អន្តរជាតិ
ទោះ​ត្រូវ​ប្រឈម​ការចាប់ខ្លួន​និង​ការបំភិតបំភ័យ​ក៏​អ្នកសារព័ត៌មាន​តង់​សានី​បន្ត​តស៊ូ​ការពារ​សេរីភាព​សារព័ត៌មាន​ក្នុងប្រទេស​
04, Dec 2019 , 1:39 pm        
រូបភាព
លោកស្រី Sandra Mims Rowe (ឆ្វេង)​ និង​លោក Maxence Melo Mubyazi ថត​រូប​នៅ​លើ​ឆាក​ក្នុង​ពីធី​ប្រគល់​​​ពាន​រង្វាន់​សេរីភាព​សារព័ត៌មាន​អន្តរជាតិ​លើក​ទី​២៩​​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ នៅ​ទី​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។
លោកស្រី Sandra Mims Rowe (ឆ្វេង)​ និង​លោក Maxence Melo Mubyazi ថត​រូប​នៅ​លើ​ឆាក​ក្នុង​ពីធី​ប្រគល់​​​ពាន​រង្វាន់​សេរីភាព​សារព័ត៌មាន​អន្តរជាតិ​លើក​ទី​២៩​​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ នៅ​ទី​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។
ដោយ: VOA
​ក្រុង JOHANNESBURG ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ លោក Maxence Melo បាន​ហៅ​ខ្លួន​លោក​ថា​ជា «​អ្នកសារព័ត៌មាន​ដោយ​ចៃដន្យ​»​។ លោក​ថា គេហទំព័រ​ដែល​លោក​បាន​បង្កើត​នៅ​ប្រទេស​តង់​សានី ឈ្មោះ Jamii Forums មាន​បេសកកម្ម​យ៉ាង​សាមញ្ញ គឺ​ផ្តល់​សំឡេង​ដល់​យុវជន​នៃ​ប្រទេស​អាហ្វ្រិក​មួយ​នេះ ផ្តល់​កន្លែង​សម្រាប់​បញ្ចេញមតិ​ដោយ​សេរី​និង​ប្រឆាំងនឹង​អំពើពុករលួយ​។​

 
​ប៉ុន្តែ​ឥទ្ធិពល​នៃ​គេហទំព័រ​នេះ​និង​ប្រតិកម្ម​នៃ​អាជ្ញាធរ​តង់​សានី​មិន​សម​នឹង​ភាពសាមញ្ញ​នៃ​គេហទំព័រ​នេះ​ទេ​។ លោក Melo បាន​ត្រូវ​ទៅ​តុលាការ​ចំនួន​១៣៧​លើក​រួចមកហើយ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ បាន​ត្រូវគេ​ចាប់ខ្លួន​ពីរលើក ហើយ​ធ្លាប់បាន​ជាប់ពន្ធនាគារ​ចំនួន​១៤​យប់​។​
 
​លោក​ប្រាប់ VOA ថា​៖ «​ខ្ញុំ​បាន​ទទួលរង​ការ​រឹត​ត្បឹ​ត​ជាច្រើន​ខាង​សេរីភាព ប៉ុន្តែ​ខ្ញុំ​ដឹងថា​នេះ​ជា ការលះបង់​មួយ​ដែល​យើង​ត្រូវធ្វើ​ដើម្បី​ទទួលបាន​សេរី​ភាពជា​មូលដ្ឋាន​ទាំងនេះ​»​។​
 
​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​កន្ល​ង​ទៅនេះ លោក Melo ត្រូវបាន​គេ​ផ្តល់​រង្វាន់​សេរីភាព​សារព័ត៌មាន​អន្តរជាតិ (International Press Freedom Award) របស់​អង្គការ​គណៈកម្មាធិការ​ការពារ​អ្នកសារព័ត៌មាន​។ លោក​បានទទួល​ពានរ​ង្វាន់​ដ៏​មាន​កិត្តិនាម​មួយ​នេះ រួមជាមួយ​អ្នកសារព័ត៌មាន​ដទៃទៀត​មកពី​ប្រទេស​ប្រេ​ស៊ី​ល ឥណ្ឌា និង​នី​កា​រ៉ា​ហ្កា​។​
 
​គេហទំព័រ Jamii Forums ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៦ ហើយ​ផ្សាយ​ព័ត៌មាន​ជា​ភាសា​ស្វា​ហ៊ី​លី (Swahili) ជា​ចម្បង សម្រាប់​អ្នកអាន​នៅក្នុង​ប្រទេស​តង់​សានី កេ​ន​យ៉ា និង​អ៊ូ​ហ្គា​ន់​ដា​។ គេហទំព័រ​ព័ត៌មាន​នេះ​ត្រូវបាន​គេ​ចាប់ផ្តើម​ស្គាល់​ខ្លាំង​នៅ​ឆ្នាំ​២០០៧ ក្រោយពី​មានការ​ផ្សាយ​រឿង​មួយ​ទាក់ទង​នឹង​អំពើពុករលួយ​នៅ​ធនាគារកណ្តាល​តង់​សានី ដែល​នៅ ទីនោះ​មានការ​លួច​យកលុយ​ចេញ​។ លោក Melo ថា ពេលនោះ​ជា​លើក​ទី​១​ដែល​គេហទំព័រ​នេះ​បាន​ទទួលរង​ការបំភិតបំភ័យ​ពី​សំណាក់​រដ្ឋាភិបាល ហើយ​អាជ្ញាធរ​ចង់ដឹងថា​អ្នកណា​ជា​អ្នកគ្រប់គ្រង​គេហទំព័រ​នេះ​។​
 
