អន្តរជាតិ
អគ្គលេខាធិការ NATO ៖ បក្សសម្ពន្ធយោធា NATO ត្រូវតែគិតគូរពីការកើនឡើងឥទ្ធិពលរបស់ចិន អគ្គលេខាធិការបក្សសម្ពន្ធយោធា NATO លោក លោក Jens Stoltenberg, រូបភាព៖ AFP
× បក្សសម្ពន្ធយោធា NATO ត្រូវតែផ្តោតសំខាន់លើបញ្ហាសន្តិសុខមួយចំនួន ដែលមានពាក់ព័ន្ធជាមួយការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ខណៈប្រទេសមួយនេះ បង្កើនថវិកាយោធាជារៀងរាល់ឆ្នាំ។ នេះបើតាមការលើកឡើងរបស់លោក Jens Stoltenberg អគ្គលេខាធិការបក្សសម្ពន្ធយោធាNATO នៅថ្ងៃទី៣ ខែធ្នូ។
មេដឹកនាំប្រទេសសមាជិកបក្សសម្ពន្ធយោធាNATOទាំង ២៩ប្រទេស បានជួបប្រជុំគ្នានាទីក្រុងឡុងដ៍នៅថ្ងៃទី៣ ដល់ ៤ ខែធ្នូ ដើម្បីជជែកពីបញ្ហាជាច្រើនជាមួយគ្នា។ ក្នុងបញ្ហាទាំងនោះ អគ្គលេខាធិការបក្សសម្ពន្ធNATO លោក Jens Stoltenberg ក៏បានទទូចឲ្យប្រទេសទាំងអស់ ផ្តោតទៅលើការពង្រីកឥទ្ធិពលយោធារបស់ចិនផងដែរ។
និយាយនៅក្នុងវេទិកាមួយនាទីក្រុងឡុងដ៍ លោកStoltenberg បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ « យើងទទួលស្គាល់ថា ការកើនឡើងនៃឥទ្ធិពលរបស់ចិន គឺមានជាប់ពាក់ព័ន្ធបញ្ហាសន្តិសុខជាមួយប្រទេសសម្ពន្ធមិត្តទាំងអស់»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
បើតាមលោកអគ្គលេខាធិការបក្សសម្ពន្ធ NATO ចិន គឺជាប្រទេសទីពីរ ដែលបានចំណាយថវិការលើវិស័យយោធាក្នុងពិភពលោក ហើយសមត្ថភាពនៃអាវុធចិនទៀតសោត ក៏ទំនើបផងដែរ។ លោក Stoltenberg បានព្រមានថា មីស៊ីលចំងាយឆ្ងាយរបស់ចិន អាចបាញ់រហូតដល់ទ្វីបអឺរ៉ុប និងអាមេរិក។
ជាការពិត កិច្ចការរបស់អង្គការNATO គឺការពារត្រឹមតែទ្វីបអឺរ៉ុប និងអាមេរិកខាងជើងតែប៉ុណ្ណោះ ប៉ុន្តែចិនបានបង្កើនឥទ្ធិពលរបស់ខ្លួនកាន់តែធំឡើងៗ។ តាមការពន្យល់របស់លោកStoltenberg NATO មិនចាំបាច់ពាក់ព័ន្ធទៅក្នុងជម្លោះក្នុងសមុទ្រចិនខាងត្បូងទេ ប៉ុន្តែបក្សសម្ពន្ធយោធាមួយនេះ គួរតែពិចារណាថា ឥទ្ធិពលរបស់ទីក្រុងប៉េកាំងកំពុងខិតមកជិតអង្គការ NATO ។ ជាក់ស្តែងចិនបានវិនិយោគហេដ្ឋារចនាសម្ពន្ធយ៉ាងច្រើន និងប្រព័ន្ធអ៊ីនធឺណិតនៅក្នុងទ្វីបអឺរ៉ុប ។
បើទោះបីជាលើកពីការកើនឡើងឥទ្ធិពលរបស់ចិនក៏ពិតមែន លោក Stoltenberg អះអាងថា ការលើកឡើងបែបនេះ មិនមែនចង់ធ្វើសត្រូវជាមួយទីក្រុងប៉េកាំងឡើយ គ្រាន់តែធ្វើយ៉ាងណាឲ្យបក្សសម្ពន្ធយោធា NATO មានតុល្យភាព ក្នុងប្រឈមមុខជាមួយចិនតែប៉ុណ្ណោះ។
ផ្អែកទៅតាមគេហទំព័រ Army Technology បានបង្ហាញថាការចំណាយលើវិស័យយោធារបស់អាមេរិកគឺមានរហូតដល់ ៧១៧ពាន់លានដុល្លារ ខណៈពេលចិនក្នុងចំណាត់ថ្នាក់ទី២ គឺមានត្រឹមតែ ១៧៧ពាន់លានដុល្លារតែប៉ុណ្ណោះ។ ចំណែកប្រទេស៣ គឺឥណ្ឌា ដែលបានចំណាយថវិការយោធាជាង ៦០ពាន់លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com