កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ពេជ្រ ម្ទេសខ្មាំង ប៉ះ​មី​យ៉ាន់​ម៉ា​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​នៅ​ល្ងាច​នេះ​
04, Dec 2019 , 2:27 pm        
រូបភាព
ដោយ:
​កីឡាករ ពេជ្រ ម្ទេសខ្មាំង ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​មី​យ៉ាន់​ម៉ា Latt Naing លើ​ប្រភេទ​ទម្ងន់​៥៦​គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន នៅ​ល្ងាច​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។ ម្ទេសខ្មាំង មានការ​តាំងចិត្ត​ខ្ពស់​ក្នុងការ​ស្វែងរក​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ ហើយ​រូបគេ​ប្តេជ្ញា​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ទោះ​ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង​ណាក៏ដោយ​។

 
ការប្រកួត​ដែល​គ្រោង​ចាប់ផ្តើម​ពី​ម៉ោង​៦​ល្ងាច​(​ម៉ោង​នៅ​កម្ពុជា​)​នេះ នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង​និង​ទាក់ទាញ​បំផុត​ដ្បិត​ទាំង​កីឡាករ ពេជ្រ ម្ទេសខ្មាំង និង​កីឡា​ករមី​យ៉ាន់​ម៉ា Latt Naing សុទ្ធសឹង​ជា​ម្ចាស់​មេដាយ​សំ​រឹ​ទ្ច​កីឡា​ស៊ី​ហ្គេម​ដូចគ្នា​។ ក្នុងនោះ​កីឡាករ​មានឈ្មោះ​ក្នុង​បញ្ជី​ជាតិ​ហៅ ណាត សៀក​និ​ន របស់​កម្ពុជា​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​នៅ​ម៉ា​ឡេ​សី ឯ​កីឡា​ករមី​យ៉ាន់​ម៉ា ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៥​នៅ​សិង្ហ​បុរី​។ 
 
​បើតាម​ប្រវត្តិ កីឡាករ​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ក្នុង​ព្រឹត្តិការណ៍​នេះ​កន្លងមក​នោះទេ​។ កីឡាករ​ទាំងពីរ​មាន​អាយុ​២៥​ឆ្នាំ​ដូចគ្នា ហើយ​កម្ពស់​ក៏​ប្រហាក់​ហែល​គ្នា​ដែរ ដោយ ម្ទេសខ្មាំង មាន​កម្ពស់​១.៦៤​ម៉ែត្រ ខណៈ Latt Naing កម្ពស់​១.៦៥​ម៉ែត្រ​។ កត្តា​នេះ អាចជា​ភាពងាយស្រួល​មួយ​សម្រាប់ ម្ទេសខ្មាំង ក្នុងការ​វាយ​ទៅលើ​គូប្រកួត​។ 
 
«​ទោះជា​ដល់​ថ្ងៃ​ប្រកួត​ខ្ញុំ​នៅតែ​ឈឺ​ជើង​ក៏ដោយ ក៏​ខ្ញុំ​ខិតខំ​ឲ្យ​ដល់​នាទីចុងក្រោយ​។ សម្រាប់​ចិត្ត​ខ្ញុំ​វិញ ទោះ​ចាប់ឆ្នោត​ប៉ះ​ម្ចាស់ផ្ទះ​ហ្វីលីពីន វៀតណាម ឬ​ថៃ ក៏​ខ្ញុំ​អត់​ខ្លាច​ដែរ​។ ព្រោះ​តាំងពី​ចូលប្រឡូក​ក្នុង​វិស័យនេះ ខ្ញុំ​អត់​ដែល​បារម្ភ​រឿង​ដៃ​គួ​ខ្លាំង​នោះទេ គឺ​ខ្ញុំ​ខិតខំ​វាយ​ឲ្យ​អស់ពី​សមត្ថភាព ខ្ញុំ​អត់​ខ្លាចញញើត​គេ​ថា​ខ្លាំង​កម្រិតណា​នោះទេ​»​។ នេះ​ការបង្ហាញ​ការតាំង​ចិត្ត​របស់​កីឡាករ ពេជ្រ ម្ទេសខ្មាំង ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កន្លងទៅ​៕  

Tag:
 ប្រដាល់សកល​
  ពេជ្រ ម្ទេសខ្មាំង​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com