​នៅ​ឆ្នាំ​២០០៨ គេហទំព័រ​នេះ​ក៏បាន​ផ្សាយ​រឿងរ៉ាវ​ព័ត៌មាន​អំពី​អំពើពុករលួយ​ទាក់ទង​នឹង​កិច្ចសន្យា​ម៉ាស៊ីនភ្លើង ដែល​នៅ​ទីបំផុត​បាន​នាំ​ឲ្យ​មានការ​លាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​និង​ការរំលាយ​គណៈរដ្ឋមន្ត្រី​។ លោក Melo និយាយថា ចាប់ពីពេលនោះ​មក លោក​ត្រូវបាន​អាជ្ញាធរ​តាមដាន​យ៉ាង​ជាប់លាប់​។​
 
​លោក​មានប្រសាសន៍ថា មន្ត្រី​រដ្ឋាភិបាល សមាជិកសភា និង​មន្ត្រី​គណបក្សប្រឆាំង​តែង​ចូលទៅ​គេហទំព័រ​វេទិកា​នេះ​ជា​ទៀងទាត់​ដើម្បី​ទៅទាក់ទង​ជាមួយនឹង​អ្នកប្រើប្រាស់​គេហទំព័រ​នេះ​។ លោក​ថា កំហឹង​ដែល​លោក​ទទួល​ពី​មន្ត្រី​មានអំណាច​ទាំងនោះ​មិនមែន​ទាក់ទង​នឹង​ការរាយការណ៍​ព័ត៌មាន​ខុស​នោះទេ គឺ​ទាក់ទង​នឹង​ការរាយការណ៍​ព័ត៌មាន​ទាំងឡាយណា​ដែល​ពួក​មន្ត្រី​មិន​ចូលចិត្ត​។​
 
​លោក Melo បញ្ជាក់​បន្ថែមទៀតថា​៖ «​មិនមាន​អ្នកណាម្នាក់​បាន​ចោទថា​យើង​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​នោះទេ​។ មិនមាន​នរណាម្នាក់​បាន​ចោទ​យើង​អំពី​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នោះទេ​។ យើង​ត្រូវបាន​គេ​ចោទប្រកាន់ថា មិនបាន​សហការ​ជាមួយ​ស្ថាប័នរដ្ឋ​ក្នុងការ​បង្ហាញមុខ​ប្រភពព័ត៌មាន​របស់​យើង​។ ហើយ​យើង​ជឿជាក់ថា សម្រាប់​អ្នកសារព័ត៌មាន សម្រាប់​ស្ថាប័ន​សារព័ត៌មាន​មួយ ប្រភព​ជា​បុគ្គល​គន្លឹះ​សម្រាប់​ឲ្យ​អ្នកសារព័ត៌មាន​សរសេ​រ​អំពី​រាល់​ព័ត៌មាន​ដែល​ពួកគេ​កំពុង​សរសេរ​»​។​
 
​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​តង់​សានី​កាន់​តែមាន​ភាព​គ្រោះ​ថ្នាក់ឡើ​ង​នៅ​ឆ្នាំ​២០១៥ នៅពេលដែល​រដ្ឋាភិបាល​តង់​សានី​បានអនុម័ត​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​។ ច្បាប់​នេះ​បានកំណត់​ឲ្យ​មានទោស​ឧក្រិដ្ឋ​ចំពោះ​ខ្លឹមសារ​តាម​អ៊ីនធឺណិត​ណា​ដែល​ត្រូវបាន​អាជ្ញាធរ​ចាត់ទុកថា​មិន​ពិត មាន​លក្ខណៈ​បោក​បញ្ឆោត ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ ឬ​មាន​ខ្លឹមសារ​ខុស​។ ច្បាប់​នេះ​ត្រូវបាន​គេ​ប្រើ​សម្រាប់​កាត់ទោស​គេហទំព័រ​ព័ត៌មាន​ដូចជា Jamii Forums នេះ​។​
 
​លោក Melo បាន​ប្រាប់ VOA ថា «​វា​មិន​ត្រឹមតែ​ត្រូវបាន​គេ​ប្រើ​ប្រឆាំងនឹង​អ្នកសារព័ត៌មាន​និង​អ្នកសារព័ត៌មាន​ពលរ​ដ្ឋ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ត្រូវបាន​គេ​ប្រើ​ដើម្បី​ប្រឆាំង​ទៅនឹង​សំឡេង​រិះគន់​នោះ​ទៀតផង​។ ច្បាប់​នេះ​ត្រូវបាន​គេ​ប្រើ​ដើម្បី​ប្រឆាំង​ទៅនឹង​មនុស្ស​ស្ទើរតែ​គ្រប់គ្នា​ទាំងអស់​។​
 
