ជាតិ
ជប៉ុន ផ្តល់ប្រាក់​ជាង​២២​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​ពង្រីក​ប្រព័ន្ធ​ទឹកស្អាត នៅ​ពោធិ៍សាត់​
04, Dec 2019 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា ចំនួន​២,៤​ពាន់​លាន​យ៉េន​(​ប្រមាណ​២២​លាន​ដុល្លារ​) សម្រាប់​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្តពោធិ៍សាត់​។ ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ បាន​ចុះហត្ថលេខា ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ​(MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង នា​ថ្ងៃទី​៣​ធ្នូ ឆ្នាំ​២០១៩ ។

 
​លោក ប្រាក់ សុខុន បានលើកឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​ថា រោងចក្រ​ប្រ​ព្រឹ​តិ្ត​កម្ម​ទឹកស្អាត​នេះ នឹង​ចាប់ផ្តើម​សាងសង់ នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ រហូតដល់​ខែកញ្ញា ឆ្នាំ​២០២២​។ បើតាម​រដ្ឋមន្ត្រីក្រសួង​ការបរទេស​រូបនេះ រោងចក្រ​ប្រ​ព្រឹ​តិ្ត​កម្ម​ទឹកស្អាត​នេះ មាន​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​បាន​៦,៦០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ដោយមាន​ប្រវែង​ត​ភ្ជាប់​ប្រព័ន្ធ​ទឹក​ក្នុង​ខេត្តពោធិ៍សាត់​ចំនួន​៨៤,៥​គីឡូម៉ែត្រ  ដែល​អា​ចត​ភ្ជាប់​ទៅ​គ្រួសារ​ក្រី​ក្រី​ជាង​២៥០​គ្រួសារ​ផងដែរ​។ 
 
​ចាប់ពី​ខែមេសា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២០ រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ហិ​រ​ញ្ញាប្ប​ទាន​ឥត​សំណង ដល់​កម្ពុជា ចំនួន​៣,៨១៦​លាន​យ៉េន (​ប្រមាណ​៣៤,៥​លាន​ដុ​លា្ល​រ​) ។ ទំហំ​ទឹកប្រាក់​ឥត​សំណង​នេះ គឺ​មិនទាន់​រាប់​ប​ញ្ជូ​ល​នូវ​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តពោធិ៍សាត់​ឡើយ​។ នេះ​បើតាម​លោក ប្រាក់ សុខុន​។​
 
អត្ថបទទាក់ទង
បើតាម​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ការផ្តល់​ជំនួយ​សម្រាប់​សាងសង់​រោងចក្រ​ប្រ​ព្រឹ​តិ្ត​កម្ម និង​រៀបចំ​ប្រព័ន្ធ​ចែកចាយ​ទឹក​នៅ​ខេត្តពោធិ៍សាត់​នេះ នឹងចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​ឱ្យបាន​១០០​ភាគរយ​នៅ​ទូទាំងប្រទេស​ក្នុង​ឆ្នាំ​២០២៥​។ 
 
​កន្លងមក រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​លើ​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តកំពត ប្រមាណ​២៥​លាន​ដុល្លារ​, ខេត្តកំពង់ធំ ចំនួន​៣០​លាន​ដុល្លារ ផងដែរ​៕ 


Tag:
 ទឹកស្អាត​-​អនាម័យ​
© រក្សាសិទ្ធិដោយ thmeythmey.com