អន្តរជាតិ
កូរ៉េខាងជើង ត្រៀម​ប្រជុំ​បក្ស​កាន់អំណាច​, ការចរចា​ជាមួយ​អាមេរិក​អាចជា​ប្រធានបទ​ធំ​
04, Dec 2019 , 7:39 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងក្រុមមន្រ្តីនៅឯភ្នំ Paektu ។ រូបភាព KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងក្រុមមន្រ្តីនៅឯភ្នំ Paektu ។ រូបភាព KCNA
​កូរ៉េខាងជើង នឹង​កោះប្រជុំ​បក្ស​កាន់អំណាច​នៅក្នុង​ខែធ្នូ​នេះ ដើម្បី​ជជែក​ពី​គោលនយោបាយ​សម្រាប់​ឆ្នាំ​ខាងមុខ​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​៤ ខែធ្នូ​។ ការចរចា​ជាមួយ​អាមេរិក​រឿង​រំសាយ​នុយក្លេអ៊ែរ ត្រូវ​រំពឹងថា ជា​របៀបវារៈ​សំខាន់​ផងដែរ ខណៈ​ឱសានវាទ​ចុងឆ្នាំ​របស់​កូរ៉េខាងជើង​ដែល​ឲ្យ​អាមេរិក​ផ្លាស់ប្ដូរ​គោលនយោបាយរ​បស់​ខ្លួន​នោះ ក៏​សល់​មិន​ច្រើន​ដែរ​។ បើ​មើល​តាម​ស្ថានភាព​ចុងក្រោយ កូរ៉េខាងជើង ទំនង​មិន​រក្សា​ជំហរ​ទន់​ទៀតឡើយ​។​

 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA កូរ៉េខាងជើង នឹង​បើក​កិច្ចប្រជុំពេញអង្គ​លើក​ទី​៧ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ពលករ​នៅ​ចុងខែ​ធ្នូ​នេះ​ដើម្បី​សម្រេចចិត្ត​លើ​បញ្ហាសំខាន់​ដែល​ស្របតាម​តម្រូវការ​អភិវឌ្ឍ​ប្រទេស និង​ស្ថានភាព​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ KCNA មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ពី​កិច្ចប្រជុំ​នេះឡើយ ប៉ុន្តែ​គេ​ជឿថា ការចរចា​ជាមួយ​អាមេរិក​លើ​ការរំសាយ​នុយក្លេអ៊ែរ​ដែល​ជាប់គាំង អាច​ស្ថិត​លើ​តុ​ប្រជុំ​ផងដែរ​។​
 
​ជា​កិច្ចប្រជុំ​លើកដំបូង​ក្នុង​រយៈពេល​៨​ខែ ជំនួប​លើក​នេះ អាចមាន​ការជជែក​ពី​ការផ្លាស់ប្ដូរ​គោលនយោបាយ​ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​ដែល​កំពុង​ជាប់​ចរចា​ជាមួយ​អាមេរិក​។ ក្រោយ​កិច្ចប្រជុំ កូរ៉េខាងជើង ទំនងជា​វិលត្រឡប់​ទៅរក​ដាន​ចាស់​វិញ គឺ​បង្កើត​សកម្មភាព​បង្ករឿង​ដាក់​គេ​ដាក់​ឯង​ដូចជា​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ឬ​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាដើម​។ នៅ​ថ្ងៃទី​៤ ខែធ្នូ KCNA ក៏​បញ្ចេញ​រូប​ជាច្រើន​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ភ្នំ​ពិសិដ្ឋ Paektu ។ ការណ៍​នេះ​នាំ​ឲ្យ​គេ​ជឿថា កូរ៉េខាងជើង ប្រាកដជា​មានការ​ផ្លាស់​ប្ដូរ​គោលនយោបាយ​ថ្មី​។​
 
​យ៉ាងណាមិញ ក្រុង​ព្យុងយ៉ាង ក៏​អាច​ចាំមើល​ទង្វើ​ក្រុង​វ៉ាស៊ីនតោន​សិន​។ លោក គីម បាន​ទុកពេល​ឲ្យ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រឹម​ដំណាច់ឆ្នាំ​២០១៩ នេះ​ដើម្បី​ដាក់ចេញ​គោលនយោបាយ​ថ្មី​ដើម្បី​ចរចា​ជាមួយ​ខ្លួន​រឿង​រំសាយ​នុយក្លេអ៊ែរ​។ បើ​អាមេរិក​មិនមាន​ការផ្លាស់​គោលនយោបាយ​សមស្រប ឬ​ការ​លក្ខខណ្ឌ​ចរចា​ណា​ដែល​ខុស​ពីមុន​នោះ កូរ៉េខាងជើង​ព្រមាន​ហើយ​ថា អាមេរិក​នឹង​ជួប​ផលវិបាក​ធ្ងន់ធ្ងរ​មិន​ខាន​។ 
 
​ខណៈ​ឱសានវាទ​កំណត់ដោយ​កូរ៉េខាងជើង​ខិតជិត​កាន់តែ​កៀក លោក ត្រាំ ឯណោះ​វិញ ហាក់​មិន​ផ្លាស់ប្ដូរ​ជំហរ​ឡើយ ហើយ​នៅតែ​លើកឡើង​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​លោក គីម ដដែល​។ ប្រាប់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ឡុង​ដ៍​មុន​ជំនួប​មេដឹកនាំ​ណា​តូ លោក ត្រាំ ក៏​សង្ឃឹមថា មេដឹកនាំ​កូរ៉េខាងជើង នឹង​នៅតែ​គោរព​ការប្ដេជ្ញាចិត្ត​លើ​ការលុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ដដែល​។ 
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោក ត្រាំ បាន​រំឭក​ជាថ្មី​ពី​ភាពចាំបាច់​ក្នុងការ​ប្រើ​កម្លាំងយោធា​ក្នុងករណី​ចាំបាច់​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​ឥឡូវនេះ យើង​មាន​យោធា​ដ៏​ខ្លាំង​បំផុត ហើយក៏​ជា​កងទ័ព​ដ៏​ខ្លាំង​លើ​លោក​ដែរ​។ សង្ឃឹមថា យើង​មិនចាំបាច់​ប្រើ​ទេ ប៉ុន្តែ​បើ​ចាំបាច់ យើង​នឹង​ប្រើប្រាស់​កងទ័ព​...​។​» ទាក់ទង​រឿង​បាញ់​គ្រាប់ផ្លោង​វិញ ប្រធានាធិបតី​អាមេរិក​រូបនេះ​លើកឡើងថា លោក គីម ជា​បុរស​រ៉ុក្កែត ព្រោះ​ចូលចិត្ត​បាញ់​មី​ស៊ី​ល​៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com