​លោក​បន្ថែមថា មានច្បាប់​បន្ថែមទៀត​ដែល​បាន​រឹត​ត្បឹ​ត​អ្នកសារព័ត៌មាន​មិនអាច​ឲ្យ​ទទួលបាន​ព័ត៌មាន​និង​ស្ថិតិ​ពី​រដ្ឋាភិបាល​។​
 
​លោក Melo ពន្យល់ថា​៖ «​មានច្បាប់​ជាច្រើន​។ អ្នក​ត្រូវតែ​ដឹង​ពី​របៀប​ធ្វើការ​ជាមួយ​ច្បាប់​ទាំងនេះ ហើយ​ពេលខ្លះ​វា​មានការ​លំបាក​។ ខ្ញុំ​គិតថា​ខ្ញុំ​បាន​អាន​ច្បាប់​ទាំងនេះ​ស្ទើរតែ​ទាំងអស់ គឺ​សរុប​ប្រមាណ ១៣​ច្បាប់ ដែលមាន​នៅក្នុង​វិស័យ​ព័ត៌មាន​។ អ្នកនឹង​ឃើញ​មាន​ចន្លោះប្រហោង​ខ្លះ​ក្នុង​ច្បាប់​ទាំងនេះ ឬ​មាន​ផ្នែក​ខ្លះ​ដែល​ការពារ​អ្នក​»​។​
 
​យ៉ាងនេះ​ក្តី​លោក Melo បាន​ប្តេជ្ញា​ថា លោក​នឹង​បន្ត​កិច្ចការ​ជា​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​របស់លោក​៖ «​ប្រទេស​តង់​សានី​ជា​ឧទាហរណ៍​ល្អ​មួយ​នៅ​ទ្វីបអាហ្វ្រិក​។ យើង​ប្រដូច​បាន​នឹង​អង្គទូត​តំណាង​ឲ្យ​ការផ្លាស់ប្តូរ​នៅ​ទ្វីបអាហ្វ្រិក​។ ប្រទេស​យើង​បាន​ឆ្លងកាត់​ស្ថានភាព​លំបាក​បែបនេះ​អស់​រយៈពេល​ជិត​៥​ឆ្នាំ​មកហើយ ដែល​ពោរពេញ​ដោយ​ការលំបាក​ចំពោះ​អ្នកសារព័ត៌មាន​និង​សំឡេង​អ្នក​រិះគន់​នៅ​ប្រទេស​តង់​សានី​។ ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​ថា មាន​លំហ​ខ្លះ​សម្រាប់​ការផ្លាស់ប្តូរ​។ ហើយ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​យើង​មានលទ្ធភាព​ខ្លះ​ក្នុង​ការជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ខាង​គោលនយោបាយ​»​។​
 
​លោក Melo បាន​ប្រឆាំង​តាមផ្លូវ​តុលាការ​ទៅនឹង​ផ្នែក​ខ្លះ​នៃ​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ឺ​ន​ធឺ​ណិ​ត ប៉ុន្តែ​មិនបាន​ជោគជ័យ​។ យ៉ាងនេះ​ក្តី លោ​កថា​លោក​នឹងមិន​បោះបង់ចោល​ការប្រឆាំង​តវ៉ា​នេះ​ទេ​។​
 
​លោក​បញ្ជាក់ថា​៖ «​យើង​មានលទ្ធភាព​ខ្លះ​ក្នុងការ​ប្រឆាំង​ទៅនឹង​ច្បាប់​ទាំងនេះ​។ ខ្ញុំ​ដឹងថា ការប្រឆាំង​របស់​យើង​នេះ​នឹង​ផ្តល់​ផលវិបាក​ធ្ងន់ធ្ងរ​វិញ​ដល់​យើង​។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​បាន​ព្យាយាម​អស់ពី​លទ្ធភាព​ផ្ទាល់ខ្លួន​ហើយ​។ ខ្ញុំ​បាន​ឡើងដល់​តុលាការ​ជាន់ខ្ពស់​។ ខ្ញុំ​បាន​ប្រឆាំង​ទៅនឹង​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ឺ​ន​ធឺ​ណិ​ត ជំពូក​៣២ និង​ជំពូក​៣៨​នៃ​ច្បាប់​នេះ​។ ខ្ញុំ​នៅតែ​ជឿជាក់​ចំពោះ​ជន​ទាំងឡាយ​ដែល​អាច​នាំ​ការតវ៉ា​នេះ​ទៅកាន់​កម្រិត​មួយទៀត​។ យើង​នៅតែមាន​លទ្ធភាព​អា​ចត​ទល់នឹង​ច្បាប់​នេះ​បាន​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com