វប្បធម៌ ដែល​ធានា​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ លោកស្រី​បាន​បញ្ជាក់ថា «​ហ្វ្រ​ង់​កូ​ហ្វូ​នី គាំទ្រ​រាល់​គម្រោង​ទាំងឡាយនា​ពេលអនាគត​»៕



Tag:
 AIMF
  Francophonie
© រក្សាសិទ្ធិដោយ thmeythmey.com