កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​៖ ប្រជាជន​ហ្វីលីពីន លើកទឹកចិត្ត​អត្ត​ព​លិ​ក​ទី​ម័​រ​ខាងកើត​ដែល​មិនទាន់​ឈ្នះ​មេដាយ​
04, Dec 2019 , 12:00 pm        
រូបភាព
​ស្របពេល​ម្ចាស់ផ្ទះ​ហ្វីលីពីន​នៅតែ​បន្ត​ដណ្តើម​មេដាយមាស​យ៉ាងច្រើន​ក្រោយ​ការប្រកួត​ផ្លូវការ​រយៈពេល​៣​ថ្ងៃ ទី​ម័​រ​ខាងកើត​នៅ​មិនទាន់​រកបាន​មេដាយ​អ្វីមួយ​នៅឡើយ​នោះទេ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម (SEA Games 2019) លើក​ទី​៣០​។ ប្រជាជន​ហ្វីលីពីន​មួយចំនួន​ដែល​និយម​លេង​បណ្តាញ​សង្គម​បាន​លើកទឹកចិត្ត​ចំពោះ​អត្ត​ព​លិ​ក​ទី​ម័​រ​ខាងកើត​។​


 
​ឆ្លងកាត់​ការប្រកួត​៣​ថ្ងៃ ក្រៅពី​ហ្វីលីពីន​ដែល​អាច​រកបាន​មេដាយ​បណ្តោះអាសន្ន​ច្រើនជាងគេ​ចំនួន​១០៣​រួចហើយ ក្នុងនោះ​មាស​៥១ ប្រាក់​៣៣ និង​សំរឹទ្ធិ​១៩ ក៏មាន​៩​ប្រទេស​ផ្សេងទៀត​អាច​រកបាន​មេដាយ​មួយចំនួន​រួចទៅហើយ​ដែរ លើកលែងតែ​ទី​ម័​រ​ខាងកើត​ប៉ុណ្ណោះ​។​
 
​ទី​ម័​រ​ខាងកើត​បាន​បញ្ជូន​អត្ត​ព​លិ​ក​ត្រឹមតែ​៤៨​រូប​ប៉ុណ្ណោះ ដែលជា​ចំនួន​តិចជាងគេ​បំផុត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំ​២០១៩​នេះ ខណៈដែល​ក្រុម​ដែល​បញ្ជូន​អត្ត​ព​លិ​ក​តិចជាងគេ​លំដាប់​ទី​២​ឡាវ​មាន​ដល់​ទៅ​៤១៩​នាក់​ទៅហើយ​។​
 
​ដោយសារ​មិនទាន់​ទទួលបាន​មេដាយ​នៅឡើយ ប្រជាជន​ហ្វីលីពីន​មួយចំនួន​បាន​បង្ហោះ​សារ​លើកទឹកចិត្ត​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​បង្ហាញ​ការគាំទ្រ​អត្ត​ព​លិ​ក​ទី​ម័​រ​ខាងកើត​។​
​នៅ​ថ្ងៃទី​៣ ខែធ្នូ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ស្ត្រី​ហ្វីលីពីន​ម្នាក់​ឈ្មោះ Avriel Anne Pediongco បាន​បង្ហោះ​រូបភាព​របស់​ក្រុម​អត្ត​ព​លិ​ក​ទី​ម័​រ​ខាងកើត​មួយក្រុម​អំឡុង​ពិធី​បើក​ការប្រកួត ដោយ​សរសេរថា​៖«​ហ្វីលីពីន គាំទ្រ​ដល់​បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​ពី​ប្រទេស​ទី​ម័​រ​ខាងកើត ដោយ​លើកទឹកចិត្ត​ពួកគេ​ហ្វឹកហាត់​នៅទីនេះ​ឲ្យ​មាន​ភាព​រីករាយ​រហូត​បញ្ចប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣០​នេះ​»​។​

 
«​ចូរ​យើង​រីករាយ​ជាមួយ​ទី​ម័​រ​ខាងកើត​។ អ្នក​អាច​ធ្វើបាន​បងប្អូន​ប្រុស​ស្រី​ទី​ម័​រ​ខាងកើត​»​។ ការសរសេរ​បែបនេះ គឺ​នាង​ចង់​ពន្យល់ថា នាង​ចង់​ឲ្យ​ក្រុមទី​ម័​រ​ខាងកើត​វិលត្រឡប់​ទៅ​ប្រទេស​របស់​ពួកគេ​វិញ​ដោយ​ស្នាមញញឹម និង​សង្ឃឹមថា​ពួកគេ​នឹង​ឈ្នះ​មេដាយ​ផងដែរ​។​
 
​ដោយឡែក​ស្ត្រី​ហ្វីលីពីន​ម្នាក់ទៀត​ឈ្មោះ Ves Garcia បាន​សម្តែង​ការគាំទ្រ​ដល់​ក្រុមទី​ម័​រ​ខាងកើត​លើ​បណ្តាញ​សង្គម Twitter ផងដែ​ត​។ នាង​សរសេរថា​៖« ហ្វីលីពីន​នាំមុខ​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ពិតជា​ធ្វើ​ឲ្យ​យើង​មាន​មោទកភាព ប៉ុន្តែ​យើង​នឹង​កាន់តែ​រីករាយ​ប្រសិនបើ​ទី​ម័​រ​ខាងកើត​ឈ្នះ​មេដាយ​ដើម្បី​នាំយក​ទៅកាន់​ប្រទេស​របស់​ពួកគេ ក្រោយ​ចប់​ការប្រកួត​»​។​

 
​កាលពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី ក្រុមទី​ម័​រ​ខាងកើត​ទទួលបាន​មេដាយ​សំរឹទ្ធិ​៣​។​
 
​គិត​ត្រឹម​ម៉ោង ១១ ព្រឹ​ត​ថ្ងៃទី​៤ ធ្នូ​នេះ ម្ចាស់ផ្ទះ​ហ្វីលីពីន​នៅតែ​នាំមុខគេ​ក្នុង​តារាង​មេដាយ​បណ្តោះអាសន្ន ដោយ​រក​មេដាយមាស​៥១ ប្រាក់​៣៣ និង​សំរឹទ្ធិ​១៩ សរុប​១០៣ តាម​ពីក្រោយ​ដោយ​វៀតណាម ដែល​ទទួលបាន​មេដាយ​សរុប​៧៥ ក្នុងនោះ មាស​២៣ ប្រាក់​២៧ និង​សំរឹទ្ធិ​២៥៕



Tag:
 SEA Games
  ហ្វីលីពីន​
  ទី​ម័​រ​ខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com